រដ្ឋមន្ត្រី វង សូត លើកទឹកចិត្តឲ្យកីឡាករពិការទាំងអស់ ប្រឹងប្រែងហ្វឹកហាត់ ដើម្បីអាចឈ្នះយកមេដាយពី «កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៣» ជូនប្រទេសជាតិ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្ត្រី វង សូត លើកទឹកចិត្តឲ្យកីឡាករពិការទាំងអស់ ប្រឹងប្រែងហ្វឹកហាត់ ដើម្បីអាចឈ្នះយកមេដាយពី «កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៣» ជូនប្រទេសជាតិ

18/09/2018
(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជ​ន និងយុវនីតិសម្បទា ​បានជំរុញ និងលើកទឹកចិត្ត ឲ្យកីឡាករ- កីឡាការិនី ពិការទាំងអស់ ត្រូវប្រឹងប្រែងហ្វឹកហាត់ ដើម្បីអាចឈ្នះយកមេដាយពី «កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៣» នៅប្រទេសឥណ្ឌូនេស៊ី ជូនប្រទេសជាតិឲ្យបាន។
លោករដ្ឋមន្រ្តី រំពឹងថា បងប្អូនជនមានពិការភាពទាំងអស់ អាចធ្វើបាន ហើយនឹងជោគជ័យ នាំយកមេដាយ និងមុខមាត់ជូនជាតិកម្ពុជាបានជាក់ជាមិនខាន គ្មានអ្វីដែលបងប្អូនជនមានពិការភាព ធ្វើមិនបាននោះទេ។ លោក រដ្ឋមន្រ្តី សង្ឃឹមថា ប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូនេស៊ី នៅខែតុលាខាងមុខនេះ អត្តពលិកជនពិការកម្ពុជា នឹងឈ្នះមេដាយជាបន្តទៀត ដើម្បីនាំមកនូវកិត្តិយសជូនប្រទេសជាតិយើង។
បន្ថែមពីលើនោះ រដ្ឋមន្ត្រី វង សូត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកីឡាករ កីឡាការនីជនពិការទាំងអស់ថា ថ្វីត្បិតតែបងប្អូនកូនក្មួយពិការក៏ពិតមែន ប៉ុន្តែបងប្អូនកូនក្មួយមិនពិការខាងផ្លូវចិត្តឡើយពោលគឺ បានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ហ្វឹកហាត់ និងឈ្នះ បានមេដាយជាបន្តបន្ទាប់ នាំមកជូនប្រទេសជាតិរបស់ខ្លួននាពេលកន្លងមក។

លោក វ​ង សូត ខណៈលោកបានជួបសំណេះសំណាល ជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ត្រៀមទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៣ នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
លោក យី វាសនា អគ្គលេខាធិការគណៈគម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា កន្លងមកគណៈគម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបានមេដាយ សរុបចំនួន១៥៩គ្រឿង ក្នុងនោះ មាស២២គ្រឿង ប្រាក់៧៨គ្រឿង សំរិទ្ធ៥៩គ្រឿង។

លោក យី វាសនា បានឲ្យដឹងទៀតថា ការចូលរួមប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខនេះ គណៈគម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំ៦ប្រភេទកីឡា ក្នុងចំណោម១៧ប្រភេទកីឡាដែលបានបង្កើតរួចហើយនៅកម្ពុជា។
កីឡាចំនួន៦ប្រភេទដែលត្រៀមចូលរួមមានអត្តពលកម្ម ហែលទឹកបាលបោះ ជិះរទេះនារី បាញ់ធ្នូ វាយកូនឃ្លី លើតុ និងធែនពីនប៊ូលីង ដែលត្រូវចូលរួម ប្រកួតលើវិញ្ញាសារខុសៗចំនួន៤៦វិញ្ញាសារ។

បន្ថែមពីលើនេះ រដ្ឋមន្រ្តី វង សូត បានលើកឡើងថា បច្ចុប្បន្ននេះ ដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យប្រជាជាតិទាំងមូល ទទួលបាននូវសុខសន្តិភាពស្ថេរភាពនយោបាយ ល្អប្រសើរព្រមទាំង បានកសាងអភិវឌ្ឍប្រទេស មានការរីកចម្រើនលើគ្រប់វិស័យ។
ជាក់ស្តែង វិស័យកីឡានៅកម្ពុជា បច្ចុប្បន្នកំពុងមានការរីកចម្រើន គួរឲ្យកត់សំគាល់តាមរយៈ ការឈ្នះមេដាយនៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។ ទាំងនេះហើយបានធ្វើឲ្យកិត្តិស័ព្ទរបស់កម្ពុជាកាន់តែមានភាពល្បីល្បាញ ថែមទៀតនៅលើឆាកអន្តរជាតិ។

លោករដ្ឋមន្រ្តី បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន តែងតែបានយកចិត្តទុកដាក់ខ្លាំង ចំពោះវិស័យកីឡា ព្រមទាំងបានឧបត្ថម្ភ គាំទ្រ និង ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករ កីឡាការនី ដែលទទួលបានមេដាយជាបន្តបន្ទាប់។ រដ្ឋមន្រ្តី វង សូត បានឧបត្ថម្ភថវិកាសរុបចំនួន១០លានរៀល ដល់អត្តពលិកជនពិការកម្ពុជា ដែលត្រៀមចេញទៅ ប្រកួតអាស៊ីប៉ារ៉ាហ្គេម លើកទីបី ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ីផងដែរ៕