អាមេរិក៖ បន្ទាប់ពីចរចាគ្នា ដ៏តានតឹង អស់រយៈពេលជាងមួយឆ្នាំ នៅទីបំផុត កាណាដា បានរកឃើញកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរីថ្មីជាមួយអាមេរិក ដោយរាប់បញ្ចូលទាំងប្រទេសម៉ិចស៊ិក នៅយប់ថ្ងៃទី ៣០កញ្ញា ២០១៨ មុនឱសានវាទរបស់លោកដូណាល់ត្រាំ តែប្រមាណមួយម៉ោងកន្លះប៉ុណ្ណោះ។ កិច្ចព្រមព្រៀងថ្មីនេះ ជាការធ្វើទំនើបកម្មកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរីអាមេរិកខាងជើង ហៅកាត់ថា Nafta ជាភាសាអង់គ្លេស ឬAlena ជាភាសាបារាំង ដែលចូលជាធរមានតាំងពីឆ្នាំ១៩៩៤មក និងដែលលោកដូណាល់ត្រាំស្អប់បំផុត។
នៅយប់មិញ កាណាដានិងអាមេរិក បានព្រមព្រៀងគ្នា ជាគោលការណ៍ ជាមួយម៉ិចស៊ិកមួយទៀត (ម៉ិចស៊ិកបានព្រមព្រៀងជាមួយអាមេរិករួចហើយកាលពីថ្ងៃទី ២៤សីហា) ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលទំនើប និងសមស្របទៅតាមស្ថានភាពជាក់ស្តែងសម័យសតវត្សរ៍ទី២១ ! នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា និងតំណាងពាណិជ្ជកម្មអាមេរិក ដែលបន្ថែមទៀតថា កិច្ចព្រមព្រៀងថ្មីនេះមានគុណភាពខ្ពស់ បើកទូលាយទីផ្សារឱ្យកាន់តែសេរី មានលំនឹងពាណិជ្ជកម្មខ្លាំងជាងមុន ហើយធានាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំសម្រាប់តំបន់ ព្រោះវានឹងផ្តល់ឱកាសថ្មីដល់ពលរដ្ឋនៅអាមេរិកខាងជើងជាង៥០០លាននាក់ តាមរយៈការបង្កើតការងារថ្មីផង និងការបង្កើនប្រាក់ឈ្នួលការងារផង។
អាមេរិក ម៉ិចស៊ិកនិងកាណាដា ចូលតុចរចាកិច្ចព្រមព្រៀងផ្តោះប្តូរសេរីឡើងវិញអ្នកទទួលខុសត្រូវជាន់ខ្ពស់នៃរដ្ឋបាលលោកត្រាំ បានប្រើពាក្យថា ជាកិច្ចព្រមព្រៀងដ៏អស្ចារ្យ សម្រាប់អាមេរិកកាណាដា មនិងម៉ិចស៊ិក។
តាមរយៈការព្រមព្រៀងរវាងកាណាដានិងអាមេរិកនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (ដែលចុះហត្ថលេខាដោយប្រធានាធិបតីហ្សកប៊ូសនៅឆ្នាំ១៩៩២ និងដែលចូលជាធរមាននៅឆ្នាំ១៩៩៤ក្នុងសម័យអាមេរិកដឹកនាំដោយលោកគ្លីនតុន) នឹងត្រូវប្តូរឈ្មោះទៅជាកិច្ចព្រមព្រៀងអាមេរិក-ម៉ិចស៊ិក-កាណាដា (USMCA)។
កិច្ចព្រមព្រៀងថ្មីនេះនឹងត្រូវលោកត្រាំ ព្រមទាំងនាយករដ្ឋមន្ត្រីកាណាដា និងប្រធានាធិបតីម៉ិចស៊ិក ចុះហត្ថលេខា ជាផ្លូវការនៅរវាង៦០ថ្ងៃទៀត ក្រោយពីសភាអាមេរិកអនុម័តរួច។
កាណាដាធ្វើសម្បទានលើទីផ្សារទឹកដោះគោ
ចំណុចដ៏សំខាន់ខ្លាំងបំផុតមួយក្នុងចំណោមចំណុចដែលលោកដូណាល់ត្រាំបន្ទោសបង្អាប់ក្នុងកិច្ចព្រមព្រៀងចាស់ ដល់ថ្នាក់សើរើចរចាឡើងវិញនោះ គឺវិស័យឧស្សាហកម្មរថយន្ត។ កិច្ចព្រមព្រៀងUSMCA គ្រោងនឹងដាក់ច្បាប់ថ្មី ជំរុញឱ្យមានការផលិតសម្ភារៈនិងការបង្គំរថយន្តនៅលើទឹកដីអាមេរិកនិងអាមេរិកខាងជើង (កាណាដា) ឱ្យឡើងដល់៧៥% ទល់នឹង៦២,៥% បើប្រៀបទៅនឹងកិច្ចព្រមព្រៀង Nafta។ ចំណែកម៉ិចស៊ិក ត្រូវបង្កើនប្រាក់បៀវត្សរ៍ឱ្យបុគ្គលិកក្នុងវិស័យនេះ ដើម្បីកាត់បន្ថយគម្លាតតម្លៃពលកម្មជាមួយអាមេរិក។ តែជាមួយកាណាដា ពុំសូវមានការប្តូរផ្លាស់ទេ ! រថយន្តផលិតនៅកាណាដាប្រមាណ២,៦លានគ្រឿងនឹងត្រូវរួចពន្ធនាំចូលទៅអាមេរិក។
កិច្ចព្រមព្រៀងអាចកើតចេញជារូបរាងថ្ងៃនេះ ដោយសារកាណាដាព្រមធ្វើសម្បទានខ្លះក្នុងវិស័យកសិកម្ម។ កាណាដាព្រមបន្ធូរបន្ថយប្រព័ន្ធត្រួតពិនិត្យផលិតកម្មនិងតម្លៃទឹកដោះគោ និងសាច់បក្សីមាន់ទា ដែលដើម្បីការពារធានារ៉ាប់រងចំណូលរបស់កសិករកាណាដា បានកំណត់កូតា និងពន្ធនាំចូលដល់៣០០%។
ប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងថ្មី កាណាដាព្រមបង្ហើបទ្វារបន្តិចឱ្យកសិករអាមេរិកអាចជ្រៀតចូលទីផ្សារកាណាដាបានប្រសើរជាងមុន ស្របតាមការទាមទាររបស់វ៉ាស៊ីនតោន ដោយសុខចិត្តបង់ខាតជូនដល់កសិករខ្លួនដែលរងគ្រោះពីកិច្ចព្រមព្រៀងថ្មីនេះ។
លោក ត្រាំ ធ្លាប់បានទាមទារឱ្យរដ្ឋាភិបាលកាណាដា លុបចោទទាំងស្រុងប្រព័ន្ធនេះ តែក្រុងអុតាវ៉ា ព្រមបើកទីផ្សារឱ្យទឹកដោះគោឬសាច់មាន់អាមេរិកចូលកាណាដា ត្រឹមកំរិត៣,៤%នៃតម្រូវការទីផ្សារប៉ុណ្ណោះ ពោលគឺដូចអ្វីដែលកាណាដាបានព្រមជាមួយដៃគូអន្តរប៉ាស៊ីហ្វិក១០ប្រទេសកាលពីខែមីនាអញ្ចឹង។
ថែកដែកនិងអាលុយមីញ៉ូម ជាប់ពន្ធខ្ពស់ដដែល
ជាថ្នូរមកវិញ យន្តការច្បាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម ជំពូក១៩ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ដែលអាមេរិករបស់លោកត្រាំចង់លុបចោល ត្រូវរក្សាទុកនៅដដែល និងគ្មានការប៉ះពាល់ទេ ! ចំណុចនេះអាចជួយការពារកាណាដាបានច្រើនក្នុងជម្លោះឈើសំណង់។ វប្បធម៌ពិសេសរបស់កាណាដា ដែលមានទម្លាប់ផ្តល់ជំនួយឧបត្ថម្ភក្នុងវិស័យវប្បធម៌ ក៏នៅរក្សាដដែល បើទោះបីអាមេរិកតវ៉ាប្រឆាំងយ៉ាងណាក៏ដោយ។
អ្វីដែលថ្មីស្រឡាងសម្រាប់កិច្ចព្រមព្រៀងត្រីភាគីនេះ គឺការបង្កើតជំពូកបរិស្ថាន ជាលើកទីមួយ ជាមួយនឹងវិធានយ៉ាងតឹងរ៉ឹង និងការការពារ “កម្មសិទ្ធិបញ្ញា”។ កិច្ចព្រមព្រៀងនេះមានតម្លៃសម្រាប់រយៈពេល១៦ឆ្នាំ និង ដោយមានលទ្ធភាពសើរើពិនិត្យឡើងវិញ ជារៀងរាល់៦ឆ្នាំម្តង។
ប៉ុន្តែ ការដំឡើងពន្ធនាំចូលដែកថែម និងអាលុយមីញ៉ូម របស់លោកត្រាំ នៅបន្តអនុវត្តដដែល។ អ្នកទទួលខុសត្រូវអាមេរិកអះអាងថា ជារឿងពីរដាច់ដោយឡែកពីគ្នា !
យុទ្ធសាស្ត្ររបស់លោកត្រាំ ផ្តល់ផ្លែផ្កា កិច្ចព្រមព្រៀងនេះនឹងផ្តល់ផ្លែផ្កាសេដ្ឋកិច្ចពិតប្រាកដ ជាក់ស្តែងយ៉ាងណា គេត្រូវរង់ចាំបន្តិចសិនមែន តែការរកឃើញកិច្ចព្រមព្រៀងថ្មីជាមួយកាណាដា ជាជោគជ័យ យ៉ាងប្រាកដសម្រាប់លោកត្រាំ។
ត្រង់ចំណុចនេះ គេមិនអាចប្រកែកបដិសេធបានឡើយ។ ជាជោគជ័យនយោបាយផង ព្រោះនៅសល់តែ៦សប្តាហ៍ទៀត អាមេរិកត្រូវបោះឆ្នោតពាក់កណ្តាលអាណត្តិ។ តាំងពីផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦មក លោក ត្រាំ តែងបរិហារកិច្ចព្រមព្រៀងណាហ្វតា និងគំរាមដើរចេញជាឯកតោភាគីផង។ ឥលូវស្រាប់តែអាចធ្វើទំនើបកម្មចេញជាកិច្ចព្រមព្រៀងថ្មី ទទួលយកបានពីគ្រប់ភាគី ទាំងកាណាដា ទាំងម៉ិចស៊ិក។
ថ្វីបើកិច្ចកិច្ចព្រមព្រៀងថ្មី បានសើរើខ្លឹមសារចាស់ដែលមិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចក្តី ក៏កិច្ចព្រមព្រៀងនេះ បានធ្វើឱ្យភាគីហត្ថលេខី មានទំនុកចិត្តខ្លាំងឡើងវិញ ! ជាភស្តុតាង លុយដុល្លារកាណាដាឡើងថ្លៃបន្តិច ខាងម៉ិចស៊ិកក៏ដូចគ្នា។
តើលោកត្រាំពិតជាមិនខ្វល់ពីវត្តមានរបស់កាណាដាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឬយ៉ាងណា ?
ម្យ៉ាងវិញទៀត ការចុះកិច្ចព្រមព្រៀងនេះ អាចត្រូវបានគេចាត់ទុកថាជាការចុះកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងសង្គ្រាមពាណិជ្ជកម្ម។ សង្គ្រាមពាណិជ្ជកម្មពេលនេះ ផ្ចង់ទិសទៅតែលើចិន ដែលមានទម្រង់ជាសង្គ្រាមត្រជាក់រវាងមហាអំណាចចាស់ទល់នឹងមហាអំណាចទើបស្ទុះឡើងថ្មី ច្រើនជាងជម្លោះពាណិជ្ជកម្មបែបបូរាណ៕
