ទីបំផុត! បងប្អូនកូរ៉េទាំងពីរ ដកហូតអាវុធចេញពីតំបន់សន្តិសុខរួម JSA ទាំងស្រុងហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត! បងប្អូនកូរ៉េទាំងពីរ ដកហូតអាវុធចេញពីតំបន់សន្តិសុខរួម JSA ទាំងស្រុងហើយ

25/10/2018
(សេអ៊ូល)៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានដកហូតអាវុធ និងប៉ុស្តន៍យាមកាមចេញពីតំបន់សន្តិសុខរួម (JSA) ស្ថិតនៅក្នុង តំបន់គ្មានយោធា (DMZ) ទាំងស្រុងហើយ នៅថ្ងៃព្រហស្បតិ៍នេះ ហើយដែលនេះគឺជាសញ្ញាវិជ្ជមានថ្មីមួយទៀតនៃការផ្សះផ្សា ទំនាក់ទំនងឡើងវិញរវាងបងប្អូនកូរ៉េទាំង២។ នេះបើតាមក្រសួងការពារជាតិកូរ៉េខាងត្បូងដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទៀតថា យោធាកូរ៉េខាងត្បូង និងកូរ៉េខាងជើង រួមទាំងទីបញ្ជាការអង្គការសហប្រជាជាតិ បានដករាល់កាំភ្លើង អាវុធ និងប៉ុស្ដន៍យាមកាមចេញពីតំបន់ JSA នៅម៉ោង១រសៀល (ម៉ោងនៅក្នុងតំបន់)។
ការសម្រេចចិត្តដកហូតអាវុធនេះ ត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងគ្នាពីប្រមុខការពារជាតិកូរ៉េទាំង ២ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅឯទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញា រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ក៏ប៉ុន្តែទន្ទឹមគ្នា ទាហានគ្មានអាវុធ៣៥នាក់ ទាំងខាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងនឹងត្រូវដាក់ ឱ្យឈរជើងនៅក្នុងតំបន់ JSA។

គួរបញ្ជាក់ថា៖ ចាប់តាំងថ្ងៃទី០១ ខែតុលាមក យោធាមកពីកូរ៉េខាងជើង និងកូរ៉េខាងជើង បានដឹកនាំប្រតិបត្តិការមួយមានរយៈពេល ២០ថ្ងៃ ដើម្បីដោះគ្រាប់មីនក្នុងតំបន់ JSA ដែលត្រូវបានកប់នៅក្រោមដី បន្ទាប់ពីកូរ៉េចែកជាពីរ ក្រោយសង្រ្គាមកូរ៉េបញ្ចប់នៅឆ្នាំ ១៩៥០-​១៩៥៣៕