សម្តេចតេជោ ហ៊ុន សែន​៖ ឱសថ​ក្លែង​ក្លាយ និង​គ្មាន​គុណភាព​កំពុង​រាល​ដាល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ !!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន​៖ ឱសថ​ក្លែង​ក្លាយ និង​គ្មាន​គុណភាព​កំពុង​រាល​ដាល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ !!!

05/11/2018
ភ្នំពេញ នៅ​ថ្ងៃ​ទី០៥ ខែ​វិច្ឆិកា នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ឱសថ​ក្លែង​ក្លាយ និង​គ្មាន​គុណភាព ដែល​កំពុង​រីករាល​ដាល​។ សម្តេចតេជោ ​ហ៊ុន សែន ចាត់​ទុក​ថា ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ថាបាន​បង្ករ​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​។
នៅ​ក្នុង​ឱកាស​បើក​សន្និសីទ​អន្តរជាតិ ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែង​ក្លាយ និង​អន់​គុណភាព នៅ​ថ្ងៃ​ទី៥ ខែ វិច្ឆិកា សម្តេច ហ៊ុន សែន បាន​ថ្លែង​ថា ឱសថ​ត្រូវ​បាន​ចាត់​ទុក​ជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រព័ន្ធ​ការពារ និង​ព្យាបាល​សុខភាព​ប្រជាជន ដែល​មិន​អាច​ខ្វះ​បាន ប៉ុន្តែ​មាន​ឱសថ​ក្លែង​ក្លាយ និង​អន់​គុណភាព​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម និង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

សម្តេច ​នាយក​រដ្ឋ​មន្ត្រី​បន្ត​ថា បច្ចុប្បន្ន​បញ្ហា​ឱសថ​ក្លែង​ក្លាយ និង​អន់​គុណ​ភាព​កំពុង​រីក​រាល​ដាល​គួរ​ឲ្យ​ព្រួយ​បារម្ភ​។ ក្នុង​នោះ​ផលិតផល​ឱសថ​មួយ​ចំនួន​កំពុង​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ ដែល​ជា​ឱសថ​គ្មាន​ប្រភព​ច្បាស់​លាស់​ក្លែង​ក្លាយ ហើយ​ស្រដៀង​នឹង​ឱសថ​ពិត ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​គ្រប់​គ្រង​។

យោង​តាម​ការ​សិក្សា​ស្រាវ​ជា្រវ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក កាល​ពី​ឆ្នាំ២០១៧ ផលិតផល​ឱសថ​មួយ ក្នុង​ចំណោម​១០​ប្រភេទ​ពី​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម គឺ​ជា​ឱសថ​ក្លែង​បន្លំ ឬ​គ្មាន​គុណ​ភាព​តាម​ស្តង់​ដា​។ អង្គការ​សុខភាព​ពិភព​លោក​បញ្ជាក់​ថា ការ​ប្រើ​ប្រាស់​ឱសថ​ក្លែង​ក្លាយ​មិន​ត្រឹម​តែ​ខាត​បង់​ថវិកា​ទេ ប៉ុន្តែ​គុណ​ភាព​ឱសថ​ទាំង​នោះ អាច​ធ្វើ​ឲ្យ​ស្ថាន​ភាព​ជំងឺ​ធ្ងន់ធ្ងរ ឬ​ឈាន​ដល់​ការ​បាត់បង់​ជីវិត​ទៀត​ផង​។

ដើម្បី​ទប់​ស្កាត់​ឱសថ​ក្លែង​ក្លាយ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​នា​នា ដូច​ជា​ការ​រៀប​ចំ​ពង្រឹង​វិធាន​ច្បាប់, ត្រូវ​ផ្ដន្ទារ​ទោស​យ៉ាង​តឹង​រឹង​ចំពោះ​ជន​ល្មើស, ប្រទេស​នីមួយៗ​គួរ​បង្កើត​ក្រុម​ជំនាញ​ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ល្មើស, បង្កើន​កិច្ច​សហការ​រវាង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅ​តាម​ព្រំដែន​ក្នុង​ការ​បង្រ្កាប, និង​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​រដ្ឋ​និង​អ្នក​ផលិត​ឱសថ​។

​សម្តេច ហ៊ុន សែន ក៏​ចង់​ឲ្យ​មាន​ការ​ផ្តើម​ចេញ​ពី​ទីក្រុង​ភ្នំពេញ​នូវ​ការ​ជជែក​ពី​បញ្ហា​ឱសថ​ក្លែង​ក្លាយ ដាក់​ចូល​ទៅ​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន, កិច្ច​ប្រជុំ​នៃ​បណ្តា​ប្រទេស​មេគង្គ, កិច្ច​ប្រជុំ​អាស៊ីបូព៌ា, ​និង​កិច្ច​ប្រជុំ​អាសុី-អឺរ៉ុប ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។