ប្រទេសអូទ្រីស៖ អឺរ៉ុបដែលនៅខ្វែងគំនិត ក្នុងរឿងអន្តោប្រវេសន៍ ចង់ផ្តល់សន្ទុះដល់ការចរចាBrexit នាយករដ្ឋមន្រ្តីអូទ្រីស អាយុ ៣២ឆ្នាំ លោក Sebastian Kurzទទួលស្វាគមលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស នៅក្នុងជំនួបកំពូលថ្ងៃពុធទី ១៩ កញ្ញានៅទីក្រុង Salzbourg ក្បែរព្រំដែនអាល្លឺម៉ង់ ។
ជំនួបកំពូលរបស់ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នៅប្រទេសអូទ្រីស ផ្តោតទៅលើសំណុំរឿងសំខាន់ពីរ គឺបញ្ហាអន្តោប្រវេសន៍ ហើយនិងការលែងលះជាមួយអង់គ្លេស បានឈានចូលដល់ថ្ងៃទី២ និងជាថ្ងៃចុងក្រោយ នៅថ្ងៃព្រហស្បតិ៍ទី ២០ កញ្ញា។
ការចរចាស្តីពីការដើរចេញរបស់អង់គ្លេសពីសហភាព អឺរ៉ុបជិតឈានចូលដំណាក់កាលផ្តាច់ព្រ័ត្រ ប៉ុន្តែ ភាគីអឺរ៉ុប ហើយនិងអង់គ្លេស នៅមិនទាន់រកឃើញកិច្ចព្រមព្រៀងនឹងគ្នានៅឡើយ។ ពេលវេលា កាន់តែខើច ព្រោះថា នៅសល់ពេលតែ៦ខែទៀតប៉ុណ្ណោះ (ថ្ងៃទី ៣០មីនា ២០១៩) អង់គ្លេស នឹងត្រូវដើរចេញជាផ្លូវការពីរង្វង់សហភាពអឺរ៉ុប។
ជំនួបកំពូលអឺរ៉ុបបានបើកធ្វើ តាំងពីថ្ងៃម្សិលមិញ នៅទីក្រុងSalzbourg ទៅតាមការកោះអញ្ជើញរបស់នាយករដ្ឋមន្រ្តីអូទ្រីស ដែលត្រូវធ្វើជាប្រធានផ្លាស់វេនរបស់សហភាពអឺរ៉ុប រហូតដល់ចុងឆ្នាំ នេះ។ ជំនួបកំពូលរបស់ប្រមុខដឹកនាំអឺរ៉ុបផ្តោតសំខាន់លើបញ្ហាជនអន្តោប្រវេសន៍ដែលកំពុងធ្វើឲ្យសមាជិកសហភាពអឺរ៉ុប ឈ្លោះបែកបាក់គ្នា ហើយនិងការចរចាជាមួយ អង់គ្លេស ដែលត្រូវដើរចេញពីសមាជិកភាពសហភាពអឺរ៉ុប។
ជំនួបកំពូលនៅប្រទេសអូទ្រីស នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ធ្វើឡើង ដើម្បីត្រៀមជំនួបកំពូល មួយទៀត នៅពាក់កណ្តាលខែតុលា។ ពីពេលនេះរហូតដល់ចុងឆ្នាំ សហភាពអឺរ៉ុបត្រូវបើកជំនួបកំពូល៣ ដង ដើម្បីពិភាក្សា រកកិច្ចព្រមព្រៀងជាមួយ អង់គ្លេស ឲ្យបានឆាប់បំផុត ព្រោះថា ថ្ងៃកំណត់ដែលអង់គ្លេស ត្រូវចាកចេញពីសហភាពអឺរ៉ុប នឹងចូលមកដល់ គឺថ្ងៃទី ៣០ មីនា ២០១៩។
អឺរ៉ុបនៅបន្តបែកបាក់គ្នា ក្នុងរឿងទទួលជនអន្តោប្រវេសន៍ជំនួបកំពូលរយៈពេល ពីរថ្ងៃ របស់ប្រមុខដឹកនាំអឺរ៉ុប នៅប្រទេសអូទ្រីសជាជំនួបកំពូលមិនផ្លូវការមានន័យថា នឹងគ្មានសេចក្តីថ្លែងការណ៍ជាផ្លូវការនោះទេ នៅក្រោយជំនួបកំពូលពីរថ្ងៃនេះ។
គោលដៅនៃកិច្ចប្រជុំនៅប្រទេសអូទ្រីសលើកនេះ គឺរកដំណោះស្រាយ ឲ្យវិបត្តិនយោបាយនៅសហភាព អឺរ៉ុប ដែលបណ្តាលមកពីការខ្វះសាមគ្គីភាពរវាងប្រទេសសមាជិក ក្នុងបញ្ហាជនអន្តោប្រវេសន៍។ ប្រទេសនៅប៉ែកអឺរ៉ុបខាងកើត ដូចជាហុងគ្រី ប៊ុលហ្គារី ជាដើម បានបដិសេធមិនទទួលយកនយោបាយបែងចែក ជនអន្តោប្រវេសន៍ របស់គណៈកម្មការអឺរ៉ុប ចំណែក ប្រទេសអឺរ៉ុបនៅប៉ែក សមុទ្រមេឌីទែរ៉ាណេ ដូចជាអ៊ីតាលី ក្រិក ឬអេស្ប៉ាញ ជាដើម ដែលប្រឈមនឹងការហូរចូលខ្លាំងរបស់ទូកដឹកជនអន្តោប្រវេសន៍ខុសច្បាប់ មកពីតំបន់អាហ្វ្រិក ក៏កំពុងបិទ កំពង់ផែរបស់ខ្លួន លែងឲ្យកប៉ាល់ដឹកសង្រ្គោះ ជនអន្តោប្រវេសន៍ពីក្នុងទឹកសមុទ្រ ចូលចតដូចមុនទៀត។ ប្រទេសអូទ្រីស ដែលជាអ្នករៀបចំជំនួបកំពូលថ្ងៃនេះទៀតសោត ក៏កំពុងរឹតបន្តឹង ច្បាប់ ផ្តល់សិទ្ធិជ្រកកោន ដល់ជនភៀសខ្លួន។
នៅថ្ងៃពុធម្សិលមិញ នៅពេលការពិភាក្សាផ្តោតទៅលើការបែងចែក ទទួលជនភៀសខ្លួន ថ្នាក់ដឹកនាំអឺរ៉ុបនៅតែបន្ត បែកបាក់ និងខ្វែងគំនិតខ្លាំងណាស់។ ប៉ុន្តែ នៅពេលគេចាប់និយាយពីការងារ ទប់ស្កាត់កុំឲ្យជនអន្តោប្រវេសន៍ធ្វើដំណើរចូលមកអឺរ៉ុប គឺគ្រប់មេដឹកនាំរបស់អឺរ៉ុប បានយល់ស្របគ្នាខ្លាំងណាស់។ គេបាននិយាយយល់ស្របគ្នា ជាឯកច្ឆ័ន្ទ ឲ្យពង្រឹង ព្រំដែនអឺរ៉ុប ពង្រឹងកងកម្លាំង ឆ្មាំសមុទ្រអឺរ៉ុប Frontex ដែលមានតួនាទី ចាប់ឃាត់ កុំឲ្យទូកឈ្មួញ ដឹកជនអន្តោប្រវេសន៍ខុសច្បាប់ ចូលក្នុងដែនសមុទ្រអឺរ៉ុប។ តាមគម្រោង គេចង់បង្កើនកងកម្លាំងអឺរ៉ុប ពី ១៥០០ ទៅ១ម៉ឺននាក់ ពីពេលនេះ រហូតដល់ឆ្នាំ ២០២០។ ប្រទេសសមាជិកអឺរ៉ុបមូលមតិគ្នាផងដែរ ក្នុងរឿងបណ្តេញ ចាប់បញ្ជូនចេញ ឲ្យបានឆាប់ នូវរាល់ជនអន្តោប្រវេសន៍ ជនភៀសខ្លួន ដែលមិនបានទទួលសិទ្ធិជ្រកកោននៅអឺរ៉ុប។
ចំណុចសំខាន់មួយទៀត ដែលសហភាពអឺរ៉ុបកំពុងផ្តល់អាទិភាពដើម្បី ដោះស្រាយវិបត្តិលំហូរជនអន្តោប្រវេសន៍ ទៅក្នុងទឹកដីអឺរ៉ុប គឺ ផ្តល់មូលនិធិដល់បណ្តាប្រទេសអាហ្វ្រិក ដែលជាប្រភពចាកចេញរបស់ជនអន្តោប្រវេសន៍ ហើយនិងបង្កើតកន្លែងទទួល ជនអន្តោប្រវេសន៍ នៅក្នុងទឹកដីអាហ្វ្រិក។ នៅក្រោយប្រទេសម៉ារ៉ុកបដិសេធមិនសហការជាមួយអឺរ៉ុប នៅថ្ងៃម្សិលមិញ នាយករដ្ឋមន្រ្តីអូទ្រីស ហើយនិងប្រធានសហភាពអឺរ៉ុប បានលើកឡើងពីលទ្ធភាពផ្តលជំនួយ និងបង្កើត ជំរំទទួល និងជ្រើសរើសជនអន្តោប្រវេសន៍ នៅក្នុងប្រទេសអេហ្ស៊ីប គឺដូចដែល សហភាពអឺរ៉ុបបានសហការ ជាមួយតួកគី រហូតបានជួយធ្វើឲ្យលំហូរជនអន្តោប្រវេសន៍ និងជនភៀសខ្លួន មកក្នុងទឹកដីអឺរ៉ុបធ្លាក់ចុះ គួរឲ្យកត់សំគាល់ តាំងពីឆ្នាំ ២០១៥។
លោកម៉ាក្រុង៖ សហភាពអឺរ៉ុបត្រូវបន្តរួមកម្លាំងគ្នានៅថ្ងៃព្រហស្បតិ៍ នេះ ថ្នាក់ដឹកនាំប្រទេសអឺរ៉ុប មួយចំនួន ដោយមានទាំងប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឲ្យមានការរួបរួម សាមគ្គីគ្នាជាធ្លុងមួយ របស់ប្រទេសសមាជិកអឺរ៉ុប ទាំង ២៧ នៅក្នុងពេលចរចា ជាមួយអង់គ្លេស។ ការអំពាវនាវនេះ ធ្វើឡើង នៅក្រោយមានដំណឹងថា រដ្ឋាភិបាលអង់គ្លេស កំពុងធ្វើនយោបាយដើរបញ្ចុះបញ្ចូល បំបែកបំបាក់ប្រទេសសមាជិកអឺរ៉ុបទាំង ២៧ នៅក្នុងរឿងចរចា លែងលះជាមួយអង់គ្លេស។
នៅជាប់គាំងត្រង់បញ្ហាអៀរឡង់ខាងជើងតាំងពីបើកការចរចានឹងគ្នា មក អង់គ្លេស និងសហភាពអឺរ៉ុប បាននិយាយចុះសម្រុងលើបញ្ហាសំខាន់ៗជាច្រើន ជាពិសេសបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែ នៅសល់ចំណុចសំខាន់ និងរសើបចុងក្រោយមួយទៀត ដែលអង់គ្លេស និងសហភាពអឺរ៉ុបនៅតែនិយាយមិនទាន់ចុះសម្រុងគ្នា នោះគឺបញ្ហាព្រំដែនប្រទេសអៀរឡង់ ដែលជាសមាជិករបស់អឺរ៉ុប ហើយនិង ខេត្តអៀរឡង់ខាងជើងដែលជាដែនដីរបស់អង់គ្លេស។
ទាំងភាគីអង់គ្លេស ហើយនិងសហភាពអឺរ៉ុប រួមទាំងប្រទេសអៀរឡង់ខ្លួនឯងផង យល់ស្រប ថា ទោះបីជាអង់គ្លេស ត្រូវដើរចេញពីសហភាព អឺរ៉ុប ពោលគឺខ្សែបន្ទាត់ព្រំដែនរវាងអង់គ្លេស ជាមួយទឹកដី ប្រទេសផ្សេងទៀតរបស់សហភាពអឺរ៉ុប នឹងត្រូវបង្កើត ឡើងវិញនោះ ក៏ប៉ុន្តែ គេមិនត្រូវបង្កើតឡើងវិញ ព្រំដែន រវាងប្រទេសអៀរឡង់ ជាមួយ ខេត្តអៀរឡង់ខាងជើង របស់អង់គ្លេសនោះទេ។ បើគេបង្កើតខ្សែព្រំដែនឡើងវិញ រវាងប្រទេសអៀរឡង់ ហើយនិងខេត្តអៀរឡង់ខាងជើង នោះបញ្ហានឹងមានច្រើន ដែលប៉ះពាល់ទៅដល់ការដោះដូរទំនិញ ហើយនិងប្រជាជនដែលឆ្លងព្រំដែនទៅធ្វើការនៅក្នុងទឹកដីអៀរឡង់ ឬនៅ ខេត្តអៀរឡង់ខាងជើងរបស់អង់គ្លេស។
មួយវិញ ទៀត គេបារម្ភថា បើសិនគំនូសព្រំដែនត្រូវបង្កើតឡើងវិញ រវាងអៀរឡង់ ហើយនិងខេត្តអៀរឡង់ខាងជើង នោះ ក្រុមឧទ្ទាម ប្រដាប់អាវុធ ដើម្បី ឯករាជ្យអៀរឡង់ នឹងអាចត្រលប់មកបង្កភេរវកម្ម បំផ្លាញសន្តិសុខនៅទឹកដីអៀរឡង់ឡើងវិញ។
អង់គ្លេស និងសហភាពអឺរ៉ុបបានយល់ស្របថា នឹងមិនបង្កើតព្រំដែនរវាងអៀរឡង់ហើយនិងអៀរឡង់ខាងជើងនោះទេ។ ប៉ុន្តែ បញ្ហាចោទឡើង នៅត្រង់ថា សម្រាប់អឺរ៉ុប នៅក្នុងពេលរងចាំអនាគតកិច្ចព្រមព្រៀងជាមួយអង់គ្លេស អៀរឡង់ខាងជើង ត្រូវនៅបន្ត គោរពតាមគោលនយោបាយពន្ធដាររបស់អឺរ៉ុប មានន័យថា ប្រទេសអង់គ្លេស ដែលចង់បន្តនាំចូលទំនិញរបស់ខ្លួនចូល ទៅ ខេត្តអៀរឡង់ខាងជើង ត្រូវគោរពតាមអត្រាពន្ធរបស់អឺរ៉ុប ព្រោះថា អង់គ្លេសលែងជាសមាជិករបស់សហភាពអឺរ៉ុបតទៅទៀត។
លោកស្រី នាយករដ្ឋមន្រ្តីអង់គ្លេស នៅថ្ងៃម្សិលមិញបានទាត់ចោលសំណើរបស់សហភាពអឺរ៉ុប ដែលលោកស្រី វាយតម្លៃថា កំពុងបំបែកបំបាក់ ឲ្យល្អិតបំផុត ទឹកដីអង់គ្លេស។ ផ្ទុយទៅវិញ លោកស្រីតេរ៉េហ្សា មេ បានស្នើយ៉ាងដូច្នេះវិញថា បើនយោបាយអនុគ្រោះ ពន្ធដារបស់អឺរ៉ុបក្តោបលើអៀរឡង់ខាងជើង ដែលជាខេត្តរបស់អង់គ្លេស នោះ នយោបាយរបស់អឺរ៉ុបលើរឿងអនុគ្រោះពន្ធក៏ត្រូវតែអនុវត្តជាទូទៅលើទឹកដីអង់គ្លេស៕
