អាល្លឺម៉ង់ ប្រកាសត្រៀមខ្លួនរួចជាស្រេច សម្រាប់ការគាំទ្រកម្ពុជា ជំរុញការអភិវឌ្ឍដែលឈរលើទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាល្លឺម៉ង់ ប្រកាសត្រៀមខ្លួនរួចជាស្រេច សម្រាប់ការគាំទ្រកម្ពុជា ជំរុញការអភិវឌ្ឍដែលឈរលើទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់

20/09/2018
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់រដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ បានប្រកាសថា អាល្លឺម៉ង់ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការគាំទ្រកម្ពុជា ជំរុញការអភិវឌ្ឍដែលឈរលើទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានជួបពិភាក្សាការងារជាមួយនឹងលោក ម៉ាគើស បេនចាមីន កូដូ (Markkus Benjamin Kodo) សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់អ្នកយកព័ត៌មានថា នៅក្នុងជំនួបនេះ លោក ម៉ាគើស បានពាំនាំនូវពាក្យអបអរសាទរ អំពីលោកស្រីអធិកាបតីអាល្លឺម៉ង់ អេជេឡា ម៉ាគៀល ជូនចំពោះសម្តេចតេជោ ពាក់ព័ន្ធនឹងការបោះឆ្នោត និងការតែងតាំងជានាយករដ្ឋមន្ត្រីរបស់សម្តេច។

លោកបានគោរពជម្រាបជូនសម្តេចតេជោថា នេះគឺជាលើកទី១ហើយ ដែលលោកបានធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា។ លោកបានឮតាមព័ត៌មានល្អៗជាច្រើនអំពីកម្ពុជា ហើយនៅពេលនេះ លោកបានឃើញ និងបានជឿជាក់ច្បាស់នូវអ្វីដែលលោកបានស្តាប់ឮ ក្នុងព័ត៌មាននោះ នោះគឺជាការពិតដែលកម្ពុជាយើងបានប្រឹងប្រែង និងបានកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន ហើយក៏បានជំរុញកិច្ចការ ជាពិសេសកិច្ចការគាំពារសង្គម មើលថែទាំកម្មករ-កម្មការិនី តាមរោងចក្រជាពិសេសកម្មការិនី ដែលមានផ្ទៃពោះ។
នៅក្នុងបរិបទនេះ លោកបានសម្តែងនូវការអបអរសាទរ និងសេចក្តីរីករាយ ដែលមានក្រុមហ៊ុនធំៗយ៉ាងច្រើន ដែលមានកិត្តិស័ព្ទល្បីៗមកដំណើរការ ក្នុងប្រទេសកម្ពុជា ហើយដែលផលិតនូវសម្ភារ ជាពិសេសវាយណ្ឌភ័ណ្ឌ ដែលមានគុណភាពសម្រាប់នាំចេញទៅទីផ្សារអឺរ៉ុប។

លោកបានបញ្ជាក់សារជាថ្មីថា «អាល្លឺម៉ង់ នឹងបន្តគាំទ្រ ហើយត្រៀមខ្លួនជាស្រេច សម្រាប់ការគាំទ្រកម្ពុជា ជំរុញការអភិវឌ្ឍ ដែលឈរលើទំនាក់ទំនងដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលប្រទេសទាំងពីរអាចធ្វើទៅបាន»

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះលោកស្រី អធិកាបតី ដែលបានផ្ញើសារអបអរសាទរចំពោះលទ្ធផល នៃការបោះឆ្នោតផង និងការឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់សម្តេចផង។
សម្តេចបានមានប្រសាសន៍ថា លក្ខខណ្ឌការងាររបស់កម្មករ-កម្មការិនី គឺជាអាទិ៍ភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចបានចុះទៅជួប ប្រធានក្រុមហ៊ុន អ្នកគ្រប់គ្រងក្រុមហ៊ុន ជាពិសេសកម្មករ-កម្មការិនី ចំនួន៨០ម៉ឺននាក់ ហើយជំនួបនេះ គឺដើម្បីជំរុញការអនុវត្តកិច្ចគាំពារសង្គម ដែលក្នុងនោះរោងចក្រនីមួយៗ ចាំបាច់ត្រូវមានអាហារថ្ងៃត្រង់ សម្រាប់កម្មករ-កម្មការិនី ចាំបាច់ត្រូវមានគិលានដ្ឋាន, កន្លែងបំបៅដោះកូន, សុខភាពស្ត្រីមានផ្ទៃពោះ និងស្ត្រីក្រោយការសម្រាលកូន ដែលក្នុងនោះ នឹងត្រូវទទួលបានថវិកាចំនួន១០០ដុល្លារអាមេរិក សម្រាប់កូននីមួយៗ ហើយនឹងប្រាក់ខែ ដែលមានការឡើងជារៀងរាល់ឆ្នាំទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ គឺបន្តធ្វើការជាមួយនឹងការងារ ដែលបានធ្វើកន្លងមកហើយ ជាពិសេសទៀតនោះ គឺធ្វើយ៉ាងណាដើម្បី រក្សានូវម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ។ រយៈពេលកន្លងមកនេះ កម្ពុជាបានទទួលរងនូវទឹកជំនន់ អស់រយៈពេល៣ខែកន្លងមកហើយ ហើយនៅពេលនេះ រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ ដោះស្រាយទៅលើបញ្ហានេះ ធ្វើយ៉ាងណាកុំឲ្យប្រជាជនកម្ពុជា ដែលឆ្លងកាត់ផុតបន្ទាត់ក្រីក្រហើយ ធ្លាក់ចុះទៅក្រោមបន្ទាត់ក្រីក្រវិញពាក់ព័ន្ធនឹងមូលហេតុទឹកជំនន់នេះទេ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានផ្ញើសារលិខិតមួយជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបន្តទទួលបានជោគជ័យ ឈ្នះការបោះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិទី០៦នេះ។

ក្នុងសារលិខិតរបស់ លោកស្រី Angela Merkel បានបញ្ជាក់យ៉ាងដូច្នេះថា៖​ «ខ្ញុំសូមជូនពរសម្តេចទទួលបានជោគជ័យគ្រប់ប្រការក្នុងអាណត្តិថ្មីរបស់សម្តេច»

លោកស្រីបានបន្តថា «ប្រទេសនិងប្រជាជនយើងទាំងពីរមានទំនាក់ទំនងល្អ។ មិត្តភាពរវាងប្រទេសទាំងពីរត្រូវបានឆ្លុះបញ្ចាំង ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងគោលនយោបាយអភិវឌ្ឍន៍អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ កិច្ចសហប្រតិបត្តិការនេះបានឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងការបោះឆ្នោតដោយ សេរីនិងយុត្តិធម៌»

លោកស្រីអធិការបតី Angela Merkel បានលើកឡើងទៀតថា «ចំពោះកិច្ចការពង្រឹងប្រជាធិបតេយ្យនិងការចូលរួមតាមរយៈកិច្ចសន្ទនានយោបាយដោយបើកចំហរ នៅកម្ពុជា សម្តេចអាចពឹងផ្អែកលើអាល្លឺម៉ង់បាន។ ខ្ញុំសូមជូនពរសម្តេចទទួលបានសំណាងល្អ និងសព្វសារធុកាពរក្នុងការបំពេញកិច្ចការសំខាន់ៗ»