នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសត្រៀមថវិកា១០លានដុល្លារ សម្រាប់ឧបត្ថម្ភដល់កម្មការិនីសម្រាលកូន ក្នុងឆ្នាំ២០១៨នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសត្រៀមថវិកា១០លានដុល្លារ សម្រាប់ឧបត្ថម្ភដល់កម្មការិនីសម្រាលកូន ក្នុងឆ្នាំ២០១៨នេះ

31/10/2018
(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានប្រកាសថា នៅក្នុងឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិការហូតដល់១០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឧបត្ថម្ភដល់កម្មការរិនីសម្រាប់កូន។

ការប្រកាសបែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន បន្តចុះជួបសំណេះសំណាលជាមួយ កម្មករនិយោជិតជាង៦,៧០០នាក់​ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីខកខានជាង១ខែ ក្នុងការជួបសំណេះសំណាល ដោយសារតែការបំពេញបេសកកម្ម ជាបន្តបន្ទាប់នៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឆ្នាំនេះយើងបានត្រៀមថវិការហូតទៅដល់១០លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្ដែមកដល់ពេលនេះ ចំនួនកូនដែលបានកើត មានត្រឹមតែជាង៥ម៉ឺន២ពាន់នាក់តែប៉ុណ្ណោះ អ្នកដែលឆ្លងទន្លេ គឺ៥ម៉ឺន១ពាន់ តែកូនជិត៥ម៉ឺន២ពាន់ ដោយសារតែមានកូនភ្លោះ»
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «ប្រាក់នេះចាយមិនអស់ មិនមែនបានសេចក្ដីថា កូនមិនកើតទេ គឺសហគ្រាសមួយចំនួនមិនទាន់បានមកចុះបញ្ជីជាមួយនឹងបេឡាជាតិ សន្ដិសុខសង្គម ដែលយើងអំពាវនាវឱ្យម្ចាស់សហគ្រាស ទាំងឡាយ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធឲ្យមកចុះបញ្ជីដើម្បីឲ្យស្ដ្រីជាកម្មការិនី ទទួលបាននូវអត្ថប្រយោជន៍ ពីគោលនយោបាយគាំពារសង្គមរបស់យើង»

ជាមួយគ្នានោះ សម្ដេចតេជោ ក៏ឲ្យមានការបន្ដត្រួតពិនិត្យនៅកាតព្វកិច្ចបង់វិភាគទាន របបសន្ដិសុខសង្គម ផ្នែកថែទាំសុខភាព ដែលមុននេះកម្មករបង់៥០ភាគរយ និងម្ចាស់រោងចក្របង់ ៥០ភាគរយ ក៏ប៉ុន្ដែក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ម្ចាស់រោងចក្រត្រូវបង់ជំនួសកម្មករចំនួន១០០ភាគរយតែម្ដង ដែលធ្វើឱ្យកម្មករទទួលនូវប្រាក់ចំណេញក្នុងមួយខែ ពី៨ពាន់ ទៅ១ម៉ឺន៣ពាន់រៀលក្នុងមួយខែ ហើយត្រូវបន្ដរឿងនេះនៅក្នុងឆ្នាំជាបន្ដទៀត។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ថែមទៀតថា ត្រូវពិនិត្យជាប្រចាំនៅថ្លៃឈ្នូល ថ្លៃផ្ទះ ថ្លៃអគ្គិសនី ដែលនៅតាមតំបន់កម្មករស្នាក់នៅ ហើយសូមឱ្យបន្ដការខិតខំ ដើម្បីតទឹក តភ្លើង ទៅជាមួយ នឹងផ្ទះកម្មករ ដែលពង្រីកថ្មីៗ ដែលសូមឱ្យក្រសួងឧស្សាហកម្មរ៉ែ, ក្រសួងកសិកម្ម, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បន្ដការយកចិត្តទុកដាក់តបណ្ដាញទឹក ទៅកាន់តំបន់ ផ្ទះកម្មករដែលកសាងថ្មីៗ។

ទន្ទឹមនឹងនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យខាងផ្នែកក្រសួងរ៉ែ និងថាមពល, ក្រុមហ៊ុនអគ្គិសនី ត្រូវបន្ដតភ្លើង ទៅកាន់ទីកន្លែងណា ដែលមានផ្ទះកម្មករកសាងថ្មីៗ ដើម្បីធ្វើយ៉ាងណាឲ្យកម្មករ-កម្មការិនី ទទួលបាននូវប្រាក់ចំណូលខ្ពស់ ប៉ុន្ដែចំណាយទៅវិញតិច។

សម្ដេចតេជោ បន្ដទៀតថា ត្រូវបន្ដយកចិត្ដទុកឱ្យអនុវត្ដ អំពីសោធននិវត្តន៍ សម្រាប់កម្មករនិយោជិត នៅឆ្នាំ២០១៩, ខាងមុខនេះ កម្មករ-កម្មាការិនី ក៏មានប្រាក់សោធននិវត្តន៍ ដូចមន្ដ្រីរាជការផងដែរ ប៉ុន្ដែមិនមែនធ្វើការមួយថ្ងៃ មួយខែ ឬមួយឆ្នាំ គ្រប់គ្រាន់ គ្រប់លក្ខណៈសម្បត្ដិ ដើម្បីទទួលប្រាក់សោធននិវត្តន៍ នៅពេលដែលខ្លួនចាស់ទៅនោះទេ ត្រូវធ្វើការងារឲ្យ គ្រប់កំណត់តាមច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «កម្មករ-កម្មាការិនីទាំងអស់ ត្រូវរក្សាទុកនូវសៀវភៅការងារ ឲ្យបានជាប់នៅក្នុងដៃ ព្រោះថា សៀវភៅការងារ គឺជាសៀវភៅសម្រាប់ជីវិតរបស់យើងតែម្ដង...ឧទាហរណ៍ យើងធ្វើការនៅក្នុងរោងចក្រ រយៈពេល៥ឆ្នាំ ចឹងពេលដែលផ្ទេរទៅកាន់រោងចក្រមួយទៀត គេមិនបានកត់ត្រា ពីមួយថ្ងៃឡើងទៅទេ គឺគេកត់ត្រាពី៥ឆ្នាំ ១ថ្ងៃឡើងទៅ»



ប្រភព៖ Samdech Hun Sen, Cambodian Prime Minister