ប្រទេសចិន៖ បុរសម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន ដោយសារតែបោះទារិការបស់គាត់ ដែលទើបនឹងកើត ពីលើច្រាំងថ្ម ចូលទៅក្នុងជ្រលងជ្រោះ ព្រោះខុសបំណងដែលលោកចង់បានកូនប្រុសបែរជាកើតបានកូនស្រី ប្រព័ន្ធផ្សព្វផ្សាយចិន អោយដឹងថា បុរសជាឪពុកចិត្តដាច់ បានលួចយកទារិកា ដែលទើបតែកើតបានប្រហែល៦ម៉ោង ចេញពីមន្ទីរពេទ្យមួយ នៅទីក្រុងកាវចូវ ក្នុងខេត្តក្វាងទុង កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយបានដាក់នាងតូច នៅក្នុងថង់នីឡុងមួយ មុនពេលដែលឪពុកបោះនាងចោល ។
ទោះបីជាយ៉ាងណា រយៈពេល១២ម៉ោង ក្រោយពីឪពុកបោះនាងចោល ចូលក្នុងជ្រោះ ទារិកាកម្សត់នៅរស់រានមានជីវិតនៅឡើយ ពិតជាអព្ភូតហេតុមែន បើតាមទូរទស្សន៍ក្វាចូវ ផ្សាយឱ្យដឹងថា វេជ្ជបណ្ឌិតមួយរូប នៅមជ្ឈមណ្ឌលសុខភាពម៉ីហៃ បានទូរស័ព្ទទៅប្តឹងប៉ូលីស និងប្រាប់ឱ្យដឹងពីឧបទ្ទវហេតុនេះថា ក្មេងស្រីដែលទើបនឹងកើតម្នាក់ បានបាត់ខ្លួនពីមន្ទីរពេទ្យ ។
ក្រុមស៊ើបអង្កេតមួយបានចុះមកស្រាវជ្រាវភ្លាមៗ មន្ត្រីប៉ូលីសចាប់ផ្តើមសង្ស័យទៅលើឪពុករបស់ក្មេងស្រីនោះ ដែលមានឈ្មោះ«លី» បន្ទាប់មក បុរសជាឪពុកម្នាក់នេះ បានសារភាពថា រូបលោកពិតជាបានលួចយកកូនស្រីទើបកើត ចេញពីបន្ទីរពេទ្យមែន ដោយដាក់ចូលទៅក្នុងថង់នីឡុងដ៏ធំមួយ ហើយបោះនាងចោលពីលើច្រាំងថ្មចូលក្នុងជ្រោះ នៅតំបន់ជនបទ នាម៉ោង០១រំលងអាធ្រាត ព្រោះគាត់សង្ឃឹមថា បើមានកូនលើកក្រោយនឹងបានប្រុសមកជំនួសវិញ ។
ភ្លាមៗក្រោយពីឪពុកបានសារភាពនោះ មន្ត្រីប៉ូលីសបានដឹកនាំក្រុមអ្នកជួយសង្គ្រោះ និងក្រុមអ្នកស្ម័គ្រចិត្ត ចុះទៅពីលើផ្ទាំងថ្ម ដើម្បីស្វែងរកនាងតូច ទាំងយប់ អាចនិយាយថា អព្ភូតហេតុហើយព្រោះពេលចុះស្វែងរកនោះ មិនដឹងថា នាងស្លាប់រឺរស់ទេ ? គ្រាន់តែចង់រកសាកសព អោយដឹងការពិតតែប៉ុណ្ណោះ ប៉ុន្តែរំពេចនោះ ក្រុមសង្គ្រោះបានឮសម្រែកយំយ៉ាងខ្លាំងរបស់ទារិកា ទើបពួកគេក៏អាចកំណត់ទីតាំងរបស់នាងប្រហែល៣០ម៉ែត្រ នៅគែមច្រាំងថ្មនៃជ្រោះ ដើម្បីចុះទៅជួយសង្គ្រោះ ។
អ្នកជួយសង្គ្រោះ បានប្រាប់អ្នកយកព័ត៌មានថា នាងតូចនៅរស់ និងរកឃើញ ដោយសារមែកធាងរបស់រុក្ខជាតិជាច្រើនដុះតាមជ្រលង ដែលបានការពារនាងមិនអោយធ្លាក់ និងថង់នីឡុង ជួយការពារនាងពីការរងរបួស ផងដែរ ជាសំណាងល្អនាងមិនបានរងរបួសធ្ងន់ធ្ងរទេ ត្រូវបានរថយន្តជួយសង្គ្រោះដឹកនាំយកទៅមន្ទីរពេទ្យវិញ ។ ពេលនេះនាងមានសុខភាពល្អ និងស្ថិតនៅក្រោមការថែទាំពីម្តាយរបស់នាង ។
មន្ត្រីប៉ូលីសនិយាយថា គ្រួសាររបស់អ្នកស្រី គឺជាអ្នកក្រីក្រ ហើយលោកលី ទីទាល់ក្រខ្លាំង កំពុងស្ថិតនៅក្រោមសម្ពាធហិរញ្ញវត្ថុជាច្រើន(ចំណាយក្នុងគ្រួសារ) ។ បន្ទាប់ពីមានកូនស្រីពីរនាក់ និងកូនប្រុសម្នាក់ ឪពុករូបនេះ ក៏ខកចិត្ត ដោយសារកូនទី៤ របស់លោក ជាកូនស្រី បច្ចុប្បន្ន លោកលី ត្រូវបានឃុំខ្លួន ខណៈពេលដែលការស៊ើបអង្កេតរបស់ប៉ូលីស កំពុងដំណើរការបន្ត ។
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននៅចិន បានរិះគន់ឪពុកដែលគ្មានមេត្តារូបនេះ ដោយអ្នកខ្លះថា «នេះគឺជាឃាតកម្ម ព្រោះឪពុកប៉ុនប៉ងសម្លាប់កូនស្រី» បុរសនេះមិនសមជាឪពុកគេឡើយ ។ យ៉ាងណាសូមអោយនាងតូចរឹងមាំ និងមានសុខភាពល្អអស់មួយជីវិត ។ អ្នកខ្លះទៀត និយាយថា «ឪពុកឃោរឃៅបែបនេះ គួរតែត្រូវបានគេបោះចោលចូលជ្រោះជំនួសវិញ» ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)