កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំលើកទី៤១ ថ្នាក់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន នៅឆ្នាំ២០២០ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំលើកទី៤១ ថ្នាក់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន នៅឆ្នាំ២០២០

14/10/2018
(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២០ ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៤១ ថ្នាក់នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ជាមួយការរំពឹងទុកថានឹងទទួលបានការបោះទុនវិនិយោគបន្ថែម ទាំងផ្នែកផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ហើយលោករដ្ឋមន្រ្តីក៏បានប្តេជ្ញាបន្តជំរុញការងារកំណែទម្រង់វិស័យកសិកម្មនៅកម្ពុជា និងការធ្វើអាទិភាពការងារ ដើម្បីឱ្យស្របទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ចជាតិ និងថ្នាក់តំបន់ផងដែរ។
ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី វេង សាខុន ត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ពោលក្រោយពេលលោកអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន កិច្ចប្រជុំលើកទី១៨ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបី និងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអនាម័យ និងភូតគាមអនាម័យលើកទី៦ ថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិន។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំទាំងបីខាងលើ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្រ្តីកសិកម្មវៀតណាម ចិន ជប៉ុន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិកផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មកសិកម្មឆ្លងដែន យន្តការនៃការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត តាមរយៈផលិតផលកសិកម្មឆ្លងដែន ការរៀបចំវិធានការចំពោះបទល្មើសឆ្លងដែន ការបោះទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និងគម្រោងកិច្ចសហប្រតិបត្តិការមួយចំនួន ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម។
ដោយមានការដាក់ចេញនូវគោលនយោបាយថ្មីៗ សំដៅលើកទឹកចិត្តដល់អ្នកវិនិយោគទុន ជាពិសេសក្នុងវិស័យកសិកម្ម និងតាមរយៈនៃការអំពាវនាវនៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ លោករដ្ឋមន្រ្តី វេង សាខុន សង្ឃឹមថាកម្ពុជានឹងអាចទទួលបាននូវការបោះទុនវិនិយោគបន្ថែមទៀត ទាំងផ្នែកផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ហើយលោករដ្ឋមន្រ្តីក៏បានប្តេជ្ញាបន្តជំរុញការងារកំណែទម្រង់វិស័យកសិកម្មនៅកម្ពុជា និងការធ្វើអាទិភាពការងារ ដើម្បីឱ្យស្របទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ចជាតិ និងថ្នាក់តំបន់។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ កម្ពុជានឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំលើកទី៤១ ថ្នាក់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន៕