សម្ដេច​​ក្រឡាហោម ស ខេង៖ ​បក្សណា​ដែលចង់ប្ដូរប្រធាន​ ត្រូវតែធ្វើសមាជ ឬមហាសន្និបាត មិនមែន​ផ្ញើត្រឹម​លិខិតមកក្រសួងមហាផ្ទៃនោះទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេច​​ក្រឡាហោម ស ខេង៖ ​បក្សណា​ដែលចង់ប្ដូរប្រធាន​ ត្រូវតែធ្វើសមាជ ឬមហាសន្និបាត មិនមែន​ផ្ញើត្រឹម​លិខិតមកក្រសួងមហាផ្ទៃនោះទេ

12/09/2018
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១​៨នេះ បានប្រកាសថា ចំពោះគណបក្សណាដែលចង់ផ្លាស់ប្ដូរប្រធាន ត្រូវតែធ្វើសមាជ ឬមហាសន្និបាត ដើម្បីស្របទៅច្បាប់ដែលបានកំណត់ មិនមែនផ្ញើត្រឹមលិខិតមកក្រសួងមហាផ្ទៃតែមួយមុខនោះទេ។

​ក្នុងពិធីប្រកាសចូលកាន់តំណែងមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងនាយនគរបាលជាន់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ​ប្រសិនបើគណបក្ស​មួយ​មិនបានធ្វើសមាជ ឬមហាសន្និបាត ដើម្បីបោះឆ្នោតផ្លាស់ប្ដូរប្រធានគណបក្ស​ថ្មីនោះទេ គេមិនមែនហៅថាផ្លាស់ប្ដូរស្របតាមផ្លូវច្បាប់ឡើយ ពោលគេហៅថា ការធ្វើបក្សប្រហារ។

ការថ្លែងរបស់សម្ដេចក្រឡាហោម ស ខេង បើទោះបីស្ថិតក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ​នោះ ក៏គេអាចសន្និដ្ឋានបានថា ខ្លឹមសាររបស់សម្ដេច ចង់សំដៅទៅលើគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលបានស្នើ​តែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី ហើយត្រូវបានក្រសួងមហាផ្ទៃ មិនទទួលស្គាល់ឡើយ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ឧបមាថា កាលណាចង់ដូរប្រធានបក្ស ត្រូវតែមានសមាជ ឬមហាសន្និបាត ហើយមហាសន្និបាតធ្វើរបៀបមិច អ្នកណាកោះហៅ ឬបោះឆ្នោតលើកដៃ ឬបោះឆ្នោតជាសំងាត់។ ប៉ុន្ដែដល់ពេលគាត់ធ្វើ គាត់មិនធ្វើចឹង គាត់ចេញក្រដាសមួយ ដូរប្រធានបក្ស។ នេះគេហៅថាធ្វើបក្សប្រហារហើយ [...] ដែលថ្មីៗនេះមានគណបក្សមួយធ្វើចឹង រហូតមានអ្នកមិនសុខចិត្តស្រែកមកក្រសួងមហាផ្ទៃ ឲ្យជួយមើល»

​សូមជម្រាបថា ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បានផ្ញើលិខិតទៅសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយមិនទទួលស្គាល់បុត្រាច្បងសម្តេចក្រុមព្រះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិចនោះទេ ហើយស្នើអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ។

​សម្តេចក្រុមព្រះនរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងសម្រាកព្យាបាលសុខភាព នៅក្រៅប្រទេស កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ បានសេចក្តីសម្រេចមួយ តែងតាំងបុត្ររបស់ព្រះអង្គ១រូប គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច។

​សម្ដេច ស ខេង បានពន្យល់ពីពាក្យគ្រប់គ្រងនេះថា មិនដូចការគ្រប់គ្រងអង្គភាពណាមួយនោះទេ ពោលក្រសួងមហាផ្ទៃ គ្រាន់តែទទួលការពិនិត្យតាមសំណើរ របស់គ្រប់បណ្ដាគណបក្សនយោបាយ ដើម្បីឲ្យស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ស្ដីពីគណបក្សនយោបាយ,​ ច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល និងស្របតាមច្បាប់បទដ្ឋានដទៃផ្សេងទៀត ដែលកំពុងតែមានជាធរមាន នៅក្នុងប្រទេសកម្ពុជា៕​