(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ នៅក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃទី២៣ សីហា ដោយទូរទស្សន៍ FOX NEWS អះអាងថា ទីផ្សារនឹងច្របូកច្របល់រលំរលាយ ប្រសិនបើរូបលោកត្រូវដកចេញពីតំណែង។
លោកត្រាំពោលបែបនេះពេលមានព្យុះភ្លៀងតុលាការនៅមាត់ទ្វារសេតវិមាន ខណៈលោកត្រាំបានភ្ជាប់វាសនារបស់លោកទៅនឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ក្នុងបទសម្ភាសន៍នោះលោកត្រាំនិយាយថា ប្រសិនបើរូបខ្ញុំត្រូវដកចេញពីតំណែង ខ្ញុំគិតថាទីផ្សារនឹងដួលរលំហើយមនុស្សម្នាក់ៗកាន់តែក្រទៅ។
ការដកហូតតំណែងប្រធានាធិបតីអាមេរិកនៅតែពិបាកទៅរួច ព្រះពួកសាធារណរដ្ឋមានសំឡេងភាគច្រើនក្នុងសភា ប៉ុន្តែគំនិតនេះក្លាយជាបច្ចុប្បន្នភាព ចាប់តាំងពីអតីតមេធាវីផ្ទាល់ខ្លួនរបស់លោកត្រាំ គឺលោក MICHAEL COHEN អះអាងជាមួយការស្បថស្បែកាលពីថ្ងៃទី២១ សីហាថា បានទិញទឹកចិត្តស្រីស្នេហ៍លោកត្រាំ២នាក់តាមសំណើរបស់លោក ឲ្យបិទមាត់ដើម្បីចៀសវាងកុំឲ្យប៉ះពាល់ដល់យុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីកាលពីឆ្នាំ២០១៦ ដែលលោកជាអ្នកឈ្នះ។
លោក MICHAEL COHEN ទទួលការចោទប្រកាន់ពីបទរំលោភបំពានច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការបោះឆ្នោតនោះ បានទទួលសារភាពពីរឿងនោះ ដោយរូបលោកអាចនាំមករួមសហការជាមួយរដ្ឋអាជ្ញាពិសេសលោក ROBERT MUELLER ទទួលបន្ទុកស៊ើបអង្កេតលើរឿងទាក់ទិននឹងរុស្ស៊ីក្នុងរឿងបោះឆ្នោត។
លោកត្រាំបន្តថា ខ្ញុំពុំដឹងដែរ តើគេអាចដកហូតតំណែងនរណាម្នាក់ដែលខំធ្វើការយ៉ាងខ្លាំងបែបណាទៅ? លោកត្រាំតែងលើកជារឿយៗពីសុខភាពល្អនៃសេដ្ឋកិច្ចរបស់ប្រទេសលោក ព្រមទាំងពីលំនឹងនៃទីផ្សារភាគហ៊ុន ដោយសារមួយផ្នែកមកពីការកែទម្រង់ពន្ធដារបស់លោក។
យោងតាមពួកអ្នកឯកទេសថា ការអះអាងរបស់លោកត្រាំដែលទាក់ទិនទៅនឹងសុខភាពទីផ្សារចំពោះការដកតំណែងលោក ជាយថាហេតុវាហាក់គ្រាន់តែជាការកម្លាចមួយប៉ុណ្ណោះ។ លោក SAM STOVALL ជាអ្នកពូកែខាងយុទ្ធសាស្ត្រវិនិយោគ ព្រមទាំងជាអ្នកចេះដឹងច្រើនខាងទីផ្សារនិយាយថា ខ្ញុំពុំយល់ថា ការដកហូតតំណែងលោកត្រាំមានផលប៉ះពាល់ខ្លាំងបែបនេះទេ ប៉ុន្តែតម្លៃភាគហ៊ុនទាក់ទិនទៅនឹងលទ្ធផលទាំងឡាយរបស់បណ្ដាសហគ្រាស។ លោកបន្តថា ក្នុងករណីដកហូតតំណែងពីលោកត្រាំ អនុប្រធានាធិបតីលោកMIKE PENCE ដែលនឹងជំនួសតំណែងលោកត្រាំ អាចហៅលោកថាជាត្រាំគ្មានសារTWITTER៕