តំណាងអង្គទូតចំនួន២២ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៥ បានចូលរួមកិច្ចប្រជុំសភាលើកដំបូង ក្នុងអាណត្តិថ្មី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តំណាងអង្គទូតចំនួន២២ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៥ បានចូលរួមកិច្ចប្រជុំសភាលើកដំបូង ក្នុងអាណត្តិថ្មី

05/09/2018
(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំសភាលើកដំបូងក្នុងអាណត្តិថ្មី ដែលធ្វើឡើងតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ មានតំណាងអង្គទូត២២ប្រទេស និងតំណាងអង្គការអន្តរជាតិធំៗចំនួន៥ ដែលភាគច្រើនក្រោមស្លាកអង្គការសហប្រជាជាតិ បានចូលរួមសាក្សីតាមការអញ្ជើញរបស់ភាគីកម្ពុជា ខណៈដែលស្ថានទូត៩ផ្សេងទៀតមិនបានចូលរួមឡើយ។

តំណាងអង្គទូតដែលចូលរួមភាគច្រើននៅតំបន់អាស៊ី ខណៈប្រទេសមួយចំនួននៅលោកខាងលិច ដូចជាអូស្រ្តាលី ស៊ុយអែត ប៊ុលហ្គារី អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ និង ប្រទេសអង់គ្លេស ពុំបានចូលរួម និងឆ្លើយតបចំពោះការអញ្ជើញនោះទេ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា កម្ពុជា បានអញ្ជើញស្ថានទូតចំនួន៣១ នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំសភាលើកដំបូង នៅក្នុងអាណត្តិថ្មីនេះ ប៉ុន្តែមានតែស្ថានទូត២២ប្រទេសទេ ដែលបានចូលរួម ខណៈ៩ទៀត មិនបានឆ្លើយតបនឹងការអញ្ជើញនេះឡើយ។
អ្នកនាំពាក្យរដ្ឋសភា មិនទាន់ដឹងអំពីមូលហេតុ ដែលតំណាងប្រទេសទាំងនោះមិនចូលរួមនៅឡើយទេ។បានសម្តែងនូវការសោកស្តាយចំពោះការអវត្តមានរបស់តំណាងអង្គទូតទាំងនោះ។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «យើងមានការសោកស្តាយដែរ ព្រោះកម្ពុជាចង់ទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសទាំងអស់ ហើយកម្ពុជាបានខិតខំអនុវត្ត និងអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យតាំងពីឆ្នាំ១៩៩៣មក ប៉ុន្តែការខិតខំរបស់យើងមានការលំបាក និងឧបសគ្គជាច្រើនតាមផ្លូវនេះ»

លោកបានបន្តទៀតថា «លោកខាងលិចវាយតម្លៃមិនបានត្រឹមត្រូវទេ ចំពោះសភាពការណ៍នៅកម្ពុជា បើសិនជាពួកគេចង់ឱ្យកម្ពុជាដូចលោកខាងលិច គឺថាមិនអាចធ្វើបានភ្លាមៗទេ ព្រោះថាកម្ពុជា មិនមែនមានប្រពៃណីដូចលោកខាងលិចទេ អញ្ជឹងយើងខិតខំអនុវត្តលទ្ធិប្រជាធិបតេយ្យបានប៉ុណ្ណឹង គួរតែអបអរសាទរហើយ»

ដោយឡែក សម្រាប់អង្គការអន្តរជាតិ មានអង្គការធំៗចំនួន៥ ក្នុងចំណោម១១ បានមកចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងនោះមាន អង្គការ UNDP ខុនរ៉ាតរបស់អាល្លឺម៉ង់ UNFPA យូនីសេហ្វ និង អង្គការពាណិជ្ជកម្មពិភពលោកជាដើម។
សូមជម្រាបថា បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេលជាង១ខែក្រោយពេលបោះឆ្នោតនោះ រដ្ឋសភានីតិកាលថ្មី បានលេចចេញជារូបរាងនៅព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ហើយក៏ជាថ្ងៃដែលបានឃើញវត្តមានតំណាងរាស្ត្រទាំង១២៥រូប មកពីគណបក្សប្រជាជនកម្ពុជា ដែលនឹងធ្វើការបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងអាណត្តិទី៦ រយៈពេល៥ឆ្នាំផងដែរ។

ដូចបណ្តាអាណត្តិកន្លងទៅដែរដោយអនុលោមតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ការបើកសម័យប្រជុំលើកដំបូងនីតិកាលថ្មីនៃរដ្ឋសភានៅថ្ងៃទី០៥ ខែកញ្ញានេះ ធ្វើឡើងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី។ ក្រៅពីសមាសភាពតំណាងរាស្ត្រទាំង១២៥រូប ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។
ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងថ្ងៃនេះ ចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ ចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពលោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។

លុះនៅពេលរសៀលតំណាងរាស្ត្រទាំង១២៥រូប ចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រខ្មែរមុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។ ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ៕