សម្ដេចតេជោ ហ៊ុន សែន៖ អ្នករួចទោសប៉ុន្មានថ្ងៃនេះមានពីរប្រភេទ គឺរួចដោយសារព្រះមហាក្សត្រលើកលែងទោស និងដោយសារសាលក្រមផុតរលត់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន៖ អ្នករួចទោសប៉ុន្មានថ្ងៃនេះមានពីរប្រភេទ គឺរួចដោយសារព្រះមហាក្សត្រលើកលែងទោស និងដោយសារសាលក្រមផុតរលត់

29/08/2018
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អ្នករួចទោសនាពេលប៉ុន្មានថ្ងៃមកនេះ គឺមានពីរប្រភេទ ដែលអ្នកមួយចំនួនរួចទោសដោយសារ ការលើកលែងទោសពីព្រះមហាក្សត្រ ហើយអ្នកខ្លះរួចទោសដោយសារសាលក្រមផុតរលត់ ប៉ុន្តែអ្នករួចទោសដោយសាររលត់សាលក្រមនេះ ត្រូវសងសំណងជំងឺចិត្តឱ្យបានគ្រប់ចំនួន បើមិនដូច្នេះទេអាចនឹងត្រូវជាប់ពន្ធនាគារសាជាថ្មី។

នាយករដ្ឋមន្ត្រីដ៏មានសណ្ដានចិត្ត ដែលបានថ្វាយសំណើទូលព្រះករុណាជីវិតតម្កល់លើត្បូង សុំប្រោសព្រះរាជទានលើកលែងដល់អតីតទណ្ឌិតទាំងនោះ បានពន្យល់ថា ការរួចទោសដោយសារការលើកលែងទោសពីសំណាក់ព្រះមហាក្សត្រ ច្បាប់មិនតម្រូវឱ្យសងលុយឡើយ ប៉ុន្តែអ្នករួចទោសដោយសារសាលក្រមផុតរលត់ ច្បាប់បានតម្រូវឱ្យសង សំណងជំងឺចិត្តឱ្យបានគ្រប់ចំនួន ទើបរួចទោសជាស្ថាពរ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺន៤ពាន់នាក់ មកពីរោងចក្រ-សហគ្រាសចំនួន៦ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។
សម្ដេចនាយករដ្ឋមន្ត្រីបានឱ្យដឹងថា អ្នកដែលបានរួចទោសទណ្ឌ និងត្រូវបានដោះលែងជាបន្តបន្ទាប់កន្លងទៅនោះ មានពីរប្រភេទ៖

* ប្រភេទទី១៖ ពួកគេបានធ្វើលិខិតស្នើសុំមកសម្ដេច ដោយបានទទួលស្គាល់នូវទោសកំហុសរបស់ខ្លួន ដូចជាលោក អ៊ុ សំអាន បានទទួលស្គាល់កំហុសទៅលើ បញ្ហាទាក់ទងនឹងផែនទី ដែលជាបទល្មើសរបស់គាត់, លោក មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំងមួយចំនួនទៀត ក៏បានផ្ដិតមេដៃទទួលស្គាល់ថា អ្វីដែលពួកគេបានធ្វើនៅទីលានប្រជាធិបតេយ្យ គឺជាការខុស។ ក្រៅពីនេះមានលោកស្រី ទេព វន្នី និងសកម្មជនបឹកកក់ប៉ុន្មាននាក់ទៀត។

* ប្រភេទទី២៖ រួចទោសដោយសារសាលក្រមផុតរលត់ ប៉ុន្តែបើតាមច្បាប់ បុគ្គលប្រភេទនេះត្រូវសងសំណងជំងឺចិត្តឱ្យដើមចោទគ្រប់ចំនួន ទើបរួចទោសទណ្ឌទាំងអស់ បើមិនដូច្នោះទេអាចនឹងជាប់ពន្ធនាគារសាជាថ្មី។

ចំពោះលិខិតទទួលស្គាល់កំហុស និងសុំសម្ដេចនាយករដ្ឋមន្ត្រី ថ្វាយសំណើព្រះមហាក្សត្រឱ្យលើកលែងទោសរបស់អ្នកមួយចំនួន ដូចជាលោក អ៊ុ សំអាន លោក មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំង១៣នាក់ លោកស្រី ទេព វន្នី ម្ដាយលោកស្រី បងប្អូនលោកស្រី និងសកម្មជនបឹកកក់ប៉ុន្មាននាក់ទៀត ដែលបានដាក់ជូនសម្ដេចតេជោ កាលពីពេលកន្លងទៅនោះ សម្ដេចបានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ មានវិទ្យុ ទូរទស្សន៍ Facebook Youtube ក៏ដូចជាបណ្ដាញដទៃទៀត ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ។

លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងសុំលើកលែងទោសទ្រង់ទ្រាយធំនៅតែធ្វើដដែល ពិសេសនៅពេលបុណ្យភ្ជុំបិណ្ឌ ព្រះរាជពិធីបុណ្យអុំទូក ទិវាបុណ្យឯករាជ្យជាតិ និងពេលខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហាថា ហេតុបានជាសម្ដេចតេជោ ហ៊ុន សែន លើកលែងទោសឱ្យអតីតទណ្ឌិតទាំងនោះ? សម្ដេចបានសង្កត់ធ្ងន់ថា «ជនរួមជាតិរបស់យើង ពេលណាដែលយើងអាច ធ្វើទៅបាន យើងគួរតែធ្វើ បងប្អូនទាំងនេះបានទទួលស្គាល់កំហុស ហើយគេក៏បានទទួលទោសទណ្ឌមួយចំនួនរួចទៅហើយដែរ ហ្ចឹងការលើកលែងទោសនេះក៏ជាហេតុផលមួយ ដើម្បីសម្រួលឱ្យបងប្អូនស្ថិតនៅក្នុងបរិយាកាសនៃសាមគ្គីភាព នៅក្នុងចំណោមជាតិសាសន៍របស់យើង ប៉ុន្តែគេមិនត្រូវនិយាយពីបញ្ហាការគៀបសង្កត់នោះទេ ហ្ចឹងបានខ្ញុំតម្រូវឱ្យមានការផ្សព្វផ្សាយនូវលិខិតទាំងនោះដោយទូលំទូលាយបំផុត ទាំងបណ្ដាញវិទ្យុ ទូរទស្សន៍ ទាំងបង្ហោះតាម Youtube បង្ហោះតាម Facebook ឬអ្វីផ្សេងទៀតគ្រប់ប្រព័ន្ធទាំងអស់ ព្រោះកន្លងទៅឃើញតាមតែ Fresh News មួយទេ»