Apple បានបញ្ចេញកំណែអាប់ដេតចុងក្រោយជំនាន់ iOS12.1 កាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែនៅពេលនេះ គេប្រទះឃើញចន្លោះប្រហោងមួយទៀត ដែលអាចឲ្យអ្នកដទៃចុចទៅបើកមើលលេខទូរសព្ទដោយពុំចាំបាច់ដោះសោរ។ ហើយចន្លោះប្រហោងបែបនេះ កើតឡើងជាច្រើនដងមកហើយ ដោយត្រូវបានគេប្រទះឃើញ និងថតបង្ហោះជារឿយៗ។
មានវីដេអូមួយបានបង្ហាញពីចន្លោះប្រហោងនេះ និងបានអនុវត្តន៍ឱ្យមហាជនបានឃើញ ដោយការចុចប្រើប្រាស់ការខលនៅលើកម្មវិធី FaceTime ថែមទាំងចុចចូលមុខងារបង្កើតក្រុមថ្មីក្នុងកម្មវិធីនេះ ដើម្បីចូលទៅបើកមើលលេខទូរសព្ទក្នុងនោះបាន នៅពេលដែលជាប់សោរ ដូច្នេះអ្នកដទៃក្រៅពីម្ចាស់ក៏លួចមើលលេខទូរសព្ទក្នុងស្មាតហ្វូននោះបានដែរ។ កាលពី iOS12.0.1 មុន បើកចន្លោះប្រហោងឱ្យក្រុម hacker យករូបភាពដែលទើបថតចូលថ្មីបាន ហើយនេះសុទ្ធតែជាករណីគួរតែប្រយ័ត្ន ដើម្បីរក្សាទិន្នន័យផ្ទាល់ខ្លួន មិនឲ្យបែកធ្លាយ។
ចន្លោះប្រហោងលើកនេះមិនសូវធំទេ ដោយកាលពី iOS6.1 នោះ ក្រុម Hacker អាចបើកចូលមើលរាល់ Phone Records, លេខទូរសព្ទ, រូបភាពបានដោយស៊េរី ហើយដល់ iOS7 ក៏នៅតែអញ្ចឹង រហូតដល់ iOS8.1 ទើបស្ងាត់ដំណឹងពីចន្លោះប្រហោងបែបនេះ ដោយ iOS បានដឹងថានោះមកពីចន្លោះប្រហោង DST (Daylight Saving Time)។ សម្រាប់មិត្តអ្នកអាន ដែលជួបបញ្ហានេះ គួរតែប្រុងប្រយ័ត្ននិងមិនត្រូវឱ្យស្មាតហ្វូនទៅនរណាម្នាក់ប្រើឡើយទើបល្អ។
វីដេអូខាងក្រោម៖
សរុបមក Apple ទើបបញ្ចេញកំណែអាប់ដេត iOS12.1 ស្រាប់តែគេប្រទះឃើញចន្លោះប្រហោងថ្មី ដែលធ្វើឱ្យអ្នកដទៃអាចចូលឆែកមើលលេខទូរសព្ទក្នុងស្មាតហ្វូននោះបាន។ ដូចដែលយើងបានឃើញក្នុងវីដេអូខាងលើនេះ ហើយយើងក៏សង្ឃឹមថា Apple នឹងបញ្ចេញកំណែអាប់ដេតមកដោះស្រាយចន្លោះប្រហោងនេះ ក្នុងពេលឆាប់ៗ។
ប្រភព៖ The Verge
