ប្រទេសរុស្ស៊ី៖ លោក ជីម ម៉ាទីស Jim Mattis រដ្ឋមន្រ្តីការពារជាតិអាមេរិក អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាសេដ្វាន នៅថ្ងៃចន្ទទី ១៧ កញ្ញា ២០១៨ ដើម្បីសម្តែងការគាំទ្រដំណើរការបោះឆ្នោតប្រជាមតិ ទាក់ទងនឹងការផ្លាស់ប្តូរឈ្មោះប្រទេស។ ការប្តូរឈ្មោះប្រទេស ដែលជាកត្តាចម្បង អាចនាំម៉ាសេដ្វានឱ្យចូលជាសមាជិកអង្គការអូតង់ និងសហភាពអឺរ៉ុប ទៅថ្ងៃអនាគត។ ដំណើរទស្សនកិច្ចនេះធ្វើឡើង ក្នុងពេលដែលអាមេរិកសង្ស័យថារុស្ស៊ីកំពុងធ្វើយុទ្ធនាការ ដើម្បីរារាំងកុំឲ្យម៉ាសេដ្វានប្តូរឈ្មោះនិងចូលជាសមាជិកអូតង់។
ម៉ាសេដ្វានត្រូវរៀបចំបោះឆ្នោតប្រជាមតិ នៅថ្ងៃអាទិត្យទី ៣០កញ្ញា ចុងខែនេះថាតើពួកគេព្រមប្តូរឈ្មោះប្រទេស ទៅជា សាធារណរដ្ឋម៉ាសេដ្វានខាងជើង ស្របតាមកិច្ចព្រមព្រៀងជាមួយក្រិក កាលពីខែមិថុនាដែរឬអត់។
ទទួលឯករាជ្យនៅឆ្នាំ១៩៩១ ម៉ាសេដ្វាន ឬសាធារណរដ្ឋម៉ាសេដ្វាន ដែលជាអតីតយូហ្កោស្លាវី ជាប្រទេស ដ៏តូចជាងគេមួយប្រចាំតំបន់ប៉ាល់កង់ និងមានប្រជាពលរដ្ឋសរុបជាង២,១លាននាក់ តែងរងការប្រឆាំងវេតូពីសំណាក់ប្រទេសក្រិក ជារៀងរហូត លើរាល់គ្រប់ដំណើរការសុំចូលជាសមាជិកអង្គការអូតង់ឬសមាជិកសហភាពអឺរ៉ុប។
សម្រាប់ក្រិក ការដែលប្រទេសអតីតយូហ្កោស្លាវីប្រើឈ្មោះម៉ាសេដ្វាន ឈ្មោះដូចគ្នាបេះដាក់ នឹងខេត្តភាគខាងជើងរបស់ក្រិក គឺជាការលួចអត្តសញ្ញាណបន្សល់ទុកដោយមរតកប្រវត្តិសាស្ត្រក្រិកផង និងខ្លាចប្រទេសដ៏តូចមួយនេះមានល្បិចប្រើនយោបាយវាតទីនិយមពង្រីកទឹកដីផង។
ជម្លោះ២៧ឆ្នាំរវាងក្រិកនិងប្រទេសម៉ាសេដ្វាន ត្រូវបានបិទបញ្ចប់ តាមរយៈការរកឃើញកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ នៅថ្ងៃទី ១៧ មិថុនា ២០១៨ កន្លងទៅថ្មីៗ រវាងរដ្ឋាភិបាលក្រុងអាថែន និងក្រុងស្កុបជេ ប្តូរឈ្មោះប្រទេសម៉ាសេដ្វាន-អតីតយូហ្កោស្លាវី ទៅ ម៉ាសេដ្វានខាងជើងវិញ។
សំណួរនៅក្នុងការបោះឆ្នោតប្រជាមតិ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីដំណើររឿងប្រទេសនេះ ៖ តើអ្នកព្រមចូលជាសមាជិកសហភាពអឺរ៉ុបនិងអូតង់ ដោយព្រមប្តូរឈ្មោះប្រទេស ស្របតាមកិច្ចព្រមព្រៀងរវាងសាធារណរដ្ឋម៉ាសេដ្វាន និងក្រិក ដែរឬទេ ?
ប្តូរអត្តសញ្ញាណ ដើម្បីអនាគតបើតាមរដ្ឋធម្មនុញ្ញ ប្រជាមតិនេះ ជាការសាកសួរយោបល់ បន្ទាប់មក បើប្រជាពលរដ្ឋឆ្លើយ “ព្រម” សភាត្រូវបោះឆ្នោតអនុម័តដោយសំឡេងភាគច្រើន២ភាគបី។ តែប្រជាមតិនេះជាដំណាក់កាល ដ៏ចាំបាច់មួយសម្រាប់សាធារណរដ្ឋម៉ាសេដ្វាន ក្នុងការបោះជំហានឆ្ពោះទៅរកដំណើរការចរចាចូលជាសមាជិកសហភាពអឺរ៉ុបនិងអូតង់។ អូតង់បានអញ្ជើញសាធារណរដ្ឋម៉ាសេដ្វានឱ្យចូលចរចាហើយ បើប្តូរឈ្មោះរួច។ ចំណែកការចូលជាសមាជិកសហភាពអឺរ៉ុបហាក់ដូចជានៅវែងឆ្ងាយជាង អឺរ៉ុបនឹងដាក់លក្ខខណ្ឌបើកកិច្ចចរចានៅខែមិថុនា២០១៩។
ពលរដ្ឋភាគច្រើនមានអារម្មណ៍ឈឺចាប់ ចំពោះការប្តូរឈ្មោះប្រទេស បង្ខំដោយអ្នកខាងក្រៅ។ ប៉ុន្តែបើតាមលោកនាយករដ្ឋមន្ត្រីដែលសកម្មខ្លាំងរហូតរកឃើញកិច្ចព្រមព្រៀងជាមួយក្រិក ប្រជាពលរដ្ឋប្រទេសម៉ាសេដ្វានប្រមាណ៨០% មានទំនោរចង់ក្លាយជាសមាជិកសហភាពអឺរ៉ុប និងភ្ជាប់ខ្លួនជាមួយអង្គការអូតង់។ មជ្ឈមណ្ឌលស្រាវជ្រាវគាំទ្រដោយអាមេរិក សិក្សាឃើញថាប្រជាពលរដ្ឋម៉ាសេដ្វាន ៥៧% គាំទ្រ និងឆ្លើយថា “ព្រម” ក្នុងប្រជាមតិនេះ។
លោក Zoran Zaev នាយករដ្ឋមន្ត្រីថ្មីដែលទើបឡើងកាន់តំណែងកាលពីឆ្នាំ២០១៧ បាននិងកំពុងប្រឹងឃោសនាបញ្ចុះបញ្ចូលប្រជាពលរដ្ឋឱ្យ “ព្រម” ទទួលយកការប្តូរឈ្មោះប្រទេស ដើម្បីតំរៀបប្រទេសក្នុងជួរលោកខាងលិច។ សម្រាប់លោកនាយករដ្ឋមន្ត្រី ចម្លើយថា “ព្រម” នៅក្នុងប្រជាមតិថ្ងៃទី៣០កញ្ញា គឺជាការស្ថាបនាអនាគតជាមួយអឺរ៉ុប និងសម្រាប់តំបន់បាល់កង់ ព្រមទាំងជាគំរូសម្រាប់បណ្តាប្រទេសដទៃផ្សេងទៀតលើលោក ក្នុងន័យថាបញ្ហាអត្តសញ្ញាណជាតិអាចដោះស្រាយបានតាមរយៈកិច្ចព្រមព្រៀង។
លោកនាយករដ្ឋមន្ត្រីម៉ាសេដ្វាន ពុំបានរៀបសេណារីយោបរាជ័យទេ ! លោកមិនបានគិតសោះ ថាប្រជាពលរដ្ឋ អាចនឹងបោះឆ្នោតឆ្លើយបដិសេធនឹងប្រជាមតិ ព្រោះចម្លើយ ថា “មិនព្រម” អាចមានន័យស្មើនឹង គ្មានក្តីសង្ឃឹមទាល់តែសោះ ដាក់ប្រទេសឱ្យឯកា ហើយបើកផ្លូវទៅរកទំព័រជីវិតថ្មីដែលអាចជួបអសន្តិសុខនិងអស្ថិរភាពក្នុងតំបន់បាល់កង់ខាងត្បូង ពោលគឺត្រលប់ទៅជាន់ដានចាស់ ក្នុងអតីតកាលវិញ។
រុស្ស៊ីបំពុលព័ត៌មានប៉ុន្តែទន្ទឹមគ្នានោះ ក្រុមបក្សប្រឆាំង ស្តាំជាតិនិយម បានធ្វើយុទ្ធនាការមិនទៅបោះឆ្នោត តែបានអំពាវនាវឱ្យប្រជាពលរដ្ឋសម្រេចដោយឈរលើស្មារតីទទួលខុសត្រូវរបស់ខ្លួន។ ហើយការព្រួយបារម្ភមួយទៀត គឺការលូកដៃរុស្ស៊ី។
វ៉ាស៊ីនតោន បានចោទរុស្ស៊ីដែលប្រឆាំងរាល់គ្រប់ការពង្រីកសមាជិកអូតង់ នៅតំបន់អឺរ៉ុបខាងកើត និងតំបន់បាល់កង់ ដែលធ្លាប់ជាដែនឥទ្ធិពលរបស់ខ្លួនក្នុងសម័យសហភាពសូវៀត ថា បានដឹកនាំធ្វើយុទ្ធនាការឃោសនាបំពុលព័ត៌មាន តាមប្រព័ន្ធសង្គម បញ្ចុះបញ្ចូលបណ្តាលពលរដ្ឋម៉ាសេដ្វានកុំឱ្យទៅបោះឆ្នោត។ បើតាមលោករដ្ឋមន្ត្រីការពារជាតិអាមេរិក ម៉ូស្គូបានធ្វើយុទ្ធនាការផ្សព្វផ្សាយឥទ្ធិពលរុស្ស៊ី ដូចអ្វីដែលគេធ្លាប់ធ្វើនៅតាមបណ្តាប្រទេសផ្សេងទៀត ដោយផ្តល់ហិរញ្ញវត្ថុឃោសនាដល់ក្រុមបក្សនយោបាយប្រឆាំង។
ម៉ូស្គូបានថែមទាំងផ្តល់ថវិកាដល់ម្ចាស់ឆ្នោតម៉ាសេដ្វាន ឱ្យអវត្តមានក្នុងពេលបោះឆ្នោត។ រដ្ឋាភិបាលរុស្ស៊ីបានសាកល្បងបញ្ចុះបញ្ចូលជាផ្លូវការ បន្ទាប់មកក៏ក្លាយជាបង្វិល និងការគំរាមកំហែងភ្លាម។ នេះបើតាមអ្នកទទួលខុសត្រូវអាមេរិកទទួលបន្ទុកកិច្ចការរុស្ស៊ីនិងអឺរ៉ុបខាងកើត។
ក្រោយពីបានព្រមាននិងថ្កោលទោសរុស្ស៊ីមិនឱ្យចូលលាន់ក្នុងការបោះឆ្នោតប្រជាមតិ នៅម៉ាសេដ្វាន នៅថ្ងៃនេះ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានអញ្ជើញមកដល់ក្រុងស្កុបជេ ផ្ទាល់តែម្តង ដើម្បីសម្តែងការគាំទ្ររដ្ឋាភិបាលម៉ាសេដ្វាន ចំពោះការធ្វើប្រជាមតិនេះ។ លោកក៏គ្រោងមានជំនួបជាមួយនាយករដ្ឋមន្ត្រីនិងប្រធានាធិបតីម៉ាសេដ្វាន ដែលស្និទ្ធក្រុមជាតិនិយមនិងដែលប្រឆាំងនឹងកិច្ចព្រមព្រៀងជាមួយក្រិក។
លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ក៏ដូចជាអ្នកទទួលខុសត្រូវជាន់ខ្ពស់លោកខាងលិចជាច្រើន បានធ្វើដំណើរមកកាន់សាធារណរដ្ឋម៉ាសេដ្វាន ដើម្បីគាំទ្រប្រជាមតិ។ កាលពីឆ្នាំ២០១៧ ម៉ុងតេណេហ្ក្រោ ប្រទេសដ៏តូចមួយនៅតំបន់បាល់កង់ដែរ បានក្លាយជាសមាជិកអង្គការអូតង់ហើយ បើទោះបីជារុស្ស៊ីប្រឆាំងយ៉ាងខ្លាំងក្លាក៏ដោយ៕
