រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មាន​ អំពីលទ្ធផល និងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជា ក្នុងមហាសន្និបាតសហភាពអន្ដរសភា IPU លើកទី១៣៩ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មាន​ អំពីលទ្ធផល និងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជា ក្នុងមហាសន្និបាតសហភាពអន្ដរសភា IPU លើកទី១៣៩

19/10/2018
(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីលទ្ធផល និងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជាដែលដឹកនាំដោយ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន VOB News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។

​មហាសន្និបាតនេះ ដឹកនាំដោយ​លោកស្រី ហ្គាប្រ៊ីឡា គូអេវ៉ាស បារ៉ុន ប្រធានអង្គប្រជុំ ដែលមានអ្នកចូលរួមចំនួន១,៣០០រូប មកពី​១៣០ប្រទេស មានប្រធានសភាចំនួន៥០ និងអនុប្រធានសភាចំនួន៤០ រួមទាំង​សមាជិក សមាជិកាសភា​ចំនួន៧០០នាក់ ក្នុងនាមជាសមាជិកសភាវ័យក្មេងចំនួន២០% និង៣៣% សមាជិកសភាជាស្រ្តី។
នៅក្នុងព្រឹត្តិការណ៍នេះ គណៈប្រតិភូសភាកម្ពុជា បានចូលរួមក្នុងសម័យប្រជុំពេញអង្គ និង​កិច្ចប្រជុំពាក់ព័ន្ធចំនួន១៣ទៀត រួមមាន៖ កិច្ចប្រជុំអាស៊ានបូកបី, កិច្ចប្រជុំសម្របសម្រួលរបស់សភាតំបន់អាស៊ី(APA), កិច្ចប្រជុំក្រុមភូមិសាស្ត្រ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APG), កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី១ សន្តិភាព និងសន្តិសុខអន្តរជាតិ, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី២ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី៣ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី៤ កិច្ចការអង្គការសហប្រជាជាតិ, កិច្ចប្រជុំវេទិកាសមាជិកសភាជាស្រ្តីលើកទី២៨, កិច្ចប្រជុំវេទិកាសមាជិកសភាវ័យក្មេងរបស់សហភាពអន្តរសភា, កិច្ចប្រជុំសមាគមអគ្គលេខាធិការសភា(ASGP) និង​កិច្ចប្រជុំជាមួយគណៈកម្មាធិការសិទ្ធិមនុស្ស នៃសមាជិកសភា។

ក្រៅពីអញ្ជើញឡើងថ្លែងសុន្ទរកថា ក្រោមប្រធានបទ «ភាពជាថ្នាក់ដឹកនាំសភាក្នុងការជំរុញសន្តិភាព និងការអភិវឌ្ឍន៍ក្នុងយុគសម័យ នៃនវានុវត្តន៍ និងការផ្លាស់ប្តូរតាមបែបបច្ចេកវិទ្យា» ដែលជាប្រធានបទសម្រាប់ការពិភាក្សារួមរបស់អង្គមហាសន្និបាត។

ថ្លែងក្នុងឱកាសនោះដែរ ក្រៅពីចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទនេះ លោកស្រី ឃួន សុដារី បានយកឱកាសជម្រាបជូនមហាសន្និបាតទាំងមូល ពីដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងលើកពីអតីតកាល កម្ពុជាត្រូវបានពិភពលោកស្គាល់ថា វាលពិឃាដ តែបច្ចុប្បន្នប្រទេសកម្ពុជា ត្រូវបានល្បីឈ្មោះថា ជាគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាងនេះទៀត ប្រទេសកម្ពុជាតែងតែបានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង៥លាននាក់ ជារៀងរាល់ឆ្នាំ។

កាលពីមុនប្រទេសកម្ពុជា ត្រូវបានគេដាក់ស្លាកឲ្យថា ជាប្រទេសមិនមានការអភិវឌ្ឍសេដ្ឋកិច្ចឡើយ តែឥឡូវនេះ បែរជាគេ​ទទួលស្គាល់ថា ជាប្រទេសមួយ មានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ហើយថ្មីៗនេះ បានជាប់ចំណាត់ថ្នាក់ដោយជោគជ័យថា ជាប្រទេសមានកំណើនចំណូលទាប ផ្អែកលើអត្រាកំណើន​សេដ្ឋកិច្ច​៧% ជាប្រចាំឆ្នាំ អស់រយៈពេលជាង២ទសវត្ស។

លោកស្រី ឃួន សុដារី បានជម្រាបជូនអង្គមហាសន្និបាត អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៨ ដែលគណបក្សនយោបាយចំនួន២០​បានចូលរួម និងមានអ្នកទៅបោះឆ្នោតជិត៧លាននាក់ បើគិតជាភាគរយ គឺ​៨៣.០២% នៃអ្នកចុះឈ្មោះ ក្នុ​ងបញ្ជីបោះឆ្នោតសរុប បានបោះឆ្នោត និងបានធ្វើការជ្រើសរើសតាមបែបផែននយោបាយដោយសេរីរបស់ខ្លួន ​ជាមួយនេះមានអ្នកសង្កេតការណ៍ចំនួន​៨០​,០០០នាក់ ក្នុងនោះអ្នកសង្កេតការណ៍អន្តរជាតិចំនួន​៥៣៩នាក់ មកពី៧០ប្រទេស ដែលបានទទួលស្គាល់ថា ការបោះឆ្នោតនៅកម្ពុជា ជាដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវ និងស្ថេរភាពជាទូទៅនៅកម្ពុជា។ លោកស្រី ប្រធានបានសង្កត់ធ្ងន់ថា គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ ហើយគ្មានការអភិវឌ្ឍ គឺគ្មានសន្តិភាព។​

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨​ លោកស្រីប្រធាន និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ការប្រីឡា គូអេវ៉ាស បារ៉ុន ប្រធានអាយភីយូ ហើយដែលផ្តល់ឱកាសលោកស្រីប្រធានប្រតិភូ បានជម្រាបជូនបន្ថែម អំពីសភាពការណ៍ពិតរបស់កម្ពុជា ពិសេសពីជំហររបស់កម្ពុជា ចំពោះការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយបញ្ជាក់ថា កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យពហុបក្ស និងការគ្រប់គ្រងប្រទេសដោយច្បាប់ ដើម្បីធានាការការពារនូវសន្តិភាព និងការអភិវឌ្ឍន៍ ជារដ្ឋមួយមានអធិបតេយ្យភាព ឯករាជ្យ បូរណភាពដែនដី ជាមួយនឹងការជំរុញវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។
ក្នុងស្មារតីលើកកម្ពស់ និងពង្រឹងវិស័យការទូតសភា គណៈប្រតិភូសភាកម្ពុជា បានបោះឆ្នោតគាំទ្របេក្ខភាពសភាតំណាងប្រជាជនចិន នៅក្នុងគណៈកម្មាធិការ ប្រតិបត្តិរបស់អាយភីយូ នាកិច្ចប្រជុំអាស៊ានបូក៣ និងគាំទ្របេក្ខភាពព្រឹទ្ធសភាប៉ាគីស្ថាន នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការ អង្គសហប្រជាជាតិ នាកិច្ចប្រជុំក្រុមភូមិសាស្រ្តតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទៅតាមសេចក្តីស្នើសុំរបស់សភាភាគីមិត្តទាំងពីរ។

លោកស្រី ឃួន សុដារី បានចូលរួមបោះឆ្នោតជ្រើសរើសរបៀបវារៈបន្ទាន់នាពេលនោះដែរ ហើយអង្គមហាសន្និបាតទាំងមូល បានសម្រេចជ្រើសរើស ប្រធានបទស្តីពី ការប្រែប្រួលអាកាសធាតុ ជារបៀបវារៈបន្ទាន់។ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការសិទ្ធិមនុស្ស នៃសមាជិកសភាអាយភីយូ ទាក់ទងនឹងកម្ពុជា ត្រូវបានគណៈប្រតិភូសភាកម្ពុជាធ្វើការបដិសេធ និងច្រានចោលទំាងស្រុងជាផ្លូវការនៅចំពោះមុខអង្គមហាសន្និបាត។​
នៅថ្ងៃបិទបញ្ចប់ អង្គមហាសន្និបាត បានអនុម័តរបាយការណ៍កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍របស់អាយភីយូ៖
ទី១. សន្តិភាព និងសន្តិសុខអន្តរជាតិ
ទី២. កា​រអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្មនិង
ទី៣. កិច្ចការអង្គការសហប្រជាជាតិ រួមនិងលទ្ធផលកិច្ចពិភាក្សាទូទៅ និងសម្រេចដាក់ចេញ សេចក្តីសម្រេចចំនួន២ គឺ៖
ទី១. ការពង្រឹងកិច្ចសហការសភាស្តីពីទេសន្តរប្រវេសន៍ និងការគ្រប់គ្រងក្នុងទស្សនៈ ជុំវិញការអនុម័តស្តីពីទេសន្តរប្រវេស នៅលើពិភពលោកប្រកបដោយសុវត្ថិភាព របៀបរៀបរយ និងនិយ័តភាព និង
ទី២. ការប្រែប្រួលអាកាសធាតុ យើងទាំងអស់គ្នាមិនត្រូវឈានដល់បន្ទាត់នេះទេ៕