អ៊ីស្រាអែល៖ ផ្សែងខ្មៅ ដោយការផ្ទុះបង្កឡើងដោយគ្រាប់របស់អ៊ីស្រាអែល បាញ់ទៅលើតំបន់ហ្កាហ្សា ជាការឆ្លើយតបវិញនៅព្រឹកថ្ងៃពុធ ទី១៧តុលានេះ កងទ័ពអ៊ីស្រាអែល បានចេញប្រតិបត្តិការទំលាក់គ្រាប់ ទៅលើតំបន់ហ្កាហ្សាប៉ាឡេស្ទីន ដែលតាមការឲ្យដឹង ពីក្រសួងការពារជាតិអ៊ីស្រាអែល គឺវាជាប្រតិបត្តិការ ឆ្លើយតបទៅនឹងការបាញ់ផ្លោង គ្រាប់រ៉ូកែត ជាច្រើនគ្រាប់ កាលពីយប់ថ្ងៃអង្គារ ចេញពីតំបន់ហ្កាហ្សា មកលើដែនដីអ៊ីស្រាអែល។ បើតាមព័ត៌មានចុងក្រោយ មានជនប៉ាឡេស្ទីន ម្នាក់បានស្លាប់ ដោយសារការវាយបក របស់កងទ័ពអ៊ីស្រាអែល។
យ៉ាងហោចណាស់ មានទីតាំងជាង២០ចំនុច ក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានរងការវាយកម្ទេច ដោយការ ទំលាក់គ្រាប់ របស់កងទ័ពអាកាសអ៊ីស្រាអែល។ ក្រសួងការពារជាតិ អ៊ីស្រាអែល បានអះអាងថា ប្រតិបត្តិការនេះ គឺជាការឆ្លើយតប ទៅនឹងការបាញ់ផ្លោងគ្រាប់រ៉ូកែត ជាច្រើនគ្រាប់ កាលពីយប់ថ្ងៃអង្គារ រំលងចូលថ្ងៃពុធ ចេញពីតំបន់ហ្កាហ្សា មកក្នុងទឹកដីអ៊ីស្រាអែល។
ប្រភពពីកងទ័ពអ៊ីស្រាអែល អះអាងថា គ្រាប់រ៉ូកែត ដែលហោះចេញពីតំបន់ហ្កាហ្សា ក្នុងយប់ថ្ងៃអង្គារ មានមួយគ្រាប់ បានធ្លាក់លើផ្ទះប្រជាជនអ៊ីស្រាអែល នៅតំបន់ Beer-Sheva នៅភាគខាងត្បូង និងមួយគ្រាប់ទៀត ធ្លាក់ក្នុងសមុទ្រ ក្បែរទីក្រុងតែលអាវីវ របស់អ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែល បញ្ជាក់ថា មិនមានមនុស្សស្លាប់ទេ តែអ៊ីស្រាអែល ត្រូវតែវាយបកទៅវិញ។ គេមិនដឹងថា អ្នកណាជាអ្នកបាញ់គ្រាប់រ៉ូកែតទាំងនេះទេ តែអ៊ីស្រាអែល ចាត់ទុកថា វាគឺជាការទទួលខុសត្រូវ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា។
ដោយឡែក បើតាមការអះអាង របស់ក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស នៅព្រឹកថ្ងៃពុធនេះ ការវាយបកវិញរបស់កងទ័ពអាកាសអ៊ីស្រាអែល បានបណ្តាលឲ្យស្លាប់ជនប៉ាឡេស្ទីនម្នាក់ និងរបួស៣នាក់។ យ៉ាងណាមិញ ក្នុងពេលជាមួយគ្នានេះ កងទ័ពអ៊ីស្រាអែល បានបង្ហោះផ្សាយរូបភាពវីដេអូមួយ ដែលក្នុងនោះ គេឃើញមនុស្ស២នាក់កំពុងតែត្រៀមរៀបចំដាក់គ្រាប់រ៉ូកែត បំរុងនឹងបាញ់ ស្រាប់តែរំពេចនោះ ទីតាំងនោះត្រូវបានកំទេច ដោយមានផ្សែងហុយទ្រលោម។ តាមការស្មាន គឺកងទ័ពអ៊ីសា្រអែលជាអ្នកបាញ់កំទេច។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃពុធនេះ អាជ្ញាធរអ៊ីស្រាអែល បានសម្រេចបិទច្រកចេញចូលតំបន់ហ្កាហ្សា ចំនួន២កន្លែង ដោយគ្មានកាលបរិច្ឆេទកំណត់។ មានន័យថា តំបន់ហ្កាហ្សា មានច្រកអាចចេញចូល តែមួយគត់ ដែលនៅបើក គឺច្រកជាមួយអេហ្ស៊ីបគួរកត់សំគាល់ថា ការបាញ់ផ្លោងគ្រាប់ដាក់គ្នាជាថ្មីនេះ គឺនៅក្នុងកំឡុងពេល នៃការប្រឹងប្រែងសម្របសម្រួល រកកិច្ចព្រមព្រៀងទំលាក់អាវុធជាអចិន្ត្រៃយ៍ ដោយមានអន្តរាគមន៍ពីអេហ្ស៊ីប និងអង្គការសហប្រជាជាតិ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានលើកឡើងថា អ៊ីស្រាអែល អាចនឹងសម្រេចបើកយុទ្ធនាការវាយបក ទ្រង់ទ្រាយធំ ដើម្បីកំទេចក្រុមហាម៉ាប៉ាឡេស្ទីន។ តែយ៉ាងណាក៏ដោយ ក្រុមហាម៉ា បានចេញលិខិតប្រកាសមួយថា គេទាត់ចោលនូវរាល់ចេតនាបំផ្លាញការប្រឹងប្រែងចរចាទំលាក់អាវុធ ហើយថាសូម្បីតែការបាញ់ផ្លោងគ្រាប់រ៉ូកែត កាលពីយប់ថ្ងៃអង្គារ ក៏ក្រុមហាម៉ាស បដិសេធមិនគាំទ្រដែរ៕(អត្ថបទដកស្រង់ ទេព វណ្ណះ)
