សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រុមហ៊ុនកាយយកដីដែលចាក់បំពេញឆ្នេរព្រែកត្រែងចេញវិញ ដើម្បីរក្សាឆ្នេរធម្មជាតិដូចដើម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រុមហ៊ុនកាយយកដីដែលចាក់បំពេញឆ្នេរព្រែកត្រែងចេញវិញ ដើម្បីរក្សាឆ្នេរធម្មជាតិដូចដើម

18/09/2018
(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយដីនោះចេញវិញភ្លាមៗ ដោយធ្វើយ៉ាងណាឱ្យឆ្នេរធម្ម​ជាតិនេះ ឱ្យនៅដូចដើម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួងរៀបចំដែនដី ដែលអង្គភាព VOB News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា នៅរសៀលថ្ងៃនេះតែម្ដង បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ចុះពិនិត្យស្ថានភាពជាក់ស្ដែង និងអាចឈានដល់ការកាយដីដែលចាក់រំលោភចូលឆ្នេរនោះចេញតែម្ដង។

សូមបញ្ជាក់ថា លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍ នៅតំបន់ឆ្នេរព្រែកត្រែង កំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដោយអនុញ្ញាតឲ្យរាល់គម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ​។
លោករដ្ឋមន្ដ្រី​ បានសង្កត់ធ្ងន់ថា ​រាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ។ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសស្ថិតក្នុងគម្រោងធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុងតែរៀបចំធ្វើផ្លូវនៅតាមតំបន់ឆ្នេរបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ដ ពីសំណាក់ភ្ញៀវទេសចរផងដែរ។​
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងបរិស្ថាន ក៏ធ្លាប់បានព្រមានចាត់វិធានការទប់​ស្កាត់​សកម្មភាព​កាប់​ទន្ទ្រាន រុករាន​យក​ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នេះផងដែរ។

អភិបាលខេត្តព្រះសីហនុ​ លោក​ យន្ត​ មីន​ ធ្លាប់បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង រហូតធ្វើឲ្យផ្ទុះការរិះគន់ពីប្រជាពលរដ្ឋនេះ មិនមែនជាក្រុមហ៊ុន របស់ចិននោះទេ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរ។
បើតាមព័ត៌មានដែលអង្គភាព Fresh News ទទួលបានផ្សេងទៀត បានឲ្យដឹងថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនរបស់ លោកស្រី ជឹង សុភាព ហៅយាយភូ៕