មហាសមុទ្រជាច្រើននៅលើផែនដី កំពុងតែកើនឡើងកម្ដៅខ្ពស់ជាងការគិតពីមុន ហើយវាអាចមានន័យថាពិភពលោកមានពេលតិចជាងមុនដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ។ យោងតាមការសិក្សាមួយ បង្ហាញថាសមុទ្របានស្រូបយកកម្ដៅជាង ៦០ ភាគរយក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយច្រើនជាងអ្វីដែលអ្នកវិទ្យាសាស្ត្រគិតទុកទៅទៀត។ នេះមានន័យថា ផែនដីងាយទទួលរងការបំភាយឧស្ម័នឥន្ធនៈជាងការគិត និងអាចឡើងក្តៅកាន់តែលឿនជាងការព្យាករនៅឆ្នាំខាងមុខ។
លើសពីនេះទៀត វានឹងមានការលំបាកក្នុងការរក្សាការឡើងកម្ដៅផែនដីឱ្យនៅត្រឹមកម្រិតសុវត្ថិភាពក្នុងសតវត្សនេះ ដោយបង្កើនសម្ពាធលើកិច្ចប្រឹងប្រែងជាអន្តរជាតិដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស។
យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវព្រមានថា មេដឹកនាំពិភពលោកទាំងអស់នឹងត្រូវអនុវត្តសកម្មភាពមិនធ្លាប់មានពីមុនមកក្នុងទសវត្សខាងមុខ ដើម្បីរក្សាការកើនឡើងកម្ដៅជាមធ្យមឲ្យនៅក្រោម ២អង្សារដែលជាគោលដៅដ៏សំខាន់កំណត់ដោយកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស៕
ប្រភព៖ Dailymail