“ផ្លូវជាតិលេខ៤៨” ត្រូវបានរការខូចខាត ដោយដល់អាយុកាល និងដោយសារការដឹកលើសទម្ងន់កំណត់ ព្រមទាំងស្ថានភាពអាកាសធាតុ ដែលមានភ្លៀងឥតឈប់ឈរនៅតំបន់នោះ ហើយត្រូវស្ថាបនាឡើងវិញ ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ក្រសួងសាធារណៈការផ្ទាល់ ត្រៀមលុយប្រមាណ ១២លានដុល្លារ នឹងជួសជុលឱ្យរួចរាល់ទាំងស្រុង មុនពិធីបុណ្យសមុទ្រនាថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ។
ដោយគិតត្រឹមសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០១៨ ផ្លូវនេះជួសជុលបានជាង ៧០ភាគរយហើយ។ ការជួសជុល មានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិលទៅដល់ទីរួមខេត្តកោះកុង ដែលក្នុងនោះប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងទៀត។
ផ្លូវនេះត្រូវបានបែងចែកជា ៩១កំណាត់ខ្លីៗដើម្បីជួសជុល អោយបានទាន់ពេលវេលា ដោយកម្លាំងចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កងវិស្វកម្ម និងភាគីពាក់ព័ន្ធ ប្រើប្រាស់គ្រឿងចក្រសរុប ១១៤គ្រឿង។
ជាមួយគ្នានេះផងដែរ ក្រុមការងារក៏ បន្តចុះត្រួតពិនិត្យការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៤៨ និងពិនិត្យភាពធន់នៃស្រទាប់ផ្លូវ Dinamic Cone Penetration test ( DCP) និងជួបប្រជុំដាក់ទិសដៅ រៀបចំផែនការ អនុវត្តការងារជួសជុលក្នុងកំណាត់នីមួយៗ ឲ្យបានទាន់ពេលវេលា។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT