លោក Ron Paul ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ Russian Today។ ថ្លែងនាឱកាសនោះ អតីតសមាជិក សភារូបនេះបានលើកឡើងដូច្នេះថា៖ «យើងមានអាវុធគ្រប់គ្រាន់ ហើយមិនត្រឹមតែអាចបំផ្លាញខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏អាច បំផ្លាញពិភពលោកដល់ទៅ១០»។ លោក Ron Paul បន្ថែមទៀតថា សហរដ្ឋអាមេរិកមិនចាំបាច់ព្រួយបារម្ភពីកង្វះខាតអាវុធនោះ ឡើយ តែទោះជាមានអាវុធគ្រប់គ្រាន់ ទីក្រុងវ៉ាស៊ីនតោននៅតែត្រូវការអាវុធបន្ថែម នោះគឺដោយសារតែចិន ដែលត្រូវបានគេមើល ឃើញថាបានធ្វើទំនើបកម្មយោធាពីមួយឆ្នាំទៅមួយឆ្នាំ។ «រដ្ឋាភិបាលអាមេរិក និងឧស្សហកម្មយោធាអាមេរិកចង់បានអាវុធ កាន់តែច្រើន ព្រោះមកពីចិន។ ចិនកំពុងធ្វើទំនើបកម្មអាវុធគ្រប់ភេទ ដូច្នេះហេតុអ្វីបានជាយើងមិនអាចធ្វើគ្នានេះបាន?»។
គួរបញ្ជាក់ថា៖ ការលើកឡើងរបស់អតីតសមាជិកសភាអាមេរិក លោក Ron Paul ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថាទីក្រុងវ៉ាស៊ីនតោន នឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរដើម្បីដាក់សម្ពាធលើចិន និងរុស្ស៊ី ខណៈលោក បានព្រមានដកសហរដ្ឋអាមេរិកចេញពីសិទ្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយទីក្រុងម៉ូស្គូ៕