សម្តេចតេជោ ហ៊ុន សែន ប្រាប់វិនិយោគិនចិនឲ្យចាប់យកការវិនិយោគនៅកម្ពុជា ព្រោះមានសក្តានុពលខ្ពស់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ប្រាប់វិនិយោគិនចិនឲ្យចាប់យកការវិនិយោគនៅកម្ពុជា ព្រោះមានសក្តានុពលខ្ពស់

11/09/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងជំរុញឲ្យវិនិយោគិនចិនមកពីក្រុមហ៊ុនធំៗសម្លឹងចាប់យកការវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រោះថាកម្ពុជាកំពុងមានសក្តាជាច្រើនសម្រាប់ធ្វើការវិនិយោគ។
ការថ្លែងអូសទាញអ្នកវិនិយោគចិនឲ្យមកវិនិយោគនៅកម្ពុជានេះ បានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ។

នៅមុនពេលសម្តេចឡើងថ្លែងបង្ហាញពីសក្តានុពលនៃកាវិនិយោគនៅក្នុងប្រទេសកម្ពុជានោះ តំណាងក្រុមហ៊ុនវិនិយោគរបស់ចិន បានធ្វើបទបង្ហាញពីសកម្មភាពវិនិយោគរបស់នៅក្នុងប្រទេសកម្ពុជា មានដូចជា ការវិនិយោគសាងសង់តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ វិនិយោគថាមពលវារីអគ្គិសនី ការកសាងស្ពាន ថ្នល់ ធនាគារ អចលនទ្រព្យ និងការវិនិយោគលើវិស័យសំខាន់ជាច្រើនទៀត។
តំណាងក្រុមហ៊ុនទាំងនោះ ក៏បានចោទសួរសំណួរមួយចំនួនពាក់ព័ន្ធឱកាសនៃការវិនិយោគ ក៏ដូចជាកិច្ចសម្របសម្រួលនានាពីរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៦ ដែលដឹកនាំដោយសម្តេចផ្ទាល់ នឹងបន្តជំរុញលើកទឹកចិត្ត និងគាំពារខ្ពស់ចំពោះអ្នកវិនិយោគទុនបរទេសទាំងអស់ ក្នុងនោះរាប់ទាំងអ្នកវិនិយោគចិនដែលមានវត្តមាននៅកម្ពុជា និងអ្នកដែលមានគម្រោងទៅវិនិយោគក្នុងប្រទេសកម្ពុជានាអនាគតផងដែរ។
ក្រៅពីការអះអាងគាំពារសម្រាប់អ្នកវិនិយោគរបស់ចិននៅកម្ពុជាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញពីសក្តានុពល និងឱកាសជាច្រើនទៀត សម្រាប់ចាប់យកការវិនិយោគនៅកម្ពុជាផងដែរ។

នៅចំពោះមុខអ្នកវិនិយោគធំៗរបស់ចិន សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថាក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ គឺប្រមាណ ៧,៦% ចន្លោះឆ្នាំ ១៩៩៤-២០១៥ ដែលជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿននៅលើពិភពលោក។ នៅឆ្នាំ២០១៧ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាទទួលបាន ៧% ហើយរំពឹងថា កំណើតសេដ្ឋកិច្ចនឹងខ្ពស់ជាង ៧% នៅឆ្នាំ ២០១៨ នេះ។
សម្តេចតេជោ ហ៊ុន សែន បន្តថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា កម្ពុជានៅតែបន្តធានាឲ្យបាននូវស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរសម្រាប់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនពីប្រទេសចិន។ ដោយឡែកពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥,៨ ប៊ីលានដុល្លារអាមេរិក តាមស្ថិតិឆ្នាំ២០១៧ គឺកើនឡើងប្រមាណ២២% ធៀបនឹងឆ្នាំកន្លងទៅ។

សម្រាប់ការវិនិយោគពីប្រទេសចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ រយៈពេលបីឆ្នាំកន្លងទៅនេះ ដោយបានកើនឡើងពីប្រមាណ ៩០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៦ ដល់ ១,៦ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៧ និងក្នុងរយៈពេល ៧ខែដើមឆ្នាំ២០១៨នេះ បានកើនដល់ ២,៨ ប៊ីលានដុល្លារអាមេរិក។ អ្នកទេសចរចិនទៅទស្សនាកម្ពុជាវិញ បានកើនឡើងដល់ ១,៣លាននាក់ ហើយមានក្រុមហ៊ុនអាកាសចរណ៏ចិនចំនួន ១៦ក្រុមហ៊ុនកំពុងប្រតិបត្តិការហោះហើរត្រង់ពីចិនទៅកម្ពុជា។ លើសពីនេះទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ក្រុមហ៊ុនអាកាសចរណ៍ AirChina នឹងបើកជើងហោះហើរត្រង់ពីប៉េកាំងទៅភ្នំពេញ ដោយចាប់ផ្តើមនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្តថា កម្ពុជាមានសក្តានុពលវិនិយោគធំៗ លើវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល ដូចជាវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ឧស្សាហកម្ម, ឧស្សាហកម្មនាំចេញ រ៉ែ និងថាមពល,ទេសចរណ៍ និងវិស័យហិរញ្ញវត្ថុជាដើម។
វិស័យអាទិភាព និងប្រកបដោយសក្តានុពលទាំងនេះ នៅមិនទាន់មានការអភិវឌ្ឍ ពេញលេញនៅឡើយ ដោយរង់ចាំការវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិន និងសហគ្រិនពីប្រទេសចិន។ ជាមួយនឹងបរិបទតំបន់ដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងបន្តកំណើនសេដ្ឋកិច្ចខ្ពស់រាជរដ្ឋាភិបាលតែងតែបុរេសកម្មក្នុងការកែទម្រង់, ការរៀបចំ និងការដាក់ចេញនូវផែនការ, គោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាលវិនិយោគ, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន ជាពិសេសធ្វើយ៉ាងណាជំរុញឲ្យភាពប្រកួតប្រជែងរបស់កម្ពុជាកាន់តែល្អប្រសើរឡើង៕