គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៣៩ នៅទីក្រុងហ្សឺណែវ រយៈពេល៩ថ្ងៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៣៩ នៅទីក្រុងហ្សឺណែវ រយៈពេល៩ថ្ងៃ

12/10/2018
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោកស្រី ហ្គាប្រីឡា គូវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា (IPU), លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ​និងជាប្រធានក្រុមសភាជាតិកម្ពុជានៃនយោបាយសភាស្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដើម្បីចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា កំឡុងពេលមហាសន្និបាតនេះ លោកស្រី ឃួន សុដារី នឹងថ្លែងសុន្ទរកថាស្តីពី «ភាពជាអ្នកដឹកនាំសភាក្នុងការលើកកម្ពស់សន្និភាព និងការអភិវឌ្ឍនាយុគ្គសម័យនវានុវត្តន៍ និងបម្លាស់ប្តូរបច្ចេកវិទ្យា» ទៅកាន់អង្គសន្និបាត។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា នឹងចូលរួមកិច្ចប្រជុំជាច្រើន នៅក្នុងនោះមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ របស់សហភាពអន្តរសភា ដើម្បី៖

*​ អនុម័តសេចក្តីស្នើរបៀបវារៈបន្ទាន់ លើបញ្ហារសើបមួយចំនួនរបស់សកលលោក។
* ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហភាពអន្តរសភា។
* ការចូលរួមផ្តល់អនុសាសន៍អំពីសិទ្ធិមនុស្ស ការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់សហភាពអន្តរសភា។
* ការអនុម័តប្រតិទិនការងារសម្រាប់មហាសន្និបាតសហភាពអន្តរសភា លើកទី១៤០ នៅទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា នៅក្នុងមហាសន្និបាតនេះ គណៈប្រតិភូកម្ពុជា ក៏នឹងចូលរួមបណ្តាកិច្ចប្រជុំសំខាន់ៗ មួយចំនួនទៀត ដែលមានដូចជា៖ កិច្ចប្រជុំអាស៊ានបូក៣, កិច្ចប្រជុំសម្របសម្រួលរបស់សភាតំបន់អាស៉ី, កិច្ចប្រជុំភូមិសាស្ត្រតំបន់អាស៉ិ- ប៉ាស៉ីហ្វិច,​​​ កិច្ចប្រជុំវេទិកាសមាជិកសភាស្ត្រី​, កិច្ចប្រជុំវេទិកាសមាជិកសភាវ័យក្មេងសហភាពអន្តរសភា, និងចូលរួមកិច្ចប្រជុំគណៈកម្មា-ធិការអចិន្ត្រៃយ៍ទាំង៤ របស់សហភាពអន្តរសភា ស្តីពី សន្តិភាព-សន្តិសុខអន្តរជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព-ហិរញ្ញវត្ថុ-ពាណិជ្ជកម្ម ប្រជាធិបតេយ្យ-សិទ្ធិមនុស្ស និងកិច្ចការអង្គការសហប្រជាជាតិ ផងដែរ។
ក្រៅពីនេះ លោកស្រី ឃួន សុដារី និងសមាជិកគណៈប្រតិភូ គ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រី ហ្គាប្រីឡា គូវ៉ាស បារ៉ុន ទៀតផង៕