ជាក់ស្ដែង ជួបជាមួយនឹងការសម្ភាសន៍ផ្ទាល់ ជាមួយនឹង Khmertalking អ្នកនាង ភិន សុដាលីស បានប្រាប់ពីអារម្មណ៍ របស់ខ្លួនថា តាំងពីចូលសិល្បៈមក នាងមិនដែលត្រូវបានផលិតករ តម្រូវឲ្យនាងសម្ដែងជាតួ មានចរិតជាមនុស្សប្រុសបែបនេះទេ ប៉ុន្តែក្នុងរឿងថ្មីចុងក្រោយនេះ ស្រាប់តែអ្នកដឹងនាំសម្ដែង ឲ្យនាងសម្ដែងជាតួមានចរិតជាមនុស្សប្រុស វាយ ទាត់ធាក់ ជាពិសេសក៏ត្រូវកាត់សក់ខ្លី ឲ្យមើលទៅដូចមនុស្សបេះបិតតែម្ដង។ ចំណុចនេះ ធ្វើឲ្យនាងគិតថា វាជារសជាតិថ្មី ប្លែកមួយទៀត ក្នុងអាជីពសិល្បៈរបស់នាង ខណៈដែលនាងបានប្រឡូក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ស្រីស្រស់ ភិន សុដាលីស និយាយថា «ចា៎បង ក្នុងរឿងនេះ ខ្ញុំមានអារម្មណ៍ប្លែកច្រើន ! រឿងនេះជារសជាតិថ្មី ដែលអាចនិយាយបានថា ជាលើកទី១ ដែលខ្ញុំបានសម្ដែងជាតួឯកស្រី ប៉ុន្ដែមានចរិតប្រៀបដូចជា មនុស្សប្រុសមួយទំហឹងតែម្ដង គឺចូលចិត្តធ្វើអ្វីដែលជា អត្តចរិតរបស់មនុស្សប្រុស ដូចជាការធ្វើការងារជាដើម គឺជាការងាររបស់មនុស្សប្រុសទាំងអស់»។
ដាលីស បានបន្ថែមទៀតថា ហើយនេះក៏ជារសជាតិថ្មីមួយបែបទៀត ដែលនាងបានសម្ដែងជាមួយនឹង កញ្ញា ឌុច លីដា នៅក្នុងខ្សែភាពយន្តការប៉ះគ្នា ជាលើកដំបូងក្នុងរឿង គឺយើងទាំងពីរ ត្រូវសម្ដែងជាបងប្អូនភ្លោះនឹងគ្នា តែបែរជាមានអត្តចរិតពីរផ្សេងគ្នា ពោលគឺ នាងសម្ដែងជាតួឯកស្រីឈ្មោះ ណូឡា ដែលមានចរិតជាមនុស្សប្រុស និងកញ្ញា ឌុច លីដា សម្ដែងជាតួឯកស្រីដូចគ្នា ដែលមានឈ្មោះថា ណូលី ដែលមានចរិតជាមនុស្សស្រីពេញលក្ខណៈតែម្ដង។