(ភ្នំពេញ)៖ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលគេស្គាល់ថា ជាខ្សែប្រយុទ្ធលំដាប់អន្តរជាតិរបស់ជប៉ុន Keisuke Honda នោះ បានសម្រេចជ្រើសរើសយកខ្សែបម្រើប្រយុទ្ធជើងចាស់ គួច សុកុម្ភៈ ឲ្យធ្វើជាប្រធានក្រុម ពេលក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃចន្ទស្អែកនេះ។
នៅក្នុងសន្និសីទកាសែត កាសែត ស្តីការប្រកួតមិត្តភាពអន្តរជាតិនេះ នៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យនេះ Keisuke Honda បានធ្វើការសរសើរទៅដល់ គួច សុកុម្ភៈ ថា ជាកីឡាករដែលមានបទពិសោធល្អម្នាក់ ដែលស័ក្តិសម ធ្វើជាប្រធានក្រុមជម្រើសជាតិកម្ពុជា។
ខ្សែប្រយុទ្ធ ដែលទើបចុះកុងត្រាលេងឲ្យក្លិប Melbourne Victory របស់អូស្ត្រាលីរូបនេះ បាននិយាយថា៖ «ពួកយើងមានកីឡាករល្អៗមួយចំនួន ក៏ដូចជាកីឡាករមានបទពិសោធផងដែរ ប៉ុន្តែ គួច សុកុម្ភៈ ជាកីឡាករល្អម្នាក់ មានបទពិសោធល្អ ដែលស័ក្តិសមធ្វើជាប្រធានក្រុមជម្រើសជាតិកម្ពុជា»។
