សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យពន្លឿនការហោះហើរត្រង់ ដឹកអ្នកដំណើររវាងតួកគី-កម្ពុជា និងធានាជូនអ្នកវិនិយោគទាំងអស់នូវសន្តិភាព សន្តិសុខ និងម៉ាក្រូសេដ្ឋកិច្ច - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យពន្លឿនការហោះហើរត្រង់ ដឹកអ្នកដំណើររវាងតួកគី-កម្ពុជា និងធានាជូនអ្នកវិនិយោគទាំងអស់នូវសន្តិភាព សន្តិសុខ និងម៉ាក្រូសេដ្ឋកិច្ច

21/10/2018
(តួកគី)៖ ក្នុងគោលបំណងជំរុញ កំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៃប្រទេសកម្ពុជា-តួកគី សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ ពន្លឿននូវសកម្មភាពក្នុងការជំរុញ ឲ្យមានការហោះហើរត្រង់ ដឹកអ្នកដំណើររវាងតួកគី-កម្ពុជា ហើយដើម្បីផ្តល់ជំនឿចិត្តដល់វិនិយោគិនតួកគី រាជរដ្ឋាភិបាលកម្ពុជា សូមធានាជូនអ្នកវិនិយោគទាំងអស់នូវសន្តិភាព សន្តិសុខ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ការស្នើយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាធុរកិច្ច កម្ពុជា-តួកគី ដែលធ្វើឡើងនៅទីស្នាក់ការ សភាពាណិជ្ជកម្មអ៉ីស្តានប៊ុល នាទីក្រុង​អីស្តានប៊ុល សាធារណរដ្ឋតួកគី និងមានការចូលរួមពីឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល ផ្នែកឯកជនតួកគី ឥស្សរជន និងផ្នែកធុរកិច្ច ទៅពីកម្ពុជាជាច្រើនរូប នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីជំរុញកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៃប្រទេសយើងទាំងពីរ ខ្ញុំសំណូមពរឲ្យភាគីពាក់ព័ន្ធ ពន្លឿនសកម្មភាពក្នុងការជំរុញ ឲ្យមានការហោះហើរត្រង់ ដឹកអ្នកដំណើររវាងតួកគី និងកម្ពុជា»

សម្ដេចតេជោ បានបញ្ជាក់ថា «ដោយបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍តួកគី បានហោះហើរត្រង់ទៅកាន់កម្ពុជា រួចស្រេចទៅហើយ ប៉ុន្ដែនោះគឺជាការដឹកទំនិញ...សង្ឃឹមថា ទន្ទឹមនឹងការដឹកទំនិញ យើងក៏អាចដឹកមនុស្ស តាមរយៈជើងយន្ដហោះ ជើងហោះហើរបានដែរ ដើម្បីពង្រីកសកម្មភាពទេសចរណ៍ ទៅវិញទៅមក»
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗ របស់ប្រទេសកម្ពុជា ដូចជា៖​

១. កត្តាស្ថិរភាពនយោបាយ និងសន្តិសុខក្នុងប្រទេស បានធ្វើឲ្យកម្ពុជាស្ថិតនៅលើនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងអត្រាកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យម៧ភាគរយ។

២. កម្ពុជាស្ថិតនៅលើទីយុទ្ធសាស្ត្រ ក្នុងប្រវត្តិអាស៊ានដែលជាតំបន់ បាននិងកំពុងក្លាយទៅជារោងចក្រនៃអាស៊ាន ហើយម្យ៉ាងទៀត កម្ពុជាក៏ស្ថិតនៅក្នុងចំណុចកណ្ដាល នៃតំបន់មេគង្គដែលជាតំបន់មានកំណើនសេដ្ឋកិច្ច តភ្ជាប់ខ្ពស់ជាងគេ សំរាប់ការអភិវឌ្ឍឧស្សាហកម្ម ផលិតកម្ម និងសេវាកម្មជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់។

៣. កម្លាំងពលកម្មដែលមានភាពសម្បូរបែប ដែលក្នុងនោះ ដែលមានអាយុត្រឹម៣៥ឆ្នាំ ចុះមានចំនួនរហូតដល់៧២ភាគរយ នៃចំនួនពលកម្មសរុប គួបផ្សំនឹងការកើនឡើង នៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងជាវណ្ណៈកណ្តាល នឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់នេះ។

៤. កម្ពុជា បានបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេស ហើយបរទេសអាចវិនិយោគបាន១០០ភាគរយតែម្តង។

៥. ទំនិញផលិតនៅកម្ពុជា មិនត្រឹមតែផ្គត់ផ្គង់លើទីផ្សារកម្ពុជាប៉ុណ្ណោះទេ គឺមានការនាំចេញទៅកាន់ទីផ្សារអនុតំបន់មេគង្គ ដែលមានអតិថិជនប្រមាណជា២៥០លាននាក់ និងទីផ្សារអាស៊ានជាច្រើនទៀត។

៦. កម្ពុជា បាននិងកំពុងធ្វើសមាហរណកម្ម នៃការតភ្ជាប់តាមប៉ូលសេដ្ឋកិច្ចសំខាន់ៗទៀត ក្នុងតំបន់ដែលបង្កើតបាននូវប្រព័ន្ធឡូជីស្ទីក និងលើកកម្ពស់ជីវភាពប្រជាជន។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្ត ដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកដែលមានបំណងមកវិនិយោគនៅកម្ពុជា សូមចាប់ផ្តើមមកវិនិយោគ ហើយសម្ដេច ក៏សូមធានាជូនអ្នកវិនិយោគទាំងអស់នូវសន្តិភាព សន្តិសុខ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយក្របខ័ណ្ឌច្បាប់ប្រកប ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕



ប្រភព៖ Samdech Hun Sen, Cambodian Prime Minister