លោក អ៊ុំ សំអាន ត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស តាមសំណើនាយករដ្ឋមន្រ្តី​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក អ៊ុំ សំអាន ត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស តាមសំណើនាយករដ្ឋមន្រ្តី​

25/08/2018
(ភ្នំពេញ)៖ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ  សំអាន ត្រូវបានដោះលែងចេញពីពន្ធគារឲ្យមានសេរីភាពវិញហើយ​ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីខាងពន្ធគារ ទទួលបានដីកាបង្គាប់ឲ្យដោះលែងពីសាលាដំបូងរាជធានីភ្នំពេញ។
ការសម្រេចដោះលែង លោក អ៊ុំ  សំអាន បានធ្វើឡើងបន្ទាប់ពី​ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់លើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។​
ព្រះរាជក្រឹត្យត្រាស់បង្គាប់៖ មាត្រា១៖ «ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ អ៊ុំ សំអាន ភេទប្រុស អាយុ៤០ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើងតាមអំណាចសាលដីកាលេខ ៥៤ ចុះថ្ងៃទី០៩ ខែ០២ ឆ្នាំ២០១៨ របស់តុលាការកំពូល»
ដីការបស់តុលាការបានបញ្ជាក់ថា «តាមអំណាចព្រះរាជក្រឹត្យខាងលើ ឈ្មោះ អ៊ុំ សំអាន កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៦ ត្រូវបានលើកលែងទោស» គប្បីធ្វើការដោះលែងឲ្យមានសេរីភាពវិញ។

​គួរ​បញ្ជាក់​ថា​​ លោក អ៊ុំ  សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។
លោក អ៊ុ សំអាន ត្រូវបានតុលាការចេញដីកាចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ (លេខ៥៤) សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួន ពីរបទល្មើសគឺបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» (បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទ «ញុះញង់ឱ្យ​មានការរើសអើង» តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមរយៈការសរសេរ និងអត្ថាធិប្បាយ ចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។ លោកត្រូវបានតុលាការសម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ដើម្បីអនុវត្តទោស៕