សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបញ្ចុះតម្លៃអគ្គិសនីឲ្យរោងចក្រ ជាថ្នូរដំឡើងប្រាក់ឈ្នួលគោលកម្មករ ១៨២ដុល្លារនៅឆ្នាំ២០១៩ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបញ្ចុះតម្លៃអគ្គិសនីឲ្យរោងចក្រ ជាថ្នូរដំឡើងប្រាក់ឈ្នួលគោលកម្មករ ១៨២ដុល្លារនៅឆ្នាំ២០១៩

08/10/2018
(តូក្យូ, ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ដើម្បីឲ្យកម្មករ កម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងទទួលបានប្រាក់ឈ្នួលទាបបំផុត ១៨២ដុល្លារនៅឆ្នាំ២០១៩នោះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះថ្លៃអគ្គិសនីសម្រាប់រោងចក្រ និងសហគ្រាសនានា។
ការថ្លែងបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងពេលសម្តេចតេជោ អញ្ជើញសំណេះសំណាលជាមួយនិស្សិត និងប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងសិក្សានៅប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងពេលចរចាប្រាក់ឈ្នួលអប្បបរិមាសម្រាប់ឆ្នាំ២០១៩នោះ ភាគីនិយោជកព្រមដំឡើងជូនកម្មករ កម្មការិនីត្រឹមតែ ១៧៧ដុល្លារប៉ុណ្ណោះ ហើយសម្តេចបានបញ្ជាផ្ទាល់ទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទាមទារ ៥ដុល្លារបន្ថែមទៀត។
ឆ្លើយតបការទាមទារនេះ ភាគីនិយោជក បានសុំឲ្យរាជរដ្ឋាភិបាលបញ្ចុះថ្លៃអគ្គិសនី ហើយរាជរដ្ឋាភិបាលក៏បានព្រមព្រៀងផងដែរ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះ «រាជរដ្ឋាភិបាលសុខចិត្តធ្លាក់ថ្លៃអគ្គិសនី ដើម្បីឲ្យប្រាក់ឈ្នួលកម្មករឡើងទៅដល់ ១៨២ដុល្លារ។ អ៊ីចឹងប្រាក់ចំណេញផ្នែកអគ្គិសនីនៅឆ្នាំក្រោយ ត្រូវកាត់បន្ថយ ព្រោះយកអាហ្នឹងទៅឲ្យម្ចាស់រោងចក្រ ម្ចាស់រោងចក្រយកទៅបើកឲ្យកម្មករ។ អ្នកដែលទទួលផលប្រយោជន៍ពិតប្រាកដ គឺកម្មករ»។
ក្នុងកិច្ចសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ទោះឡើងតិច ឬឡើងច្រើន សម្រាប់ប្រាក់ឈ្នួលរបស់កម្មករនេះ គឺត្រូវឡើងរៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា៖ ប្រាក់ឈ្នួលរបស់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានវិវឌ្ឍន៍ពីត្រឹមតែជាង ៣០ដុល្លារនៅក្នុងឆ្នាំ១៩៩៧ រហូតមកដល់ ១៧០ដុល្លារនៅឆ្នាំ២០១៧។ អត្រាប្រាក់ឈ្នួលរបស់កម្មករកម្ពុជា បានឈានមុខបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ។

បច្ចុប្បន្នកម្ពុជាមានរោងចក្រ សហគ្រាសផ្នែកកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលចុះបញ្ជីរួចជាង ១ម៉ឺន និងមានកម្មករ និយោជិតកំពុងបម្រើការងារលើវិស័យនេះប្រមាណជា ១លាននាក់៕