ទីក្រុងហុងកុង៖ នាយកគ្រប់គ្រងក្រុមហ៊ុន Ngong Ping 360 អ្នកស្រី Stella Kwan Mun-yee សង្ឃឹមថា ស្ពាន៥៥គីឡូម៉ែត្រដែលឆ្លងកាត់ហុងកុង ជូហៃ(Zhuhai) និងម៉ាកាវ មិនត្រឹមតែនាំយកអ្នកដំណើរកាន់តែច្រើនទេ តែក៏ជួយដល់វិស័យទេសចរណ៍ផងដែរ អ្នកស្រីជឿជាក់ថា កោះLantau ដែលជាកោះធំជាងគេរបស់ហុងកុង អាចក្លាយជាមណ្ឌលទេសចរណ៍ថ្មីមួយ ព្រោះតែស្ពានខាងលើ ។
អ្នកស្រីបានឲ្យដឹងទៀតថា ៖« តាំងពីពួកយើងបានចាប់ផ្តើមអាជីវកម្មនៅកោះLantau កាលពី១២ឆ្នាំមុន ការអភិវឌ្ឍនៅយឺតយ៉ាវនៅឡើយ ហើយហុងកុងមិនបានបង្កើតទីតាំងទេសចរណ៍ធំៗឡើយក្នុងរយៈពេល២ទៅ៣ឆ្នាំមកនេះ។ ពួកយើងបានរង់ចាំស្ពាននេះជាយូរមកហើយ និងរំពឹងដល់ថ្ងៃដែលសម្រេចការសាងសង់ផ្លូវយន្តហោះទីបី និង Skycity (នៅអាកាសយានដ្ឋានអន្តរជាតិហុងកុង) ផងដែរ »។
គួរបញ្ជាក់ផងដែរថា ក្រៅពីស្ពានដែលតភ្ជាប់កោះនេះទៅហុងកុង និងម៉ាកាវ ហើយ កោះ Lantau ក៏មានការអភិវឌ្ឍ Skycity តម្លៃប្រមាណ២,៥ប៊ីលានដុល្លារផងដែរក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ដំណាក់កាលទីមួយនៃគម្រោងខាងលើត្រូវបានគិតថា នឹងសម្រេចនៅឆ្នាំ២០២៣ ខណៈដែលដំណាក់កាលដទៃទៀត នឹងចាប់ដំណើរការរហូតដល់ដំណាក់កាលចុងក្រោយសម្រេចការសាងសង់នៅឆ្នាំ ២០២៧ ។
គណៈកម្មាធិការទេសចរណ៍ហុងកុងបានព្យាករណ៍ថា ស្ពាន និងផ្លូវរថភ្លើងឆ្លងព្រំដែនថ្មីនឹងជួយបង្កើនចំនួនភ្ញៀវទេសចរទៅកាន់ទីក្រុងប្រមាណ៣,៦% មកស្មើនឹងប្រមាណ៦០លាននាក់ឯណោះ លោក Allan Zeman ស្ថាបនិករបស់ក្រុមហ៊ុន Lan Kwai Fong បានឲ្យដឹងថា ៖«ភ្ញៀវបរទេសជាច្រើនមកពីអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងកូរ៉េ បានមកកាន់ហុងកុង ឬជប៉ុនប៉ុន្តែពេលនេះពួកយើងមានអ្វីថ្មីដើម្បីឲ្យមនុស្សមកកាន់តំបន់ Greater Bay និងមកកាន់ទីក្រុងទាំងនេះហើយ »។
លោក Chris Yoshii ប្រធានផ្នែកដំណើរកម្សាន្តនៅក្រុមហ៊ុន Aecom បានព្យាករណ៍ថាចំនួនអ្នកដំណើរមកកាន់តំបន់ Greater Bay នឹងកើនឡើងរវាងពី៥ទៅ១០%ក្នុងមួយឆ្នាំ ខណៈដែលមានទីផ្សារអាមេរិកអាចនឹងកើនរវាងពី២ទៅ៣% គួររំឭកថា កាលពីថ្ងៃទី២៣ តុលា កន្លងមក ប្រទេសចិនបានសម្ពោធដាក់ឲ្យដំណើរការស្ពានវែងជាងគេបំផុតនៅលើពិភពលោកដែលតភ្ជាប់ពីទីក្រុងហុងកុង ជូហៃ និងម៉ាកាវ ដែលមានប្រវែង៥៥គីឡូម៉ែត្រ ក្រោមអធិបតីភាពលោកប្រធានាធិបតី ស៊ី ជិនពីង ស្ពាននេះបានចំណាយពេលសាងសង់រយៈពេល៩ឆ្នាំ និងប្រើប្រាស់ថវិកាប្រមាណ១៨ពាន់លានដុល្លារអាមេរិក ។
ការបើកដំណើរការស្ពាននេះ នឹងនាំមកនូវឱកាសជាច្រើន សម្រាប់ការអភិវឌ្ឍ ព្រមទាំងនាំយកអត្ថប្រយោជន៍ពិតប្រាកដ និងជាក់ស្ដែងមកជូនដល់តំបន់ទាំងបី(ហុងកុង-ជូហៃ និងម៉ាកាវ) លោក ចូ ហ្វ៉ាង ប្រធានក្រុមអ្នកស្រាវជ្រាវ វិទ្យាសា្ថនស្រាវជ្រាវប្រទេសមួយប្រព័ន្ធពីរ បានឲ្យដឹងថា ៖« ទីក្រុងទាំងឡាយដែលស្ថិតនៅប៉ែកខាងកើត និងប៉ែកខាងលិចស្ពាននេះ នឹងជួយយឹតយោងគ្នាទៅវិញទៅមក »។ លោកថា ៖« ស្ពាននេះ នឹងជំរុញយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ នៃតំបន់ជ្រោយទន្លេគុជ ។ ប៉ែកទាំងសងខាង សុទ្ធតែសម្បូរប្រភពទេសចរណ៍ដូចគ្នា ។ ដូច្នេះ ស្ពាននេះនឹងជួយឲ្យតំបន់នេះ អាចបង្កើតបណ្តុំកន្លែងទេសចរណ៍មួយបាន »៕
