ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «មហាកណ្ឋាភណ្ឌឯករាជជាតិព្រះរាជាណាចក្រកម្ពុជា» ជូនសពលោកបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ជាកិច្ចបច្ឆាមរណៈ ដើម្បីជាកិច្ចតបគុណដ៏ធំធេងជូនលោកវេជ្ជបណ្ឌិត Beat Richner ដែលមានមកលើកុមារកម្ពុជា ។
សូមបញ្ជាក់ថា៖ គ្រឿងឥស្សរិយយស កណ្ឋាភណ្ឌឯករាជជាតិ ព្រះរាជាណាចក្រកម្ពុជា ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតសម្រាប់ព្រះមហាក្សត្រទ្រង់គ្រង និងព្រះរាជទានដល់ប្រមុខដឹកនាំរដ្ឋបណ្តាលប្រទេសផ្សេងៗ ៕
