លោកស្រី អ៊ុងសាន ស៊ូជី ក្នុងពេល​រងចាំជួប​​ប្រធានាធិបតី​វៀតណាម​ នៅ​ហាណូយ ថ្ងៃទី​​១៣ ​កញ្ញា ២០១៨ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោកស្រី អ៊ុងសាន ស៊ូជី ក្នុងពេល​រងចាំជួប​​ប្រធានាធិបតី​វៀតណាម​ នៅ​ហាណូយ ថ្ងៃទី​​១៣ ​កញ្ញា ២០១៨

14/09/2018
ទីក្រុងហាណូយ៖ ថ្លែងពីទីក្រុងហាណូយ ក្នុង​ឱកាសវេទិកាសេដ្ឋកិច្ច​ពិភពលោក​​ស្តីពីអាស៊ាន លោកស្រីអ៊ុងសាន ស៊ូជី បាន​និយាយ​ការពារ​ថា ការចាប់ខ្លួន និងការកាត់ទោសពីសំណាក់តុលាការភូមា ទៅលើអ្នកកាសែតទាំងពីរនាក់ ក្នុងសំណុំរឿងរ៉ូហ៊ីងយ៉ានោះ គឺជារឿងត្រឹមត្រូវ ព្រោះភូមា ជាប្រទេសនីតិរដ្ឋ។ គួរកត់សំគាល់ថា​ នេះគឺជាប្រតិកម្មដ៏កម្របំផុត របស់លោកស្រីអ៊ុងសាន ស៊ូជី ទាក់ទិននឹងសំណុំរឿងរ៉ូហ៊ីងយ៉ានេះ។ តែយ៉ាងណាក៏ដោយ ការលើកឡើងរបស់លោកស្រីនេះ រឹងរិតតែធ្វើឲ្យមានការរិះគន់ខ្លាំងឡើង ទៅលើលោកស្រី។

បន្ទាប់ពីតុលាការក្រុងរ៉ង់ហ្គូន បានកាត់ទោសអ្នកកាសែត២នាក់ ឲ្យជាប់គុក៧ឆ្នាំ នៅថ្ងៃទី១៣កញ្ញានេះ លោកស្រីអ៊ុងសាន ស៊ូជី​ បានិយាយថា ​“អ្នកកាសែតទាំង២នាក់ ត្រូវបានកាត់ទោសនឹងជាប់ឃុំ គឺមិនមែនដោយសារគ្រាន់តែពួកគេជាអ្នកកាសែតទេ។ តែគឺដោយសារពួកគេទាំងពីរ បានបំពានច្បាប់ជាធរមាន”។ លោកស្រីបន្តថា “ភូមា ជាប្រទេស​នីតិរដ្ឋ ដែលតុលាការមានឯករាជ្យ ដូច្នេះ បើពួកគេមិនសុខចិត្ត​​ ពួកគេអាចប្តឹងទាស់ ឡើងទៅសាលាឧទ្ធរណ៍បាន។

ទាក់ទិននឹងសំណុំរឿងរ៉ូហ៊ីងយ៉ានេះ លោកស្រីអ៊ុងសាន ស៊ូជី បានមានប្រសាសន៍ទទួលស្គាល់ថា “បញ្ហានេះ គួរណាតែត្រូវបានដោះស្រាយ ជាមួយនឹងវិធានការ ដែលល្អប្រសើរជាងនេះ។

យ៉ាងណាក៏ដោយ សម្តីប៉ុន្មានម៉ាត់ ដែលលោកស្រីអ៊ុងសាន ស៊ូជី លើកឡើងថា ការចាប់ខ្លួន និងកាត់ទោសអ្នកកាសែតទាំង២នាក់ ថាជារឿងត្រឹមត្រូវនោះ ត្រូវបានគេរិះគន់ភ្លាមៗ។ តំណាងអង្គការ Human Rights Watch បានលើកឡើងថា លោកស្រីអ៊ុងសាន ស៊ូជី អួតថាភូមាជាប្រទេសនីតិរដ្ឋ តែលោកស្រីប្រហែលជាភ្លេចថា បើប្រទេសនីតិរដ្ឋ គឺតុលាការ ត្រូវតែទទួលស្គាល់ភស្តុតាងនានា ដែលគេដាក់មុខតុលាការ។

ចំណែកលោក Sean Brain តំណាងគណកម្មការអ្នកច្បាប់អន្តរជាតិ ដែលបានតាមដានសំណុំរឿងក្តីនេះ បានលើកឡើងថា សាវនាកាកាត់ទោសលើអ្នកកាសែតទាំង២នាក់ ដែលបានស៊ើបអង្កេត លើករណីសម្លាប់លើជនជាតិរ៉ូហ៊ីងយ៉ានេះ គឺជាឧទាហរណ៍ ស្តែងឲ្យឃើញ អំពីបរាជ័យនៃនីតិរដ្ឋរបស់ភូមា។

សូមបញ្ជាក់ថា ជាមួយនឹងភាពស្ងាត់ស្ងៀម របស់លោកស្រីអ៊ុងសាន ​ស៊ូជី ទាក់ទិននឹងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ានេះ លោកស្រីបានរងការរិះគន់ជាខ្លាំង រហូតដល់អ្នកខ្លះ ចាត់ទុកលោកស្រី គឺជាអ្នកនាំពាក្យរបស់កងទ័ពភូមាទៀតផង។ មេទ័ពធំៗរបស់ភូមា ត្រូវបានរបាយការណ៍របស់អង្គការសហប្រជាជាតិ ចាត់ទុក ថាបានធ្វើសកម្មភាពប្រល័យ​ពូជសាសន៍ ទៅលើសហគមជនជាតិអ៊ីស្លាមរ៉ូហ៊ីងយ៉ា។ យ៉ាងណាមិញ តុលាការព្រហ្មទណ្ឌអន្តរជាតិ បានប្រកាសទទួលស្គាល់យុត្តាធិការរបស់ខ្លួន ដើម្បីចាប់ផ្តើមសំណុំរឿងនេះ។

ដោយឡែក អាជ្ញាធរភូមា ទើបតែបានសម្រេច សុខចិត្តឲ្យមន្ត្រីរបស់អង្គការសហប្រជាជាតិ ចុះទៅធ្វើការសិក្សា ស្តីពីស្ថានភាពនិងលក្ខខណ្ឌ ដើម្បីរៀបចំឲ្យប្រជាជនរ៉ូហ៊ីងយ៉ា អាចត្រលប់ទៅភូមិស្រុកវិញ។ ការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ឲ្យត្រលប់ទៅវិញនេះ គឺជាការព្រមព្រៀងគ្នា រវាងអាជ្ញាធរបង់ក្លាដែស និងភូមា ជាច្រើនខែមកហើយ តែនៅតែមិនអាចអនុវត្តមាន ដោយប្រទេសទាំង២ចោទ បន្ទោសគ្នាទៅវិញទៅមក រីឯប្រជាជនរ៉ូហ៊ីងយ៉ា មិនព្រមត្រលប់ទៅវិញ ដរាបណាសុវត្ថិភាពអាយុជីវិតរបស់ពួកគេ មិនត្រូវបានធានាការពារ ពីអាជ្ញាធរភូមាទេនោះ៕