(ភ្នំពេញ)៖ កីឡាករស្នូលរបស់ក្រុមជម្រើសជាតិសិង្ហបុរី Safuwan Baharudin បានលើកឡើងថា ជំនួបមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះកម្ពុជាល្ងាចនេះ គឺជាការប្រកួតដ៏ពិសេសមួយ ហើយក៏មិនអាចទស្សទាយលទ្ធផលទុកមុនបានដែរ ដោយសារក្រុមទាំងពីរសុទ្ធតែត្រៀមខ្លួនបានល្អដូចគ្នា។ តែក្នុងនោះ Safuwan បានចាប់អារម្មណ៍កីឡាករម្នាក់របស់កម្ពុជា គឺ ចាន់ វឌ្ឍនាកា ដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុមខ្លួន ប្រសិនបើមានការធ្វេសប្រហែសចំពោះរូបគេ។
សមាជិកក្លឹប Pahang នៃលីគកំពូលម៉ាឡេស៊ីរូបនេះ បាននិយាយថា «ខ្ញុំធ្លាប់លេងរយៈពេល ៦ខែ ជាមួយ វឌ្ឍនាកា កាលនៅ Pahang ចឹងខ្ញុំដឹងពីគុណសម្បត្តិរបស់គាត់ វឌ្ឍនាកា គឺជាកីឡាករល្អ ហើយមានគុណភាព។ គេអាចកែប្រែស្ថានការណ៍ប្រកួតបាន បើសិនការប្រកួតមិនមានអ្វីប្លែក។ ផ្អែកលើបទពិសោធន៍ ធ្លាប់លេងរួមក្លឹប និងពាន Suzuki Cup យើងមិនអាចធ្វេសប្រហែស វឌ្ឍនាកា បានទេ ព្រោះគេអាចបង្កគ្រោះថ្នាក់ដល់ក្រុមយើង។ តែយ៉ាងណាយើងមិនផ្ដោតតែលើ វឌ្ឍនាកា ទេ គឺផ្ដោតលើក្រុមទាំងមូលតែម្ដង»។
សូមរំឭកថា៖ Safuwan និង ចាន់ វឌ្ឍនាកា គឺជាអតីតមិត្តរួមក្រុមនឹងគ្នា កាលពីលេងនៅ Pahang តែសោកស្ដាយ វឌ្ឍនាកា ត្រូវបានក្លឹបលីគកំពូលម៉ាឡេស៊ីនេះបញ្ចប់កុងត្រាមុនកាលកំណត់ ស្របពេលកីឡាករជម្រើសជាតិសិង្ហបុរី នៅជាសមាជិក Pahang នៅឡើយ។ យ៉ាងណាមិញ កីឡាករ Safuwan បានប្ដេជ្ញាចិត្តនឹងធ្វើឲ្យបានល្អបំផុត ដើម្បីទទួលបានលទ្ធផលល្អ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិកម្ពុជា នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕