(រឿងរ៉ាវតារា)៖ តារាចម្រៀង G-Devith បានប្រកាសជាផ្លូវការនៅលើ Page របស់ខ្លួនថា លោកនឹងធ្វើជាតារាចម្រៀងឯករាជ្យចាប់ពីពេលនេះទៅ ដែលនេះមានន័យថា លោកបានដើរចេញពីផលិតកម្មធំជាងគេនៅស្រុកខ្មែរ គឺ ហង្សមាស ដែលលោកធ្លាប់រួមទ្រនំកន្លងមក។
ម្ចាស់បទ "រាំញីកែងជើង" បានសរសេរថា៖ "ខ្ញុំបានចាកចេញដោយជំហរជាអ្នកចម្រៀងឯករាជ្យ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារឆ្ពោះទៅកាន់បទពិសោធន៍ថ្មី ដើម្បីចែករំលែកទៅកាន់អ្នកគាំទ្រជាទីស្រលាញ់ទាំងអស់គ្នា"។
ចំពោះគូស្នេហ៍របស់លោក គឺកញ្ញា ទេព បូព្រឹក្សវិញ បានស៊ែរការប្រកាសរបស់គូស្នេហ៍អមដោយពាក្យពេចន៍ថា៖ "ពួកយើងក៏នឹងមានអ្វីថ្មីប្លែកឆាប់ៗនេះ"។ សារនេះ ធ្វើឲ្យអ្នកគាំទ្រសង្ស័យ ថាម្ចាស់បទ "My សង្សារ" ទំនងអាចដើរចេញពីហង្សមាស ដូចម្ចាស់ចិត្តរបស់ខ្លួនដែរ បន្ទាប់ពីបទចម្រៀង "Trap Queen” ត្រូវបានគេឃើញបង្ហោះចូលក្នុង Channel YouTube របស់ G-Devith។ លើសពីនេះ កន្លងមក តារារូបនេះធ្លាប់បង្ហោះសារម្ដងរួចហើយថា មិនអាចទ្រាំបានទៀតទេ ព្រោះមួយឆ្នាំចេញបទចម្រៀងឲ្យបាងតែមួយបែបនេះ។
ទោះយ៉ាងណា គេនៅមិនទាន់ច្បាស់ថា កញ្ញា បូព្រឹក្ស គ្រោងនឹងដើរចេញពីហង្សមាសឬយ៉ាងណានោះទេ ៕
