សម្តេចតេជោ ហ៊ុន សែន សម្រេចភ្នាល់តាមការបបួលរបស់ សម រង្ស៊ី បើសិនដោះលែង កឹម សុខា សម្តេចនឹងចុះចេញពីតំណែង តែបើមិនដោះលែង សម រង្ស៊ី ត្រូវចូលឱ្យចាប់ខ្លួនភ្លាមៗ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន សម្រេចភ្នាល់តាមការបបួលរបស់ សម រង្ស៊ី បើសិនដោះលែង កឹម សុខា សម្តេចនឹងចុះចេញពីតំណែង តែបើមិនដោះលែង សម រង្ស៊ី ត្រូវចូលឱ្យចាប់ខ្លួនភ្លាមៗ

09/11/2018
(ភ្នំពេញ)៖ នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨នេះ លោក សម រង្ស៊ី បានប្រកាសតាមរយៈ Facebook របស់ខ្លួនដោយបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះ «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឱ្យចាប់ខ្លួន»

ភ្លាមៗឆ្លើយតបនឹងការបបួលភ្នាល់របស់លោក សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្តេចបានសម្រេចភ្នាល់តាមការបបួលរបស់លោក សម រង្ស៊ី ហើយ។ សម្តេចតេជោ បានកំណត់ថា ប្រសិន សម រង្ស៊ី ចាញ់ត្រូវចូលឱ្យចាប់ខ្លួនភ្លាមៗតែម្តង បន្ទាប់ពីបញ្ចប់ការភ្នាល់។
សម្តេចតេជោ ហ៊ុន សែន បានអះអាងបញ្ជាក់ប្រាប់លោក​ លឹម ជាវុត្ថា នាយកប្រតិបត្តិ Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី បើសិនមានការដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់ សម រង្ស៊ី, ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញនោះ នៅចន្លោះពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ទេ, លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួនភ្លាមៗបន្ទាប់ពីបញ្ចប់ការភ្នាល់»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមប្រើប្រាស់សារព័ត៌មាន Fresh News ជាសាក្សី និងឆ្លើយតបជាមួយនឹង Facebook របស់ សម រង្ស៊ី សម្រាប់ការភ្នាល់គ្នានេះ និងសូមប្រកាសឱ្យសាធារណជនជាតិ និងអន្តរជាតិ ជួយធ្វើសាក្សី​ ហើយការភ្នាល់នេះចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ តាមការបបួលភ្នាល់របស់ សម រង្ស៊ី»

ការប្រកាសទទួលភ្នាល់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្តៅៗបន្ទាប់ពី លោក សម រង្ស៊ី បានប្រកាសតាមរយៈ Facebook របស់ខ្លួនដោយបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នាជុំវិញការដោះលែងលោក កឹម សុខា។ លោក សម រង្ស៊ី បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖
«តើលោក ហ៊ុន សែន ហ៊ានភ្នាល់ជាមួយខ្ញុំទេ? កាលពីថ្ងៃ ០៧ វិច្ឆិកា កន្លងទៅនេះ លោក ហ៊ុន សែន បានអះអាងថា គាត់មិនងាយដោះលែងលោក កឹម សុខា ទេ ទាល់តែចាំសេះដុះស្នែង។ ខ្ញុំនៅតែជឿជាក់ថា ក្រោមសម្ពាធអន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ក្នុងពេលឆាប់ៗខាងមុខនេះ។
អាចថ្ងៃ២៩ ធ្នូ ២០១៨ នេះ ឬក៏យ៉ាងយូរបំផុត ថ្ងៃ ០៣ មីនា ២០១៩។ បើលោក ហ៊ុន សែន ចាញ់ខ្ញុំក្នុងការភ្នាល់នេះ គាត់មិនចាំបាច់កាត់កខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់ការកាប់ព្រៃឈើនោះទេ។

ខ្ញុំគ្រាន់តែសុំឱ្យគាត់ចុះចេញពីតំណែង បានហើយ។ តែបើខ្ញុំចាញ់លោក ហ៊ុន សែន វិញ ខ្ញុំសុខចិត្តដើរចូលឱ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា បើមិនបញ្ចូលរឿងអ្វីថ្មី (ដូចជារដ្ឋប្រហារ) ក្រៅពីចំណុចដែលបានលើកឡើងខាងលើនេះ»

ប្រភព៖ Fresh News