រតនគិរី ៖ នារីម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណ ចាប់ដៃទាញចូលទៅក្នុងព្រៃ ចាប់រំលោភ រហូតបានសម្រេច ខណៈដែលនាងវិលត្រឡប់មកពីរាប់បាត់លោកនៅវត្តក្នុងភូមិ នាថ្ងៃភ្ជុំបិណ្ឌនោះ ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១១ និង០១នាទី ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រោយបរិវេណ វត្តសោភ័ណ្ឌ ហៅវត្តជំរុំបីស្រុក ភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។
មន្ត្រីនគរបាលឃុំកាឡែង បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស.ន.ន. ជ.វ. អាយុ១៧ឆ្នាំ ជនជាតិទំពួន (ជនរងគ្រោះជាមនុស្សមានសតិមិនប្រក្រតី) ។ រីឯជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ក្រោយកើតហេតុបានគេចខ្លួនបាត់ ។
តាមមន្ត្រីនគរបាល បន្តថា នៅមុនពេលកើតហេតុ នាវេលាម៉ោងប្រហែល១១ព្រឹក ថ្ងៃទី៩ ខែតុលា ជនរងគ្រោះក្រោយពីរាប់បាត្រ នៅវត្តរហូតលោកសង្ឃឆាន់រួច ក៏បានយកម្ហូបនិងបាយ ដើរត្រឡប់មកផ្ទះវិញ តាមផ្លូវក្រោយវត្តតែម្នាក់ឯង (ជាផ្លូវស្ងាត់) លុះពេលដើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានមកចាប់ដៃនាង ទាញចូលទៅក្នុងព្រៃមានចំងាយពីផ្លូវប្រហែល៣ម៉ែត្រ រួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ។
មន្ត្រីនគរបាល បញ្ជាក់ថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបំរុងរត់គេចខ្លួន តែត្រូវបងប្រុសជនរងគ្រោះទៅទាន់ ក៍ទាញទូរស័ព្ទមកថតបានបន្តិច តែត្រូវជនសង្ស័យឆ្លើយដោះសារថា ខ្លួនមិនបានប្រព្រឹត្តទេ ហើយជនសង្ស័យបានជិះម៉ូតូ(ដែលខ្ចីគេ) យកមកទុកចោលនៅក្នុងវត្ត រួចរត់គេចខ្លួនទៅបាត់តែម្តង ។ ស្របពេលនោះ នារីជនរងគ្រោះបានយំស្រែកថា ឈឺណាស់ៗ អាប៉ាកាច់ រំលោភអញ់ ហើយរត់បាត់.. ។
បន្ទាប់ពីទទួលបានការរាយការណ៍ផ្ទាល់មាត់ពីសំណាក់បងប្រុសនារីរងគ្រោះនោះ កម្លាំងប៉ុស្តិ៍បានចុះពិនិត្យកន្លែងកើតហេតុនិងតាមរកជនសង្ស័យនោះដែរ រកគ្រប់កន្លែងតែរកមិនឃើញ ហើយនគរបាលនឹងបន្តស្វែងរកជនសង្ស័យ ដើម្បីនាំខ្លួនមកទទួលទោសតាមច្បាប់ ៕