សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ាន អញ្ជើញដាំដើមឈើលក្ខណៈមិត្តភាព នៅទីក្រុងណាននីង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ាន អញ្ជើញដាំដើមឈើលក្ខណៈមិត្តភាព នៅទីក្រុងណាននីង

12/09/2018
(ណាននីង, ក្វាងស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន ព្រមទាំងអនុប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា និងគណៈប្រតិភូ នៃប្រទេសពិព័រណ៌ចិន-អាស៊ាន នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញក្នុងពិធីដាំដើមឈើជាមិត្តភាព នៅក្នុងរមណីយដ្ឋានលីយ័ន ក្រុងណាននីង តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលជាផ្ទះសំណាក់រដ្ឋ របស់តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី។
មេដឹកនាំនៃប្រទេសអាស៊ាន​-ចិន បានចាត់ទុកការដាំដើមឈើនេះ គឺជានិម្មិតរូប នៃការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងអាស៊ាន​-ចិន ក៏ដូចជា ការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងតំបន់ស្វយ័តជនជាតិ ជ័ងក្វាងស៊ីទាំងមូលផងដែរ។ នៅក្នុងរាត្រីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនា ពិព័រណ៌វប្បធម៌ចិន-អាស៊ាន ដែលស្ថិតក្នុងសួនកម្សាន្ត​ Fantawild Asian Legend ក្នុងទីក្រុងណាននីង នៃតំបន់ស្វយ័ត ជនជាតិជ័ងក្វាងស៊ី។
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូទាំងអស់ បានទស្សនាយ៉ាងយកចិត្តទុកដាក់នូវរចនាបទនៃសួនកំសាន្ត Fantawild Asian Legend។ ក្នុងនោះអ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញបំផុតនោះ គឺការរៀបចំតុបតែងនូវក្បូរក្បាច់រចនាមហាប្រាសាទអង្គវត្ត របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺគោលបំណងនៃការការបង្កើតសួនកំសាន្តនេះ គឺដើម្បីបង្ហាញពីអរិយធម៌​ និងទំនៀមទម្លាប់ ប្រពៃណីសាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន​ និងប្រទេសចិន។
នៅក្នុងពិធីនោះដែរ សម្តេចតេជោ ហ៊ុន​ សែន​ និងគណៈប្រតិភូ បានអញ្ជើញទស្សនានូវផ្ទាំងឯកសារគំនូរជីវចល 3D មានរយៈពេល១៣នាទី ស្តីពីសកម្មភាព នៃការកសាងអាណាចក្រអង្គរ របស់កម្ពុជា ដែលរៀបចំសម្រិតសម្រាំង យ៉ាងល្អឥតខ្ចោះ ពីអ្នកដឹកនាំរឿងរបស់ប្រទេសចិន។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកថា នោះគឺជាស្នាដៃសិល្បៈថ្មីមួយទៀត ដែលបង្ហាញឲ្យឃើញ ពីការចាប់អារម្មណ៍ពីសំណាក់មនុស្សជំនាន់ក្រោយ ពិសេសការសិក្សាស្រាវជ្រាវទៅនឹងប្រវត្តិនៃការ កសាងអាណាចក្រអង្គរដ៏ល្បីល្បាញរបស់កម្ពុជា។
សូមជម្រាបថា សួនកម្សាន្ត Fantawild Asian Legend នេះទើបនឹងកសាងថ្មី។ បន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រណ៌ចិន-អាស៊ាន សួននេះនឹងបើកឲ្យប្រជាជនចិន ក៏ដូចជា ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលទស្សនាកំសាន្ត ព្រោះថា ទីនេះមានភាពទាក់ទាញខ្លាំងណាស់ សម្រាប់ប្រជាជនចិន និងភ្ញៀវទេសចរណ៍អន្តរជាតិនានា ដែលទៅកំសាន្តប្រទេសចិន ពិសេសតំបន់ស្វយ័តជនជាតិ ជ័ងក្វាងស៊ីនេះតែម្តង៕