ភ្នំពេញ៖ សម្តេចស ខេង ឧបនាយករដ្ឋមន្ត្ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងកាលពីថ្ងៃអាទិត្យថា ទោះបីជាមានគណបក្សសង្គ្រោះជាតិក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជារបស់លោក នៅតែឈ្នះការបោះឆ្នោតដដែល។ ប៉ុន្តែលោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានឆ្លើយតបទៅកាន់សម្តេច ស ខេង វិញ ដោយទទួចឲ្យមានការបោះឆ្នោតឡើងវិញ ដើម្បីដឹងការពិត។ ការបោះឆ្នោតឡើងវិញ គឺដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិផង។
គឺបន្ទាប់ពីការលើកឡើងរបស់សម្តេច ស ខេង កាលពីថ្ងៃអាទិត្យ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានឆ្លើយតបនៅថ្ងៃចន្ទនេះ ដោយទទូចឲ្យមានការបោះឆ្នោតឡើងវិញ ដើម្បីបញ្ជាក់ថា តើគណបក្សណាឈ្នះ។ ការបោះឆ្នោតឡើងវិញ គឺដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិផង។ នេះបើតាមលោក អេង ឆៃអ៊ាង ដែលបានសរសេរនៅលើគណនេយ្យហ្វេសប៊ុករបស់លោក នៅថ្ងៃចន្ទ ទី ១៧ កញ្ញា ជាការឆ្លើយតបទៅកាន់សម្តេចសឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្តេចស ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានប្រាប់សមាជិករបស់លោក កាលពីថ្ងៃអាទិត្យ កុំឲ្យយល់ច្រឡំ ឬ កុំគិតថា កាលដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺដោយសារតែរំលាយគណបក្សសង្គ្រោះជាតិ។ ចំពោះសម្តេច ស ខេង បើទោះជាមានគណបក្សសង្គ្រោះជាតិចូលរួមនៅការបោះឆ្នោតជាតិកាលពីខែកក្កដាកន្លងទៅនេះក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជារបស់លោក នៅតែឈ្នះឆ្នោតដដែល។
ប៉ុន្តែ សម្តេច ស ខេងបានទទួលស្គាល់ថា គណបក្សប្រជាជនកម្ពុជារបស់សម្តេច នឹងមិនអាចគ្រប់គ្រងអាសនៈទាំងអស់នៃរដ្ឋសភាជាតិទាំង១២៥ នោះទេ។ ការលើកឡើងរបស់ សម្តេច ឧបនាយករដ្ឋមន្ត្រី ស ខេង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវបានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃអាទិត្យ ពីទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅខេត្តព្រៃវែង។ ប៉ុន្តែវីដេអូនោះ ត្រូវបានដកចេញវិញ នៅថ្ងៃចន្ទនេះ។
គួរជំរាបជូនថា គណបក្សប្រជាជនកម្ពុជារបស់ សម្តេច ស ខេង បានឈ្នះអាសនៈទាំង១២៥នៃរដ្ឋសភានីតិកាលទី៦ បន្ទាប់ពីការបោះឆ្នោតជាតិ កាលពីខែកក្កដា ដោយមានគណបក្សនយោបាយចំនួន១៩ទៀតចូលរួម ប៉ុន្តែគ្មានឡើយអតីតគណបក្សសង្គ្រោះជាតិ។
អតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវបានតុលាការកំពូលរបស់ប្រទេសកម្ពុជាសម្រេចរំលាយចោល កាលពីខែវិច្ឆិកាឆ្នាំមុន តាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ អតីតគណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការច្របាច់ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី កំពុងតស៊ូមតិនៅឯក្រៅប្រទេស ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ៕
