យោងតាមសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Pompeo និង លោក Cavusoglu បានយល់ស្របថា ការវាយប្រហារណាមួយ ពីសំណាក់កងទ័ពរដ្ឋាភិបាលស៊ីរី នៅខេត្ត Idlib នឹងក្លាយជាទង្វើដែលទាំងអាមេរិក និងតួកគី ពុំអាចទទួលយកបាននោះឡើយ ហើយទង្វើបែបនេះក៏អាចចាត់ទុកថា ជាការបង្កើនភាពតានតឹងនៃជម្លោះ ឲ្យកាន់តែខ្លាំងថែមទៀតផងដែរ។
គួរជម្រាបថា កាលពីដើមសប្តាហ៍នេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានរុស្ស៊ីនិងអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងដាម៉ាស់ មិនឲ្យចូលរួមក្នុងការវាយប្រហារនោះឡើយ បើមិនចង់ស្តាយក្រោយចំពោះកំហុសរបស់ខ្លួន ដោយសារតែមនុស្សរាប់ម៉ឺននាក់អាចនឹងបាត់បង់ជីវិត។ ជាការឆ្លើយតប វិមានក្រឹមឡាំងបានលើកឡើងថា ការព្រមានរបស់លោក ត្រាំ មិនឲ្យស៊ីរីវាយប្រហារខេត្តដែលកាន់កាប់ដោយក្រុមឧទ្ទាមនេះ គឺជាការមិនខ្វាយខ្វល់អំពីគ្រោះថ្នាក់ ដែលបង្កឡើងដោយក្រុមភេរវករនៅទីនោះ។
ចាប់តាំងពីដើមឆ្នាំនេះមក ក្រុមឧទ្ទាមស៊ីរីត្រូវបានកងកម្លាំងរដ្ឋាភិបាល វាយបណ្តេញចេញពីតំបន់សំខាន់ៗក្នុងរដ្ឋធានីដាម៉ាស់ ព្រមទាំងខេត្ត ហូមស៍ (Homs) ភាគកណ្តាល និងតំបន់ភាគខាងត្បូង ហើយនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កងទ័ពស៊ីរី បាននិងកំពុងតែប្រមូលកម្លាំងទៅដាក់ពង្រាយនៅជុំវិញខេត្ត Idlib ខណៈសមរភូមិកម្ចាត់ក្រុមឧទ្ទាមដ៏ធំចុងក្រោយនៅស៊ីរី ត្រូវគេរំពឹងថានឹងផ្ទុះឡើងនាពេលឆាប់ៗខាងមុខ៕