ប្រទេសភូមា៖ នៅថ្ងៃអង្គារ ទី១៨ កញ្ញា ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍មួយកម្រាស់ ៤៤៤ទំព័រស្តីពីស្ថានភាពរបស់ពលរដ្ឋរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសភូមា។ នៅក្នុងរបាយការណ៍ ក្រុមអ្នកស៊ើបអង្កេតបានស្នើឲ្យកងទ័ពភូមាដកខ្លួនចេញពីឆាកនយោបាយ និងទាមទារឲ្យមានការព្យួរជើងក្រុមមេទ័ពដែលជាប់ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍លើពួករ៉ូហ៊ីងយ៉ា ពិសេសមេបញ្ជាការកងទ័ពឧត្តមសេនីយមីន អ៊ុងឡាង។ តាមរបាយការណ៍ដដែល ក្រុមអ្នកស៊ើបអង្កេតបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលស៊ីវិលភូមាផ្តើមនីតិវីធីធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ។
ទោះបីជាភូមាស្ថិតក្រោមការកាន់កាប់របស់រដ្ឋាភិបាលស៊ីវិលតាំងពីឆ្នាំ ២០១៦ ក៏ដោយ ក៏កងទ័ពកំពុងមានឥទ្ធិពល និងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងឆាកនយោបាយភូមា។ មានក្រសួងសំខាន់ចំនួន ៣ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ព គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងទទួលបន្ទុកកិច្ចការព្រំដែន។ ចំណែកនៅក្នុងសភា អសនៈចំនួន ១ភាគ៤ ត្រូវបានប្រគល់ទៅឲ្យកងទ័ពជាស្វ័យប្រវត្តិដោយមិនបាច់ឆ្លងកាត់ការបោះឆ្នោតទេ។ ចំនួនអសនៈ ១ភាគ៤ នៅសភានេះបានអនុញ្ញាតឲ្យកងទ័ពបោះឆ្នោតប្រឆាំងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
នៅក្នុងរបាយការណ៍កម្រាស់ ៤៤៤ទំព័ររបស់ខ្លួន ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិបានទាមទារឲ្យរដ្ឋាភិបាលស៊ីវិលភូមាផ្តើមនីតិវិធីដកកងទ័ពចេញពីជីវិតនយោបាយ និងផ្តើមនីតិវិធីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ន។ ទន្ទឹមនឹងការចង់បានឲ្យកងទ័ពស្ថិតឆ្ងាយពីឆាកនយោបាយ ក្រុមអ្នកស៊ើបអង្កេតក៏បានទាមទារឲ្យមានការព្យួរជើងក្រុមមេទ័ពដែលជាប់ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញលើពលរដ្ឋរ៉ូហ៊ីងយ៉ាដែរ ពិសេសអូស ក មេបញ្ជាការកងទ័ពឧត្តមសេនីយមីន អ៊ុងឡាង រួមទាំងមន្រ្តីយោធាជាន់ខ្ពស់ចំនួន ៥រូបផ្សេងទៀតទៅកាត់ទោសក្នុងបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម។
នៅក្នុងន័យនេះ ក្រុមអ្នកស៊ើបអង្កេតបានស្នើដល់ក្រុមប្រឹក្សាសន្តិសុខឲ្យប្តឹងសំណុំរឿងមួយនេះទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ ឬមួយក៏បង្កើតឲ្យមានតុលាការពិសេសមួយ។ តាមរបាយការណ៍ ក្រុមអ្នកស៊ើបអង្កេតបានស្នើរដ្ឋអំណាចភូមាឲ្យសហការណ៍ជាមួយរដ្ឋអំណាចបង់ក្លាដែស និងកាកបាទក្រហមដើម្បីរកអត្តសញ្ញាណចំនួនមនុស្សស្លាប់ ឬបាត់ខ្លួនពិតប្រាកដ។ តួលេខផ្តល់ដោយអង្គការគ្រូពេទ្យគ្មានព្រំដែនឲ្យដឹងថា មានស្លាប់ប្រមាណ ១០ ០០០នាក់។ គួររម្លឹកថា របាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិជាលទ្ធផលបានមកពីការសួរចម្លើយលើជនរងគ្រោះ និងសាក្សីសរុបជាង ៨០០នាក់ រួមទាំងភស្តុតាងជារូបភាពបានពីផ្កាយរណប៕
