(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី១៦ ខែកញ្ញា ឆ្នាំ២០១៨កាលពីម្ស៊ិលមិញនេះ ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបឲ្យដឹងថា សម្តេចជាអ្នករៀបចំផែនការផ្ទេរការឃុំខ្លួនលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ពីពន្ធនាគារត្រពាំងផ្លុង មកឃុំខ្លួននៅក្នុងផ្ទះវិញ។
សម្តេចក្រឡាហោម បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «អញ្ចឹងរឿង កឹម សុខា ឥឡូវនេះ យើងយកមកទុកនៅនឹងផ្ទះ។ ច្បាប់យើង ច្បាប់ព្រហ្មទណ្ឌហ្នឹងណា អត់អនុញ្ញាតឲ្យឃុំខ្លួននៅផ្ទះទេ អត់មានហេ។ គេថា ឃុំខ្លួននៅក្នុងដែនដីណាមួយជាកំណត់។ អញ្ចឹងធ្វើម៉េចអាលូវ? ចន្លោះដែរ អ្នកសរសេរច្បាប់ព្រហ្មទណ្ឌហ្នឹង អត់មានឃុំខ្លួននៅផ្ទះ។ ដល់អញ្ចឹង រកវិធី ខ្ញុំថា អាលូវព្រាងឲ្យហើយទៅ ឲ្យ [ប៉ាវ ហម]ផាន យកទៅ ព្រាងឲ្យហើយ កាន់ពីហ្នឹងទៅ ទៅដល់ចរចាជាមួយនឹង កឹម សុខា ខ្លួនឯង ព្រោះ ផាន ទៅយកម៉ោ។ ដល់ហើយសរសេរម៉ង សរសេរថា ដោយបញ្ហាសន្តិសុខអីអញ្ចឹងទៅ ខ្ញុំសូមស្នើអគ្គស្នងការនគរបាលជាតិ ជួយរៀបចំការពារសន្តិសុខ សវុត្ថិភាពសម្រាប់ខ្ញុំ។ យើងយកទៅ ផាន គេយកទៅចរចា ចរចា គេឯកភាព ឯកភាព ប៉ុន្តែ យើងអត់យកអាក្រដាសវ៉ៃពុម្ពហើយទៅទេ អក្សរហើយទៅទេ អូសពីកុំព្យូទ័រទៅទេ គឺឲ្យសរសេរដៃ»។
ការថ្លែងបែបនេះរបស់សម្តេចក្រឡាហោម ស ខេង ធ្វើឡើងនៅក្នុងពិធីជួបជុំជាមួយសមាជិកគណបក្សរបស់សម្តេច នៅក្នុងខេត្តព្រៃវែងនាថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ហើយការសម្រេចនេះក៏បានធ្វើឡើងដោយមានការចរចារ និងការយល់ព្រមពីលោក កឹម សុខា ផងដែរ។
សម្តេចបានចាត់តាំងឲ្យមន្ដ្រីក្រសួងមហាផ្ទៃ ទៅចរចាជាមួយលោក កឹម សុខា ក្នុងពន្ធនាគារ និងប្រាប់ឲ្យចុះលេខាលើសេចក្ដីព្រាងលិខិតមួយ ដែលត្រូវបានដឹងថា លោក កឹម សុខា បានស្នើទៅអគ្គស្នងការនគរបាលជាតិ ឲ្យជួយការពារសន្តិសុខ និងសុវត្ថិភាពរូបលោកអំឡុងពេលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនេះ។
សូមជំរាបថា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យនៅក្រៅឃុំបណ្តោះអាសន្នដោយដឹកចេញពីពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ មកផ្ទះរបស់លោកវិញ កាលពីវេលាម៉ោង៣ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដោយបញ្ហាសុខភាព៕
