ប្រធានសភា IPU អបអរសាទរយ៉ាងពេញទំហឹង ចំពោះជោគជ័យ នៃការបោះឆ្នោតនៅកម្ពុជា ដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានសភា IPU អបអរសាទរយ៉ាងពេញទំហឹង ចំពោះជោគជ័យ នៃការបោះឆ្នោតនៅកម្ពុជា ដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ

17/10/2018
(ហ្សឺណែវ, ស្វីស)៖ លោកស្រី Gabriela Cueva Barron ប្រធាន​សហភាពអន្តរសភា IPU បានអបអរសាទរយ៉ាងពេញទំហឹង ក៏ដូចជា វាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលកម្ពុជា​សម្រេចបាន ជាពិសេសលទ្ធផលដ៏ជោគជ័យ​នៃការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា ដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យ យ៉ាងពិតប្រាកដ។ ការអបអរសាទរនេះ ធ្វើឡើងក្នុងឱកាសលោកស្រីប្រធានសភា IPU ឯកភាព​ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៣៩ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឃួន សុដារី បាន​នាំនូវសារអបអរសាទរពីសម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះលោកស្រី ប្រធានសហភាពអន្តរសភា ដែលខិតខំប្រឹងប្រែង ក្នុងឋានៈលោកស្រី ជាប្រធានសហភាពអន្តរសភា ដែលមានសមជិកដល់ទៅ១៧៨ប្រទេស នៅទូទាំងពិភពលោកឆ្ពោះទៅរកជោគជ័យជានិច្ច។

​លោកស្រី ឃួន សុដារី ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងការបោះឆ្នោតជាសកលចុងក្រោយនេះ ក្នុងខែកក្កដា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន២០ ដែលបានប្រកួតប្រជែងដើម្បី អាសនៈសភា ដែលនេះ​គឺជាការបង្ហាញយ៉ាងច្បាស់លាស់ណាស់ថា គណបក្សទាំង២០នេះ ជាតំណាងស្របច្បាប់ នៃពហុគណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោត ហើយបានឆ្លុះបញ្ចាំងនូវអ្វីដែលអ្នកសង្កេតការណ៍មួយចំនួនហៅថា ដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវ និងស្ថេរភាពជាទូទៅនៅកម្ពុជា។
សម្រាប់ដំណើរការបោះឆ្នោតកន្លងទៅនេះ មានអ្នកចូលរួមបោះឆ្នោតជិត ៧លាននាក់ បើគិតជាភាគរយ​៨៣.០២% នៃអ្នកចុះបញ្ជីបោះឆ្នោតសរុប បានបោះឆ្នោត និងបានធ្វើការជ្រើសរើស តាមបែបផែននយោបាយដោយសេរីរបស់ខ្លួន។ ដោយឡែកអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៥៣៩មកពីប្រទេសជាង ៥០ប្រទេស ក្នុងចំណោមនោះមកពីស្ថាប័នអន្តរជាតិ រួមមាន គណបក្សនយោបាយអាស៊ាន សភាអាស៊ី អន្តរសភាអាស៊ាន និងក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ផ្នែកទំនាក់ទំនងអន្តរជាតិដើម្បីជាសាក្សី តាមដានពិនិត្យមើលលើការអនុវត្ត លទ្ធិប្រជាធិបតេយ្យពោរពេញ ដោយសន្តិវិធីដែលជាឱកាសប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

បន្ថែមលើនេះទៀត លោកស្រីអនុប្រធានទី២រដ្ឋសភា បានពន្យល់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាការពិតរបស់កម្ពុជា ដែលមជ្ឈដ្ឋានខាងក្រៅ និងពួកអគតិមួយក្តាប់តូចនាំគ្នាដើរ បំភ្លៃ​ការពិត​បោកប្រាស់អន្តរជាតិក្នុងចេតនាយ៉ងខ្នង ក្នុងការបំផ្លិចបំផ្លាញជាតិកម្ពុជា ដែលកំពុងតែរីកចម្រើនអត់ឈប់ឈរ ក្នុងកំណើនសេដ្ឋកិច្ច៧%ជាប្រចាំឆ្នាំ។
តាមការណែនាំរបស់សម្តេចប្រធានរដ្ឋសភា លោកស្រី ឃួន សុដារី បានអញ្ជើញលោកស្រីប្រធានសហភាពអន្តរសភា ចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាហ្វិក ចាប់ពីថ្ងៃទី១៤-១៧ ខែមករា ឆ្នំា២០១៩ ក្នុងឋានៈជាភ្ញៀវកិត្តិយស និងស្នើលោកស្រីពិនិត្យអំពីស្ថានភាពពីអំពីកម្ពុជាផងដែរ។

ជាការឆ្លើយតបលោកស្រី Gabriela Cueva Barron ប្រធានសហភាពអន្តរសភា បានឯកភាពដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាហ្វិក និងបានអបអរសាទរយ៉ាងពេញទំហឹង ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលកម្ពុជា សម្រេចបានជាពិសេសលទ្ធផលដ៏ជោគជ័យ នៃការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជាដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕