ប្រធានាធិបតីហ្វីលីពីន ឌូតឺតេ ថាមិនទិញយន្តហោះចម្បាំង F-16 ឡើយ ក្រោយរងការប្រមាថពីអាមេរិក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីហ្វីលីពីន ឌូតឺតេ ថាមិនទិញយន្តហោះចម្បាំង F-16 ឡើយ ក្រោយរងការប្រមាថពីអាមេរិក

25/08/2018
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបន្ទោស​សហរដ្ឋអាមេរិក សម្រាប់ព្យាយាមរារាំងការធ្វើទំនើប​កម្ម​យោធា​និងសម្រាប់ការរិះគន់​លើយុទ្ធនាការបង្រ្កាបគ្រឿង​ញៀន នៅក្នុងប្រទេស​របស់លោក ហើយ​នាពេលនេះលោក បានបញ្ជាក់ថានឹង​មិន​ទិញយន្ត​ហោះចម្បាំង F-16 ពីអាមេរិកឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃ​សុក្រ ទី​២៤ ខែសីហា ឆ្នាំ២០១៨។
​លោក ឌូតឺតេ បានចាត់ទុកសំណើរបស់​ប្រមុខការពារជាតិ ព្រមទាំងមន្រ្តីអាមេរិកកំពូលៗ ដែលចង់ឲ្យ​លោកទិញយន្តហោះចម្បាំង​ F-16 ថាជារឿងឥត​ប្រយោជន៍សុទ្ធសាធ ព្រោះថាប្រទេសរបស់លោក ត្រូវការយន្តហោះធុនស្រាលជាងនេះ ដើម្បីប្រយុទ្ធជាមួយ​ក្រុម​ឧទ្ទាមបះបោរ។ ការលើកឡើង​របស់លោកប្រធានាធិបតីហ្វីលីពីនេះ គឺចង់សំដៅទៅលើលិខិតដែលលោកទទួលបាន ពី​​រដ្ឋមន្រ្តីការពារ​ជាតិអាមេរិក លោក ជែម ម៉ាទីស, រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុប៉េអូ, និង​រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក វាលបឺ រូស។
បន្ថែមពីនេះ លោក ឌូតឺតេ បានលើកឡើងបែបចំអកយ៉ាងដូច្នេះថា «វាពិតជាពិបាកខ្លាំងណាស់ សម្រាប់ឲ្យអ្នកនិយាយថាពួកយើងគឺជា​​មិត្ត​។ យើងគឺជាមិត្តនឹងគ្នាមែន ប៉ុន្តែចូរចាំថា​យើងជាមិត្ត គឺដោយសារតែអ្នកបានដាក់យើងជាអាណានិគម កាលពីសម័យមុន។ វាមិន​មែនជាចំណងមិត្តភាព ដែលបានព្រមព្រៀងគ្នាឡើយ»។
គួរជម្រាបថា ​​នាពេលកន្លងមកនេះ ទីក្រុងវ៉ាស៊ីន បានបដិសេធមិនប្រគល់​កាំភ្លើង​ប្រមាណ២៣​,០០០ដើម មកឲ្យ​កម្លាំងប៉ូលិស​ហ្វីលីពីន​ឡើយ បន្ទាប់ពី​មន្រ្តីអាមេរិកមួយចំនួន បានបង្ហាញក្តីព្រួយបារម្ភ ជុំវិញយុទ្ធនាការប្រឆាំងគ្រឿង​ញៀនខុសច្បាប់របស់​​​ទីក្រុងម៉ានីល។ ​ជាមួយគ្នានេះ ​ទីក្រុងវ៉ាស៊ីនតោន ក៏បានព្រមានរដ្ឋាភិបាលទីក្រុងម៉ានីល កុំឲ្យ​ទិញ​បរិក្ខាយោធាទំនើបៗ​ពី​រុស្ស៊ីថែមទៀតផង៕​