នាយករដ្ឋមន្រ្តីប្រកាសថា គ្មានការបោះឆ្នោតឡើងវិញនៅកម្ពុជាឡើយ ហើយក៏គ្មានការដកអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិនោះដែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្រ្តីប្រកាសថា គ្មានការបោះឆ្នោតឡើងវិញនៅកម្ពុជាឡើយ ហើយក៏គ្មានការដកអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិនោះដែរ

19/09/2018
(កំពង់ស្ពឺ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអះអាងថា គ្មានការបោះឆ្នោតឡើងវិញនៅកម្ពុជា ហើយក៏គ្មានការដកអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ដូចការឃោសនាអកុសលរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិនោះទេ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនី នៅខេត្តកំពង់ស្ពឺ នាព្រឹកមិញនេះ កម្ពុជានឹងត្រូវធ្វើការបោះឆ្នោត​ឃុំសង្កាត់ នៅឆ្នាំ២០២២ និងធ្វើការបោះឆ្នោត​ជ្រើសរើសតំណាងរាស្ដ្រ នៅឆ្នាំ២០២៣ ហើយក្រៅពីនេះ គឺគ្មានទាំងអស់​សូមប្រជាពលរដ្ឋកុំឲ្យមានការភ័ន្ដច្រឡំឲ្យសោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមកុំមានការភ័ន្ដច្រឡំឲ្យសោះ ហើយខ្ញុំក៏សូមបញ្ជាក់ថា ការបោះឆ្នោតនឹងត្រូវធ្វើការបោះឆ្នោត សម្រាប់ឃុំ-សង្កាត់នៅឆ្នាំ២០២២ និងធ្វើការបោះឆ្នោតសម្រាប់ជ្រើសរើសតំណាងរាស្ដ្រ នៅឆ្នាំ២០២៣ ខុសពីនេះ គឺគ្មានទេ សូមកុំរង់ចាំខ្មោចដែលវាងាប់ហើយ វាអាចរស់ឡើងវិញបាននោះ»

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា សម្ដេចនឹង​ថ្លែងសុន្ទរកថា ក្នុងសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះ ដែលសម្ដេចក៏ត្រូវជួបជាមួយបណ្ដាមេដឹកនាំប្រទេសនានា នៅក្នុងទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ហើយសម្ដេចក៏នឹងជួបអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។
ស្របពេលនេះដែរ ក៏មានការឃោសនាអកុសលមួយចំនួន ដែលចេញពីក្រុមគាំទ្រអតីតគណបក្សសង្គ្រោះជាតិថា ​អង្គការសហប្រជាជាតិ នឹងភ្ជូរអាសនៈរបស់កម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចោទជាសំណួរត្រឡប់ទៅវិញថា «តើអ្នកណាក្បាលធំ អ្នកណាថ្លើមធំនៅលើលោកនេះ ហ៊ានដកអាសនៈកម្ពុជា សូមកុំភ័ន្ដច្រឡំ»

សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតឌឺដងដល់ក្រុមអ្នកឃោសនាទាំងអស់នោះ ប្រសិនបើមេរបស់ពួកគេពូកែបោកហើយ ពួកគេដែលជាកូនចៅក៏ពូកែជឿទៀត នេះពិតជាល្ងង់មែន។

សូមបញ្ជាក់ថា CNRP ត្រូវបានតុលាការកំពូលកាត់ទោសរំលាយចោលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា គណបក្សនេះមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការក៏បានហាមឃាត់ថ្នាក់ដឹកនាំបក្សនេះចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕