ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី ៦៥ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី ៦៥

09/11/2018
(ភ្នំពេញ)៖ នៅថ្ងៃទី ៩ វិច្ឆិកា ព្រឹកមិញនេះ នៅមុខព្រះបរមរាជវាំង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជបន្ទូលប្រកបដោយក្តីសោមនស្សរីករាយក្រៃលែងក្នុងពេលយាងចូលរួមនៅក្នុងទិវារំលឹកខួបឯករាជ្យជាតិទី៦៥នៃបុណ្យឯករាជជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។
ព្រះអង្គបានមានព្រះបន្ទូលថា «ពេលនេះគឺជាឱកាសដ៏មានតម្លៃបំផុតនៃមាតុភូមិយើងដែលបានទទួលនូវឯករាជ្យបរិបូណ៌ និងសិទ្ធិសេរីភាពដ៏ពិសិដ្ឋពីអាណានិគមបារាំងក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។ ព្រះអង្គក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយនិងជូនសម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តមលោកជំទាវ និងបងប្អូនជនរួមជាតិទាំងអស់ដែលកន្លងទៅថ្មីៗនេះបានប្រារព្ធពិធីយ៉ាងមហោឡារិកបំផុតថ្វាយចំពោះការគោរពវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលមានរយៈកាលគម្រប់ខួប៦ឆ្នាំនៃការយាងសោយទីវង្គត់របស់ព្រះអង្គ។
ព្រះមហាក្សត្រនៃកម្ពុជាព្រះអង្គមានព្រះរាជបន្ទួលថា «ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ១៩៥៣មក ព្រះរាជាណាចក្រកម្ពុជាយើងមានឋានៈស្មើនឹងសាធារណរដ្ឋបារាំងមានឋានៈជារដ្ឋឯករាជ្យពេញបរិបូណ៌បន្ទាប់ពីបានទទួលឯករាជ្យពេញលេញហើយ ប្រជាជាតិកម្ពុជាមានឱកាសកសាងជាតិមាតុភូមិដោយផ្ទាល់ ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានស្ថាបនាសង្គមរាស្រនិយមបំពេញព្រះរាជកិច្ចដឹកនាំលើមាគ៌ាដ៏ភ្លឺស្វាងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ»
កម្ពុជាគឺជាប្រទេសអព្យាក្រឹត ជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍ ហើយសមិទ្ធផលនានាជាច្រើនបានកសាងឡើង និងបានប្រារព្ធពិធីសម្ពោធជាបន្តបន្ទាប់សម្រាប់ប្រជារាស្រ្តប្រើប្រាស់នៅតាមខេត្តក្រុងនានាទូទាំងប្រទេស។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកោតសរសើរចំពោះ «សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និង សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលបានប្រារព្ធពិធីបុណ្យខួបឯករាជ្យនេះ ហើយក៏ជាទិវាកំណើតនៃកងយោធពលខេមរភូមិន្ទផងដែរ នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាយើងកំពុងមានស្ថិរភាពនយោបាយនិងសន្តិសុខជាតិដែលត្រូវបានធានាពេញលេញនិងស្របពេលដែលរាជរដ្ឋាភិបាលអណត្តិទី៦នៃរដ្ឋសភាកំពុងតែចាប់ផ្ដើមបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមតាមតួនាទីរបស់ខ្លួនយ៉ាងសកម្ម និងបានកោតសរសើរចំពោះការដឹកនាំលើផ្លូវត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្លាតវៃដែលបានដាក់ចេញនូវនយោបាយដឹកនាំដ៏ត្រឹមត្រូវដែលនាំមកនូវសន្តិសុខភាព និងការរីកចម្រើន»
នៅក្នុងឱកាសនោះដែរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលអំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់ចូលរួមថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី និងធ្វើឲ្យប្រទេសជាតិយើងកាន់តែអភិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ទៀត៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister