លោក ដូណាល់ ត្រាំ រីករាយចំពោះ​លទ្ធផលវិជ្ជមានជាច្រើន​ក្នុងជំនួប​កំពូល នៃប្រមុខដឹកនាំ​កូរ៉េទាំងពីរ​ នៅទីក្រុងព្យុងយ៉ាង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ រីករាយចំពោះ​លទ្ធផលវិជ្ជមានជាច្រើន​ក្នុងជំនួប​កំពូល នៃប្រមុខដឹកនាំ​កូរ៉េទាំងពីរ​ នៅទីក្រុងព្យុងយ៉ាង!

19/09/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ចេញមុខសាទរ​ចំពោះសេចក្តីថ្លែងការណ៍​រួម​​នៃរដ្ឋាភិបាលកូរ៉េខាងជើង ​និង​ខាងត្បូង ដែលធ្វើឡើងក្នុងដំណើរ​ទស្សនកិច្ចរយៈពេល ០៣ថ្ងៃ របស់លោក មូន ជែអ៊ីន នៅរដ្ឋធានី​ព្យុងយ៉ាង។ នេះបើតាមការដកស្រង់​​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
នៅថ្ងៃទីពីរនៃ​កិច្ចប្រជុំ​​កំពូលអន្តរកូរ៉េ ដែលប្រព្រឹត្តទៅនៅ​ទីក្រុងព្យុងយ៉ាង រវាងប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និង​មេដឹក​នាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុង រដ្ឋាភិបាល​ប្រទេសទាំងពីរ​បានឈាន​​ដល់ការព្រមព្រៀង​ចេញ​សេចក្តីថ្លែងការណ៍​​រួម ព្រមទាំងការ​ចុះ​ហត្ថលេខាលើកិច្ច​ព្រមព្រៀងស្តីពីបញ្ហា​យោធាផងដែរ។ ដោយមិន​បង្អង់យូរ លោក ដូណាល់ ត្រាំ ដែលធ្លាប់​ជួប​​មុខ​ផ្ទាល់​ជាមួយ លោក គីម កាលពីពាក់​កណ្តាលខែមិថុនាកន្លង​ទៅនោះ ក៏បានបង្ហោះសារសម្តែង​ពីការត្រេកអរ​និងសាទរ​ភ្លាមៗ ចំពោះ​ស្ថាន​ការណ៍​​វិវឌ្ឍន៍​​យ៉ាងវិជ្ជមាន​នេះ។
នៅក្នុងសេចក្តី​ថ្លែងការណ៍រួម ទីក្រុងព្យុងយ៉ាងបានសម្រេចថា នឹងកម្ទេចកន្លែងធ្វើតេស្ត​គ្រាប់រ៉ុក្កែតរបស់ខ្លួន​នៅតំបន់ ថុញខាន់នី (Tonchkhan-ni) ចោលទាំងស្រុង រួមជាមួយរោងចក្រ​នុយក្លេអ៊ែរនៅ យ៉ុនប្យុន (Yonbyon)។ បន្ថែមពីនេះ​លោក គីម ជុងអ៊ុន បាននិយាយថា ប្រជាជាតិទាំងពីរ​​បាន​ឯកភាពគ្នា​ប្តេជ្ញាបង្កើនកិច្ច​ប្រឹងប្រែង ដើម្បីលុបបំបាត់​អាវុធនុយក្លេអ៊ែរចេញពី​ឧបទ្វីបកូរ៉េ។

សម្រាប់កិច្ចព្រមព្រៀង​យោធាវិញ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមដកកងទ័ព​រៀងៗខ្លួនចេញពីតំបន់​​ព្រំដែនគ្មានយោធា Demilitarised Zone ហើយលែងឲ្យ​មានការកាន់អាវុធ​នៅក្នុងភូមិ ផាន់ម៉ុនចុម (Panmunjom) តទៀតឡើយ ព្រមទាំងបង្កើត​តំបន់គ្មានការធ្វើសមយុទ្ធយោធា​​មួយ​ថែមទៀត​ ​ដែលលាតសន្ធឹង ៨០គីឡូម៉ែត្រ នៅលើផ្ទៃសមុទ្រ​លឿង និងសមុទ្រជប៉ុន (សមុទ្រខាងកើត) ។
ជាចុងក្រោយ ទីក្រុងសេអ៊ូល និងព្យុងយ៉ាង​ក៏បានព្រមព្រៀង​បញ្ជូនក្រុម​អត្តពលិករួមគ្នា ឲ្យទៅប្រកួត​ក្នុង​កីឡាអូឡាំពិកឆ្នាំ២០២០ និង​ដាក់សំណើរួម​ដើម្បីសុំធ្វើជាម្ចាស់ផ្ទះ​ នៃកីឡាអន្តរជាតិ​នេះនៅឆ្នាំ២០៣២ ផងដែរ។ នេះគឺភាពវិជ្ជមាន​ថ្មីៗបន្ថែមទៀត សម្រាប់ការបន្ធូរ​បន្ថយភាពតានតឹង និងបង្កើនទំនាក់ទំនង​ប្រសើរឡើងវិញ​​រវាងបងប្អូន​កូរ៉េទាំងពីរ ដែលសហគមន៍​អន្តរជាតិចង់ឃើញ​ជាយូរណាស់​មកហើយ៕