សម្តេចតេជោ ហ៊ុន សែន៖ សាលីត អ៊ូមើត-ខាន់ ចេសា មិនបានធ្វើឲ្យការរង់ចាំរបស់សម្តេច និងជាតិខ្មែរទាំងមូលខកបំណងឡើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ សាលីត អ៊ូមើត-ខាន់ ចេសា មិនបានធ្វើឲ្យការរង់ចាំរបស់សម្តេច និងជាតិខ្មែរទាំងមូលខកបំណងឡើយ

04/09/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរដល់កីឡាករតំណាងឱ្យកម្ពុជា២រូប ដែលបាននាំយកមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ី Asian Games 2018 នៅប្រទេសឥណ្ឌូនេស៊ី ជូនប្រទេសកម្ពុជានាពេលនេះ។ សម្តេចបានចាត់ទុកថា សាលីត អ៊ូមើត និង ខាន់ ចេសា ម្ចាស់មេដាយមាសទាំងពីររូបនេះ មិនបានធ្វើឲ្យការរង់ចាំរបស់សម្តេច និងជាតិខ្មែរទាំងមូលខកបំណងឡើយ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចទទួលស្វាគមន៍ដោយផ្ទាល់ចំពោះដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជាត្រឡប់ពីការប្រកួតកីឡាអាស៊ី Asian Games 2018 លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ជាមួយការស្ពាយមកនូវកិត្តិយសដ៏ធំធេងសម្រាប់ជាតិមាតុភូមិ មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររយៈពេល៦៤ឆ្នាំមកហើយនោះ។ ការទទួលស្វាគមន៍ដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កញ្ញា ស៊ន សៀវម៉ី, លោក សាលីត អ៊ូមើត និងកញ្ញា ខាន់ ចេសា បានបំបែកប្រវត្តិសាស្ត្រថ្មីបន្ទាប់ពីបានរង់ចាំអស់រយៈពេលជាង៦០ឆ្នាំ។ សម្តេចបន្តថា មិនមែននរណាក៏ចេះតែឲ្យគេសរសេរប្រវត្តិរបស់ខ្លួនបាននោះឡើយ ពោលវាស្ថិតនៅលើខ្លួនឯងផ្ទាល់តែម្តង។ ដូចជាកញ្ញា ស៊ន សៀវម៉ី លោក សាម៉ីត អ៊ូមើត និងកញ្ញា ខាន់ ចេសា ជាដើម ពួកគេបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ពួកគេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៦៤ឆ្នាំទម្រាំដណ្តើមបានមេដាយមាសនេះ គឺជាជោគជ័យខ្លាំងណាស់សម្រាប់កម្ពុជា។ សម្តេចតេជោ បន្តថា ជនបរទេសទាំងឡាយ ដែលបានជួយបណ្តុះបណ្តាលហ្វឹកហាត់កីឡាករ-កីឡាការិនី ដណ្តើមមេដាយមាសពីកីឡាអាស៊ីនេះ គឺជាការនាំមកនូវមោទនភាពជាតិកម្ពុជាទាំងមូល។ សម្តេចតេជោ បន្ថែមថា បើទោះបីកម្ពុជាដណ្តើមមេដាយពីកីឡាអាស៊ី និងកីឡាក្នុងតំបន់ដទៃទៀត ប៉ុន្តែកីឡាអូឡាំពិកកម្ពុជាមិនទាន់ដណ្តើមបាននៅឡើយទេ។
គួរបញ្ជាក់ថា យុទ្ធនាការប្រកួតកីឡាអាស៊ីហ្គេមលើកទី១៨ ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានបញ្ជូនកីឡា១៣ប្រភេទទៅចូលរួម ខណៈលទ្ធផលកម្ពុជាដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១ និងសំរឹទ្ធ១ និងកីឡាជឺជិតស៊ូ ដណ្ដើមបានដោយកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាស១។
ចំពោះប្រាក់រង្វាន់ជ័យលាភីអត្តពលិកដណ្ដើមបានមេដាយកីឡាអាស៊ី Asian Games នេះ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មេដាយមាសទទួលបាន ៨០លានរៀល, មេដាយប្រាក់ ទទួលបាន ៤០លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ២៤លានរៀល ដែលជាប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល។ លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចជាគោលការណ៍ ដើម្បីលើកទឹកចិត្តបន្ថែម ដល់អត្តពលិកដណ្ដើមបានជ័យលាភីជូនជាតិផងដែរ ដោយមេដាយមាស សម្ដេចឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារ, មេដាយប្រាក់ ៥ពាន់ដុល្លារ និងមេដាយសំរឹទ្ធ ៣ពាន់ដុល្លារទៀតផង៕