ព្រះពុទ្ធសាសនា៖ សម្ដេចសង្ឃដាឡៃឡាម៉ា បានមានពុទ្ធដីកាកាលពីថ្ងៃសៅរ៍ទី១៥ កញ្ញា ថា ករណីបំពារបំពានផ្លូវភេទក្នុងស្ថាប័នពុទ្ធសាសនា មិនមែនជារឿងថ្មីឡើយ ព្រោះព្រះអង្គបានដឹងឮអំពីបញ្ហានេះ ចាប់តាំងពីកំឡុងឆ្នាំ១៩៩០ មកម្ល៉ោះ។ សម្រាប់សម្ដេចសង្ឃ វាដល់ពេលហើយដែលក្រុមមេដឹកនាំសាសនាទាំងអស់ពួតដៃគ្នាដោះស្រាយបញ្ហា ដែលកើតឡើងជ្រាំដែលនេះ។
សម្តេចសង្ឃរាជ ព្រះពុទ្ធសាសនា ដ៏ល្បី នៃតំបន់ខ្ពស់រាបទីបេ ដែលមាន មនុស្សរាប់លាននាក់ នៅជុំវិញពិភពលោកគោរព គឺ សម្តេចសង្ឃដាឡៃឡាម៉ា កំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសហូឡង់ ជាកន្លែងដែល ព្រះអង្គបានជួបជាមួយនឹងជនរងគ្រោះដោយការរំលោភបំពានផ្លូវភេទ ពីសំណាក់គ្រូអាចារ្យពុទ្ធសាសនា។
ក្រុមអ្នករងគ្រោះរាបសិបនាក់ បានប្រាប់ទៅសម្តេចសង្ឃដាឡៃឡាម៉ាថា ពួកគេបានជ្រកកោនក្រោមម្លប់នៃវិស័យព្រះពុទ្ធសាសនាដោយក្តីស្រលាញ់ និងការគោរពប្រតិបត្តិយ៉ាងស្មោះស្ម័គ្រ ក៏ប៉ុន្តែពួកគេបែរជាត្រូវបានជនឆ្លៀតឳកាសរំលោភបំពានទៅវិញ។
ឆ្លើយតបនឹងបញ្ហានេះ សម្តេចសង្ឃមានពុទ្ធដីកាថា អ្នកដែលប្រព្រឹត្តិអំពើរំលោភបំពានផ្លូវភេទ មិនបានខ្វល់ខ្វាយទាល់តែសោះ អំពីការប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គ ហើយពេលដែលរឿងអាស្រូវគ្រប់យ៉ាងត្រូវបានផ្សព្វផ្សាយជាសាធារណៈ វានាំមកនូវភាពអាម៉ាស់សម្រាប់អ្នកទាំងនោះ។
“នេះមិនមែនជាករណីថ្មីឡើយ រឿងបែបនេះធ្លាប់កើតឡើងរួចមកហើយតាំងពី២៥ ឆ្នាំមុន ដូចនេះហើយ ក្រុមមេដឹកនាំសាសនាទាំងឡាយ ចំាបាច់ត្រូវតែគិតគូរដោះស្រាយបញ្ហានេះឲ្យខានតែបាន”។ សម្តេចសង្ឃដាឡៃឡាម៉ា មានពុទ្ធដីកាបន្ថែម។
គួរគូសបញ្ជាក់ថា រឿងអាស្រូវផ្លូវភេទក្នុងស្ថាប័នសាសនា កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនាពេលបច្ចុប្បន្ន។ ជាក់ស្តែងថ្មីៗនេះ រឿងអាស្រូវរំលោភបំពានផ្លូវភេទ ប្រព្រឹត្តិដោយសង្ឃនិងអាចារ្យកាតូលិក កំពុងល្បីរន្ទឺ និងទទួលរងការរិះគន់យ៉ាងខ្លាំងផងដែរ នៅក្នុងប្រទេសហូងឡង់៕
