ភ្នំពេញ៖ មេទ័ពទាំង៥រូប ដែលដាក់ពាក្យសុំលាលែងពីតំណែងជានាយរងសេនាធិការចំរុះ កងទ័ពនោះគឺ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើជើងលេខ៧០។ នាយទាហានទាំង ៥រូប នេះសុទ្ធតែបានភ្ជាប់តួនាទីមួយទៀត ជានាយរងសេនាធិការចំរុះកងទ័ព។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់ ថា ការលាលែងរបស់មេទ័ពកំពូលៗទាំងនេះ គឺជាការអនុវត្តទៅតាមច្បាប់កងទ័ព ដោយសារកាលពីពេលថ្មីៗនេះ កងពលទាំង៥ ដែលមេទ័ពទាំងនេះដឹកនាំ ត្រូវបានផ្ទេរឲ្យដាក់នៅក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលដឹកនាំដោយកូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ លោកថា តាមច្បាប់ កាលណាផ្ទេរទៅកាន់កងទ័ពជើងគោក ត្រូវដាច់ចេញពីអង្គភាពសេនាធិការចម្រុះ ដោយស្វ័យប្រវត្តិ។
មួយវិញទៀត រដ្ឋមន្ត្រីក្រសួងការពារជាតិសម្តេច ទៀ បាញ់ កាលពីថ្ងៃទី១៨ខែកញ្ញាកន្លងទៅ បានលើកឡើងពីការកែសម្រួលការងារកងទ័ព ដោយបន្ថយតួនាទីមេដឹកនាំក្នុងជួរកងទ័ពម្នាក់ ៗ ដែលមានតួនាទីច្រើនកន្លងមក ឲ្យមកនៅតិចជាងមុន។
ទោះយ៉ាងណា មេទ័ពកំពូលៗទាំង៥រូប ក៏ត្រូវបានស្នើតែងតាំងមុខងារជាមេបញ្ជាការរងកងទ័ពជើងគោកដែរ បន្ថែមពីលើតួនាទីប្រធានកងពលដែលមានស្រាប់។ នេះបើតាមលិខិតរបស់មេបញ្ជាការកងទ័ពជើងគោក ស្នើទៅនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨។ ក៏ប៉ុន្តែ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ការផ្តល់តួនាទីបន្ថែមដល់ មេទ័ពកំពូលៗ គឺគ្រាន់តែជាការលើកទឹកចិត្តប៉ុណ្ណោះ តែអ្វីដែលសំខាន់នោះ គឺតួនាទីស្នូលរបស់នាយទាហានមួយរូបៗ។
សូមបញ្ជាក់ថា ចាប់តាំងពីមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩កក្កដា រួចមក នៅក្នុងស្ថាប័នកងទ័ព ត្រូវគេកត់សម្គាល់ថាមានការកែសម្រួលជាបន្តបន្ទាប់ ក្នុងនោះមេទ័ពជំនាន់ចាស់មួយចំនួនបានចេញទៅធ្វើតំណាងរាស្ត្រ និងទៅបំពេញតួនាទីនៅក្នុងរដ្ឋាភិបាលស៊ីវិល។ អគ្គមេបញ្ជាការកងទ័ព បញ្ជាការដ្ឋានកងទ័ពជើងគោក សេនាធិការកងទ័ព ក៏ត្រូវមានការកែសម្រួលថ្នាក់ដឹកនាំផងដែរ ដែលនេះត្រូវបានក្រសួងការពារជាតិពិពណ៌នាថា ដើម្បីធ្វើឲ្យកងទ័ពកម្ពុជាមានភាពទាន់សម័យ និងទំនើបកម្ម ដូចប្រទេសដទៃ៕
