អំឡុងពេលដែលកំពុងប្រកាសចេញ iPad Pro ជំនាន់ថ្មី ទាំង 2 ម៉ូឌែល បង្ហាញជូនអ្នកទស្សនាគ្រប់គ្នា អោយបានឃើញនោះ ខាង Apple ក៏បានឆ្លៀតបញ្ចេញប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.1 ជាកំណែអាប់ដេតផ្លូវការ ផងដែរ។ ចង់ដឹងទេថា កំណែអាប់ដេត iOS 12.1 ដែលក្រុមហ៊ុនផ្លែប៉ាម បានដាក់ចេញ អោយតម្លើងជាសាធារណៈនេះ មានអ្វីប្លែកខ្លះ?
កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងបញ្ហា Software លើកាមេរ៉ាខាងមុខរបស់ iPhone XS និង iPhone XS Max ដែលបានតម្លើងមកកាន់ iOS 12.0.1 ជាផ្លូវការ ដោយទូរស័ព្ទមួយចំនួនតូចនោះ មិនដំណើរការមុខងារ Smart HDR ខណៈពេលដែលថតរូប Selfie ចេញពីកាមេរ៉ាខាងមុខ ។
ឯការចាប់សាច់ Detail ក៏ហាក់នៅមិនទាន់បានល្អ។ យ៉ាងណា ខាងក្រុមហ៊ុន Apple ធ្វើការសន្យាថា ពួកគេនឹងបញ្ចេញ iOS 12.1 ជំនាន់ថ្មី ដើម្បីដោះស្រាយបញ្ហាមួយនេះ សម្រាប់អ្នកប្រើប្រាស់។
ជាក់ស្តែង កំណែអាប់ដេតលើប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.1 នេះ ក៏ត្រូវបានចេញផ្លូវការ បន្ទាប់ពីបានបញ្ចប់ជំនាន់សាកល្បងរួចមក ដោយវាបានដោះស្រាយបញ្ហា នៃមុខងារ HDR ចេញពីកាមេរ៉ាមុខរបស់ iPhone XS & XS Max។
លើសពីនេះ វាបានបញ្ចេញ Group FaceTime សារជាថ្មីម្តង បន្ទាប់ពីត្រូវបានដកចេញ បន្ថែម Emoji ថ្មីៗ ចំនួន 70 រូប និងជួយអោយ Support លើម៉ាស៊ីន iPhone XR, XS & XS Max មួយចំនួន (ប្រភេទស៊ីម 2) ជាមួយដំណើការសេវា eSIM។ ក្នុងនោះ វាក៏បានដោះស្រាយបញ្ហាតូចៗមួយចំនួនលើ iDevices ចាស់ អោយត្រលប់មកភាពល្អប្រសើរ ផងដែរ។
យ៉ាងណា សម្រាប់អ្នកដែលកំពុងប្រើ iPhone ហើយជួបបញ្ហាដូចខាងលើ គឺអាចតម្លើងមកកាន់ iOS 12.1 ជំនាន់ផ្លូវការនេះបាន ប៉ុន្តែប្រសិនបើគ្មានបញ្ហាអីនោះទេ មិនចាំបាច់តម្លើងក៏បានដែរ។
អញ្ចឹងសម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ទាំង iOS 12.0.1 ឬ ក្រោមហ្នឹង ជាផ្លូវការទាំងអស់ បើមានចំណាប់អារម្មណ៍ អាចតម្លើងមក iOS 12.1 ផ្លូវការនេះបាន
របៀបតម្លើង៖ ចូលទៅកាន់ Settings > General > Software Update > Download & Install ជាការស្រេច ៕ សូមធ្វើការតម្លើង ដោយភ្ជាប់សេវា តាមរយៈ Wi-Fi និងមានថ្មសល់យ៉ាងតិច 50%!
ដោយ៖ ឡៃហ៊ាង
ប្រភព៖ GSM Arena
