ប្រទេសថៃ៖ កម្ពស់ទឹកសមុទ្ទឡើង ទឹកហូរច្រោះដីមាត់ច្រាំង ការអភិវឌ្ឍន៍នគរូបនីយកម្មក្រុងដ៏លឿនរហ័ស … អាចជាដើមហេតុរុញច្រានក្រុងបាងកក ផុងបាក់និងលិចទឹក អស់មួយភាគ នៅឆ្នាំ២០៣០។ សេចក្តីសន្និដ្ឋានបែបនេះ ត្រូវបានផ្សព្វផ្សាយឡើង ក្នុងខណៈដែលបាងកក ត្រូវទទួលរៀបចំជំនួបប្រជុំត្រៀម សន្និសីទអង្គការសហប្រជាជាតិ COP២៤ ពីថ្ងៃទី ៤ដល់ថ្ងៃទី៩កញ្ញាសប្តាហ៍នេះ។
ស្ថិតនៅកម្ពស់១,៥ម៉ែត្រ ទាបជាងកំរិតទឹកសមុទ្ទ បាងកក រដ្ឋធានីដែលមានប្រជាជនរស់នៅយ៉ាងច្រើនកកកុញ ដល់ទៅជាង១០លាននាក់ ស្រកកម្ពស់ពី១ទៅ២សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ ហើយអាចរងហានិភ័យជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរខ្លាំង នៅក្នុងអនាគតដ៏ខ្លីខាងមុខ។ នេះបើតាមប្រសាសន៍របស់លោកតារា បួកាមស្រ៊ី Tara Buakamsriនាយកអង្គការGreenpeaceថៃ។នៅក្នុងគ្រោះទឹកជំនន់ឆ្នាំ២០១១ មួយភាគប្រាំនៃក្រុងបាងកកត្រូវលង់លិច។
តំបន់ជុំវិញក្រុងរងគ្រោះខ្លាំងជាងគេ។ សង្កាត់ពាណិជ្ជកម្មអាចរួចខ្លួន ដោយសារតែលើកទំនប់ទប់ទាន់។ នៅថ្ងៃអនាគត សេណារីយោទឹកជំនន់លិចបាងកក នឹងកើតមានជាញឹកញាប់ ដោយជិត៤០%នៃក្រុង នឹងត្រូវលិចតែម្តង ចាប់ពីឆ្នាំ២០៣០ទៅ។ នេះបើតាមការព្យាករណ៍របស់ធនាគារកណ្តាលពិភពលោក ដែលចាត់ទុកបាងកកនិងហ្សាការតា ជាក្រុងរងការគំរាមកំហែងជាងគេប្រចាំតំបន់អាស៊ី ពីការផ្លាស់ប្តូរអាកាសធាតុ។
មូលហេតុបឋមមកពី បាងកកកំពុងរងគ្រោះពីការអភិវឌ្ឍន៍ខ្លាំងគួរឱ្យព្រួយបារម្ភ ៖ សំណង់អាគារខ្ពស់ៗកប់ពពក បន្តដុះលូតរាល់ថ្ងៃ។ ប្រព័ន្ធប្រលាយទឹកដ៏ឆ្វាត់ឆ្វែងដែលធ្វើឱ្យបាងកកជាប់ឈ្មោះជាក្រុងវីនីតំបន់បូព៌ា និងដែលជាប្រព័ន្ធបង្ហូរទឹកធម្មជាតិ ត្រូវបានលុបធ្វើជាបណ្តាញផ្លូវថ្នល់ អស់មួយភាគធំ។
ការជីកអណ្តូងបូមទឹករាប់លានម៉ែត្រគូបក្នុងមួយឆ្នាំៗ រយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ បានធ្វើឱ្យស្រទាន់ដីចុះស្តើង។ភាគខាងជើងរងការគំរាមកំហែងពីទឹកជំនន់ម៉ូសុង ប៉ែកខាងត្បូងរដ្ឋធានី ជាឆ្នេររាប់គីឡូម៉ែត្រ ក៏កំពុងរងគ្រោះការបាក់ច្រោះដី។ ជាងនេះទៅទៀត ក្រុងបាងកកជាជនរងគ្រោះផ្ទាល់នៃការប្រែប្រួលអាកាសធាតុ ៖ កម្ពស់ទឹកក្នុងឈូងសមុទ្ទថៃ បានឡើងជាមធ្យម៤មីល្លីម៉ែត្រក្នុងមួយឆ្នាំ ពោលគឺខ្ពស់ជាងមធ្យមភាគពិភពលោកច្រើន៕
